(ហ្សាការតា)៖ យន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានបើកបុកទៅនឹងបង្គោលមួយ នៅឯអាកាសយាន្តដ្ឋាន Fatmawati ស្ថិតក្នុងទីក្រុង Bengkulu ឥណ្ឌូនេស៊ី នៅថ្ងៃពុធ ខណៈកំពុងត្រៀមហោះហើរឡើង ឆ្ពោះទៅកាន់ទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយឲ្យដឹង នៅយប់ថ្ងៃទី៧ ខែវិច្ឆិកានេះ។
ហេតុការណ៍បុកនេះ បានបណ្តាលឱ្យស្លាបខាងឆ្វេងយន្តហោះ ដាច់បាក់បែក ព្រមទាំងបានបណ្តាលឱ្យ ជើងហោះហើរដែលពាក់ព័ន្ធ ធ្វើការពន្យារពេលផងដែរ។ ដោយបញ្ជាក់ប្រាប់ទៅកាន់ភ្នាក់ងារសារព័ត៌មាន ក្រុមហ៊ុន Lion Air បានឱ្យដឹងថា យន្តហោះមួយគ្រឿងផ្សេងទៀត ត្រូវបានបញ្ជូនទៅ ដើម្បីដឹកជញ្ជូនជំនួស ក្រុមអ្នកធ្វើដំណើរចំនួន១៤៣នាក់ នៃជើងហោះហើរ JT633 របស់ក្រុមហ៊ុន Lion Air ឆ្ពោះទៅកាន់ទីក្រុង Jakarta។
គួរជម្រាបថា៖ ហេតុការណ៏នេះ បានកើតឡើង ស្របពេលដែល ក្រុមអាជ្ញាធរ បាននឹងកំពុងបន្ត ការស្វែងរកសាកសព នៃក្រុមអ្នកធ្វើដំណើរ លើយន្តហោះ Lion Air ជើងហោះហើរ JT610 ដែលបានធ្លាក់ ចូលទៅក្នុងទឹកសមុទ្រ ខណៈធ្វើដំណើរចេញពីទីក្រុង Jakarta ឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang កាលពីថ្ងៃទី២៩ ខែតុលាកន្លងទៅ ហើយគ្មានអ្នកណាម្នាក់ នៃមនុស្សទាំង១៨៩នាក់ ដែលជិះនៅលើយន្តហោះនោះ នៅរស់រានមានជីវិតនោះទេ។ របាយការណ៍ដំបូង ស្តីពីមូលហេតុពិតប្រាកដ ដែលបណ្តាលឱ្យឧបត្តិហេតុ ធ្លាក់យន្តហោះនេះកើតឡើង ត្រូវបានគេរំពឹងថា នឹងបង្ហាញនៅចុងខែវិច្ឆិកានេះ៕