ខេត្តពោធិ៍សាត់់់៖ បុរសម្នាក់ទៅសួរសុខទុក្ខឪពុកក្មេក ហើយគាត់ប្រើកូនប្រសាឲ្យកាប់ដើមឈើ ស្រាប់តែរលំសង្កត់ពីលើ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្បែរដើមឈើក្បែរផ្ទះឪពុកក្មេក ស្ថិតក្នុងភូមិផ្ទះរ៉ុង ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ។
ប្រភពព័ត៌មានពីសាច់ញាតិ បានឲ្យដឹងថា មុនពេលកើតមាននូវគ្រោះអកុសលនោះ ជនរងគ្រោះបានមកលេងនឹងឪពុកក្មេកដែលរស់នៅក្នុងភូមិជាមួយគ្នា។ នៅពេលនោះ ឪពុកក្មេករបស់គាត់បានប្រើគាត់ឲ្យកាប់ដើមឈើមួយដើមដែលនៅជិត តែដោយសារគាត់កាប់ខុសបច្ចេកទេស ទើបធ្វើឲ្យដើមឈើនោះរលំសង្កត់ពីលើគាត់ បណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មមួយរំពេច។
មន្រ្ដីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អ៊ូ ណូត អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមន្រ្ដីចូលនិវត្ដន៍ បច្ចុប្បន្នមានលំនៅក្នុងភូមិផ្ទះរ៉ុង ឃុំផ្ទះរ៉ុង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ជនរងគ្រោះបានស្លាប់ដោយសារដើមឈើដែលគាត់កាប់រលំសង្កត់ពីលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងនគរបាលមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យ រួចហើយបញ្ជាក់ថា ជនរងគ្រោះពិតជាត្រូវដើមឈើរលំសង្កត់ស្លាប់ប្រាកដមែន។ បន្ទាប់មក សមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី។