កូរ៉េខាងត្បូង៖ ប្រមុខដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ក្នុងពេលឆាប់ៗខាងមុខ ទោះបីជាមានការពន្យាពេលនៃកិច្ចចរចានុយក្លេអ៊ែរ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន យ៉ាណាក្តី។ នេះ បើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ចៃអ៊ីន ប្រាប់ឲ្យដឹងនាថ្ងៃព្រហស្បតិ៍ ទី០១ វិច្ឆិកា នេះ។
ដំណើរទស្សនកិច្ច របស់លោកគីម ជុងអ៊ុន ទៅកាន់ទីក្រុងសេអ៊ូលនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខនេះ ក៏ប៉ុន្តែកាលកំណត់ និងគោលបំណងនៃទស្សនកិច្ចនេះ មិនត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកមូន ចៃអ៊ីន បញ្ជាក់ប្រាប់នៅឡើយទេក្រៅតែពីលើកឡើងថា ការមកដល់របស់លោកគីម ជុងអ៊ុន ទំនងជានឹងកើតឡើងនៅឆ្នាំនេះ លោកមូន ក៏បានប្រាប់ទៅកាន់សមាជិកសភាកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍នេះផងដែរថា ប្រទេសបងប្អូនកូរ៉េទាំងពីរ កំពុងធ្វើដំណើរខិតជិតចូលដល់ ការផ្តើមទំព័រប្រវត្តិសាស្ត្រសន្តិភាពថ្មីមួយជាមួយគ្នាហើយ។
គួរកត់សម្គាល់ថា ដំណឹងនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង បានកើតឡើង គឺក្រោយពីរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចលុបចោលការធ្វើសមយុទ្ធយោធារួមគ្នា ប្រចាំឆ្នាំ ដែលគ្រោងប្រារព្ឋធ្វើឡើងនៅខែធ្នូខាងមុខដោយឡែក ក្រៅតែជួបចរចាជាមួយទីក្រុងសេអ៊ូល លោកប្រធានាធិបតីកូរ៉េខាងត្បូងមូន ចៃអ៊ីន ក៏បានបង្ហើបប្រាប់ផងដែរថា មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន ទំនងជាមានជំនួបពិភាក្សាផ្សេងទៀតផងដែរជាមួយប្រទេសរុស្ស៊ី ចិន និងប្រទេសជប៉ុន។
តែទោះយ៉ាងណាក្តី គម្រោងជំនួបពិភាក្សារវាងប្រទេសពាក់ព័ន្ធទាំងអស់នេះ មិនទាន់ត្រូវបានគេកំណត់កាលបរិច្ឆេទច្បាស់លាស់នោះទេ។ នាពេលនេះ គេគ្រាន់តែដឹងថា កិច្ចប្រជុំមួយទៀតគឺជំនួបរវាងលោកត្រាំ និងលោកគីម ជុនអ៊ុន អាចនឹងត្រូវប្រព្រឹត្តឡើងនៅដើមឆ្នាំ២០១៩ ក្រោយ។
សូមរឭកជូនថា សង្រ្គាមកូរ៉េរយៈពេលបីឆ្នាំ ត្រូវបានបញ្ចប់នៅឆ្នាំ១៩៥៣ ជាមួយនឹងបទឈប់បាញ់គ្នា ក៏ប៉ុន្តែមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពរួមគ្នាមួយឡើយ។ ហើយនេះគឺជាមូលហេតុមួយ ដែលធ្វើឲ្យប្រទេសបងប្អូនកូរ៉េទាំងពីរដែលក្រោយមក នៅតែមើលមុខគ្នាមិនចំ និងបានចាត់ទុកគ្នាជាសត្រូវថែមទៀតផង៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)