ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃសុក្រថាអាមេរិកអាចនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដើម្បីដោះស្រាយភាពផ្ទុយស្រឡះគ្នារវាងមហាអំណាចទាំងពីរ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីរូបនេះឲ្យដឹងថា "ចិនពិតជាចង់ចុះកិច្ចព្រមព្រៀងខ្លាំងណាស់។ យើងបានពិភាក្សាគ្នាយ៉ាងរលូនជាមួយចិន ដែលអាចឈានដល់ការធ្វើអ្វីមួយក្នុងពេលឆាប់ៗ។" លោក ត្រាំបន្ដថា "ខ្ញុំបាននិយាយជាមួយប្រធានាធិបតី ស៊ីជីងពីង កាលពីម្សិលមិញ ហើយគាត់ពិតជាចង់ចុះកិច្ចព្រមព្រៀងណាស់។ ខ្ញុំគិតថាវានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ស្មើភាពសម្រាប់គ្រប់គ្នា ហើយវានឹងល្អសម្រាប់សហរដ្ឋអាមេរិក"។
ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកទី ៤៥រូបនេះ នៅតែបន្ដព្រមានថាអាចនឹងយកពន្ធបន្ថែមទៀតលើទំនិញចិន ខណៈដែលសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែក្ដៅគគុកនៅឡើយ៕
ប្រភព៖ Channelnewsasia
