ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ចង់​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​រួមមួយ!!! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ហេតុអ្វីបានជា​ប្រធានាធិបតី​បារាំង​ចង់​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​រួមមួយ!!!

07/11/2018
ប្រទេសបារាំង៖ ទាហាន​បារាំង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​រៀបចំ​ដោយ​អាមេរិក នៅ ក្នុង​ប្រទេស​អាល្លឺម៉ង់នៅ​ខែ​មីនា ២០១៨ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​បង្កើត​កងទ័ព​អឺរ៉ុប ដើម្បី ឲ្យ​អឺរ៉ុប​អាច​ការពារ​ខ្លួនឯង។ លោក​ម៉ាក្រុង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍ ដែល​វិទ្យុបារាំង អឺរ៉ុប​អាង (Europe 1) បាន​ចាក់ផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ នៅក្នុង​ឱកាស​ដែល​បារាំង​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប ១០០​ឆ្នាំ។

 នៃ​សង្រ្គាម​លោក​លើកទី១។ ការអំពាវនាវ​របស់​ប្រធានាធិបតី​បារាំង ដែល​ចង់​ឲ្យ​អឺរ៉ុប​មាន​កងទ័ព​ផ្ទាល់​ខ្លួន ធ្វើឡើង ផងដែរ នៅក្រោយ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​គម្រោង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​តាមពិត​ធ្លាប់​បាន​ជួយ រដ្ឋធានី អឺរ៉ុប ឲ្យ​រួចផុត​ពី​គ្រាប់មីស៊ីល​របស់​សហភាព​សូវៀត ក្នុង​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់។

“យើង​នឹង​មិន​អាច​ការពារ​ប្រជាជន​អឺរ៉ុប​បានទេ ដរាបណា​យើង​មិន​សម្រេចចិត្ត​បង្កើត​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​ពិតប្រាកដមួយ។ ប្រឈម​ទៅ​នឹង​រុស្ស៊ី ដែល​នៅ​ជិតខាង អឺរ៉ុប និង​ដែល​មិន​រអែង​នឹង​បង្ហាញ​ការគំរាមកំហែង យើង​ចង់​បាន​អឺរ៉ុប​មួយ ដែល​អាច​ការពារ​ដោយ​ខ្លួនឯង”។ នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​ត្រូវ​បាន​ចាក់ផ្សាយ នៅវិទ្យុបារាំង​នៅថ្ងៃនេះ។

តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំ ២០១៧ លោក​ម៉ាក្រុង បាន​ជំរុញ ជាច្រើនលើក​ឲ្យ​មាន​ការបង្កើត​កងកម្លាំង​យោធា​អឺរ៉ុប។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង លោក​ម៉ាក្រុង បាន​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ឲ្យ​មាន​ការបង្កើត​កងទ័ព​អឺរ៉ុប ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក ទៅលើ​អាមេរិក ផង និង​ដើម្បី បញ្ជាក់​ពី​អធិបតេយ្យភាព​របស់​អឺរ៉ុប​ផង។

“នៅពេល​ដែល ខ្ញុំ​លឺ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ប្រកាសថា គាត់​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ដែល​ហាមឃាត់​អាវុធ នុយក្លេអ៊ែរ និង​បង្កើតឡើង​នៅក្រោយ​វិបត្តិ​មីស៊ីល​នៅ​អឺរ៉ុប តើអ្នកណា​ជាជន​រងគ្រោះ? គឺ​អឺរ៉ុប ហើយ​និង​សន្តិសុខ​របស់​អឺរ៉ុប​នេះឯង។” លោក​ម៉ាក្រុង​បាន​និយាយ​យ៉ាងដូច្នេះ មុន​នឹង​បន្ថែមថា សន្តិភាព​នៅ​អឺរ៉ុប គឺ​លែង​ទៀងទាត់​ទៀតហើយ។

សូមអាន៖ អ្នកណា​នឹង​រងគ្រោះ នៅពេល​អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពីអាវុធ​នុយក្លេអ៊ែរ?

សម្រាប់​ប្រធានាធិបតី​បារាំង ដែលមិន​និយាយ​ចំៗ​ដល់​ប្រទេស​រុស្ស៊ី ការប៉ុនប៉ង ឈ្លានពាន ​វាយប្រហារ​ទៅលើ​បណ្តាញ​អ៊ីនធ័រនែត ដើម្បី​លូកដៃ កកូកកាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​គឺ​ជា​ឧទាហរណ៍​ស្រាប់។

ប្រទេស​បារាំង ក្រោម​អាណត្តិ​របស់​លោក​ម៉ាក្រុង បាន​ផ្តួចផ្តើម បង្កើត កងកម្លាំង​រួម ដែល​មាន​ការចូលរួម​ពី​ប្រទេស​អឺរ៉ុប​ចំនួន ៩ ដើម្បី បើក​បេសកកម្ម យោធា ដូចជា​រំដោះ​មនុស្ស​ចេញពី​តំបន់​សង្រ្គាម ឬ​ផ្តល់ជំនួយ នៅក្នុង​ករណី​មាន​គ្រោះមហន្តរាយ​ជាដើម។

នៅ​ឆ្នាំមុន ក្នុង​គោលដៅ កាត់បន្ថយ​ការពឹងផ្អែក​ទៅ​លើ​ជំនួយ​យោធា អាមេរិក អឺរ៉ុប​បាន​សម្រេច​បង្កើត​មូលនិធិ​រាប់ពាន់​លាន​អឺរ៉ូ​សម្រាប់​វិស័យ​ការពារ​អឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រទេស​នៅ​អឺរ៉ុប​នៅ​តែ​មិន​អាច​ស្រុះស្រួល​គ្នា ដើម្បី បង្កើត​ឲ្យ​ចេញ​ជា​កងទ័ព​អឺរ៉ុប​រួម​នោះទេ។ អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​មួយចំនួន ដែល​ស្ថិតនៅ​ក្បែរព្រំដែន​ជាមួយ​រុស្ស៊ី មិនគាំទ្រ​គំនិត បង្កើត​កងកម្លាំង​អឺរ៉ុប ព្រោះ​គេ​នៅឃើញ​សារៈសំខាន់​របស់​កងទ័ព​អូតង់ ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី ការពារ​សន្តិសុខ​របស់​ប្រទេស​នៅ​អឺរ៉ុប។

 ទល់​នឹង​ការឈ្លានពាន​ពី​រុស្ស៊ី។ អ្នកជំនាញ​វាយតម្លៃថា កងទ័ព​អឺរ៉ុប​មិនអាច​លេច​ចេញ​ជា​រូបរាងបាន ​ដោយសារ​តែ​មាន​ការជំទាស់​ពី​អាមេរិក។ អាមេរិក របស់​លោកដូណាល់ ត្រាំ ដែល​ជា​ក្បាលម៉ាស៊ីន ដឹកនាំ​អង្គការ​អូតង់ ធ្លាប់​បាន​រិះគន់ និង​ដាក់​សម្ពាធ ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប បង្កើន​ការបង់​វិភាគទាន ក្នុង​កេសថវិកា​អូតង់៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)