រូបិយប័ណ្ណចិន ត្រូវបានរាយការណ៍ថាធ្លាក់ចុះយ៉ាងគំហុកមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ក្រោយសង្គ្រាមពាណិជ្ជកម្មជាសហរដ្ឋអាមេរិក។
ប្រាក់យ័នចិន បានធ្លាក់ចុះរហូតដល់ ៦,៩៦៤៤ យ័ន ក្នុងមួយដុល្លារកាលដើមសប្ដាហ៍កន្លងទៅ ដែលជាការធ្លាក់ចុះមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ ២០០៨មក។ ការធ្លាក់ចុះនេះ ត្រូវបានគេមើលឃើញថាជាផលមួយនៃសង្គ្រាមពាណិជ្ជកម្មរវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំង។ ទោះយ៉ាងណាក៏ដោយ ធនាគារប្រជាជនចិនបានព្យាយាមបង្កើតយន្តការអត្រាប្តូរប្រាក់របស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពតាមរយៈការបង្កើនតួនាទីនៃកម្លាំងទីផ្សារ។
គួរបញ្ជាក់ថា៖ រហូតមកដល់ពេលនេះប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ទណ្ឌកម្មយកពន្ធលើទំនិញចិនប្រហែល ២៥០ ពាន់លានដុល្លាររួចមកហើយ និងគ្រោងយកពន្ធលើទំនិញជាច្រើនមុខបន្ថែមទៀតក្នុងយុទ្ធនាការសង្គ្រាមពាណិជ្ជកម្មជាមួយចិន៕
ប្រភព៖ CNN