ភ្នំពេញៈ ជនពាលម្នាក់បានឈ្លោះប្រកែកគ្នាជាមួយនឹងប្រពន្ធ ហើយសម្លុតគំរាមកំហែងនាង រហូតធ្វើឲ្យនាងខ្លាចរត់ទៅពួននៅផ្ទះអ្នកជិតខាង បែរជាគេកេណ្ឌបក្ខពួក៥ទៅ៦នាក់ នាំគ្នាទៅវាយម្ចាស់ផ្ទះ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងភូមិដើមស្លែក សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា កាលយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ជនសង័្សយបានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយនឹងប្រពន្ធរបស់គេ ដោយសាររឿងប្រចណ្ឌ ហើយគំរាមសម្លាប់នាងទៀតផង។ ដោយសារតែមានការគំរាមកំហែងបែបនេះ ទើបនាងជាប្រពន្ធបានរត់ចោលផ្ទះទាំងយប់ទៅពួន នៅក្នុងផ្ទះរបស់ជនរងគ្រោះ ហើយចាក់សោពីខាងក្នុងជាប់។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់ពីដឹងថា ប្រពន្ធរបស់ខ្លួនកំពុងលាក់ខ្លួន នៅក្នុងផ្ទះរបស់ជនរងគ្រោះ ធ្វើឲ្យជនសង័្សយជាប្ដីកាន់តែផ្ទុះនូវភ្លើងប្រចណ្ឌកាន់តែខ្លាំងឡើង ហើយហៅបក្ខពួក៥-៦នាក់ ប្រដាប់ដោយដំបង និងកាំបិតគ្រប់ដៃ។ ភ្លាមៗនោះ ក្រុមជនបង្កបាននាំគ្នាព្រួតគ្នាឈ្លោះប្រកែកគ្នាជាមួយនឹងជនរងគ្រោះ ហើយនាំគ្នាវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់។
ប្រភពព័ត៌មានដដែល បានបន្ដថា ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ តែដោយសាររបួសរបស់ជនរងគ្រោះមានសភាពធ្ងន់ពេក ទើបគេបញ្ជូនទៅសង្រ្គោះ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសវៀតណាម។ ប៉ុន្ដែក្រុមគ្រូពេទ្យវៀតណាម នៅតែមិនអាចជួយសង្រ្គោះបាន ហើយជនរងគ្រោះបានស្លាប់ នៅវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨។ បន្ទាប់មកក្រុមគ្រួសារបានដឹកសាកសពត្រឡប់មកផ្ទះវិញ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។
មន្រ្ដីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ជនសង័្សយជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្ម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ កែវ សុផា (ហៅអាតឿ) អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ រីឯជនរងគ្រោះឈ្មោះ សុខ ស៊ឺង អាយុ ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរជាងសំណង់ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
ក្រោយពេលកើេតហេតុ សមត្ថកិច្ចបានចុះទៅស្រាវជ្រាវ និងឃាត់ខ្លួនជនសង័្សយបានម្នាក់ រួចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ដោយឡែកបក្ខពួករបស់គេដែលកំពុងរត់គេចខ្លួន កំពុងស្ថិតក្នុងការតាមស្រាវជ្រាវ និងចាប់ខ្លួនពីសមត្ថកិច្ច៕(អត្ថបទដោយ ទែព វណ្ណះ)