ប្រទេសចិន៖ គំរូស្ថានីយ៍យានអវកាសចិន នៅក្នុងពិព័រណ៌យន្តហោះនៅខេត្តក្វាងទុងប្រទេសចិន នៅថ្ងៃទី ៦វិច្ឆិកា ២០១៨ប្រទេសចិន នៅថ្ងៃអង្គារទី ៦វិច្ឆិកា បានបញ្ចេញឲ្យគេឃើញ គំរូស្ថានីយ៍យានអវកាស ដែលចិនគ្រោងនឹងបង្ហោះដាក់ឲ្យដំណើរការ នៅឆ្នាំ ២០២២។ យានអវកាសរបស់ចិន ដែលជានិមិត្តរូបនៃមហិច្ឆតារបស់ចិន នៅក្នុងទីអវកាស មានគោលដៅ ទៅជំនួសកន្លែងរបស់ស្ថានីយ៍យានអវកាសរបស់អន្តរជាតិ ISS ដែលដឹកនាំដោយអាមេរិក និងដែលត្រូវបញ្ចប់បេសកកម្ម របស់ខ្លួន នៅឆ្នាំ ២០២៤។
គំរូ ស្ថានីយ៍យាន អវកាសរបស់ចិន ត្រូវបានដាក់តាំងបង្ហាញ នៅ ក្នុងពិព័រណ៌យន្តហោះ ដែលចាប់បើកទ្វារ តាំងពីថ្ងៃចន្ទម្សិលមិញ នៅទីក្រុង Zhuhai ក្នុងខេត្តក្វាងទុង។ ស្ថានីយ៍យានអវកាសរបស់ចិន ដែលមានឈ្មោះថា Tiangong ឬ វិមានសួគ៍ មានកន្លែងស្នាក់នៅ និងកន្លែងធ្វើការពិសោធន៍វិទ្យាសាស្រ្ត។ វាអាចដាក់មនុស្សឲ្យរស់នៅជាអចិន្ត្រៃយ៍ចំនួន ៣នាក់ និងមានសមត្ថភាព ផ្ទុកទំងន់រហូតដល់ទៅ ៦០តោន។ ស្ថានីយ៍យានអវកាសរបស់ចិន ដែលបំពាក់ដោយផ្ទាំងស្រូបកំដៅព្រះអាទិត្យ អាចមានជីវិតដំណើរការក្នុងទីអវកាសរយៈពេល ១៥ឆ្នាំ។ នេះបើតាមបណ្ឌិតសភា ចិនខាងផ្នែកបច្ចេកវិទ្យាអវកាស ដែលជាអ្នកកសាង ស្ថានីយ៍យានអវកាស វិមានសួគ៍។
តាមគម្រោងរបស់រដ្ឋាភិបាលចិន ការស្ថាបនាស្ថានីយ៍យានអវកាស ដែលមានមនុស្សរស់នៅ នឹងចាប់ផ្តើមពីឆ្នាំ ២០២០ មុននឹងស្ថានីយ៍យានអវកាសទាំងមូល អាចដាក់ឲ្យដំណើរការជាផ្លូវការ នៅឆ្នាំ ២០២២។ គេអាចនិយាយបានថា នៅឆ្នាំ ២០២៤ ស្ថានីយ៍យានអវកាសរបស់ចិន នឹងក្លាយជាស្ថានីយ៍តែមួយគត់ ក្នុងលោក ដែលនៅដំណើរការនៅក្នុងទីអវកាស ព្រោះថា ទីភ្នាក់ងារណាសា របស់អាមេរិកបានប្រកាសរួចហើយថា នឹងបិទបញ្ចប់បេសកកម្មរបស់ស្ថានីយ៍យានអវកាសអន្តរជាតិ ISS ដែលមានការចូលរួមពីជប៉ុន រុស្ស៊ី កាណាដា និងអឺរ៉ុប នៅអំឡុងឆ្នាំ ២០២៤។ ស្ថានីយ៍យានអវកាសរបស់ចិននឹងទៅជំនួសកន្លែងរបស់ស្ថានីយ៍យានអវកាសអន្តរជាតិ ប៉ុន្តែ ជាមួយនឹងប្រវែងបណ្តោយ ១៧ម៉ែត្រ ស្ថានីយ៍យានអវកាសចិន នៅតូចណាស់ បើប្រៀបធៀបនឹងស្ថានីយ៍អន្តរជាតិដែលមានបណ្តោយ ៧២ម៉ែត្រ និងទទឹង ១០៨ម៉ែត្រ។
នៅខែឧសភា នៅការិយាល័យកិច្ចការអវកាសរបស់អង្គការសហប្រជាជាតិ ទីភ្នាក់ងារអវកាសចិន បានប្រកាស ស្វាគម គ្រប់ប្រទេស ដែលចង់ធ្វើការស្រាវជ្រាវ នៅក្នុងស្ថានីយ៍យានអវកាសរបស់ខ្លួន។ ប្រទេសចិនបានប្រកាសផងដែរ បើកដៃទទួលយកអវកាសយានិកបរទេស ដែលចង់ទៅធ្វើការនៅក្នុងស្ថានីយ៍យានអវកាសរបស់ខ្លួន។ តាមទីភ្នាក់ងារអវកាសអឺរ៉ុប គេបានបញ្ជូនរួចហើយ អវកាសយានិក ទៅចូលរួមហ្វឹកហាត់នៅប្រទេសចិន ដើម្បីអាចទៅធ្វើការ នៅក្នុងស្ថានីយ៍យានអវកាសចិន នៅថ្ងៃខាងមុខ។
សូមបញ្ជាក់ថា ចិនដែលមានមហិច្ឆតាបញ្ជូនមនុស្សយន្តទៅឋានព្រះអង្គារ ហើយនិងមនុស្សទៅឋានព្រះចន្ទ នៅអនាគតដ៏ខ្លីខាងមុខ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារ សម្រាប់កម្មវិធីយានអវកាសរបស់ខ្លួន។ ស្ថានីយ៍យានអវកាសរបស់ចិន ដែលមានការចូលរួមសហការសម្របសម្រួលពីកងទ័ពចិន មានគម្រោងផងដែរនឹងដាក់បង្ហោះ ផ្កាយរណបដែលនឹងធ្វើការសម្រាប់ប្រយោជន៍ ប្រទេសចិន៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
