អេក្រង់ និង Face ID៖ iPad Pro ថ្មីមានប្រភេទអេក្រង់ទំហំ ១១ អ៊ីញ និងប្រភេទអេក្រង់ទំហំ ១២,៥ អ៊ីញ។ ទាំងពីរប្រភេទនេះមានកម្រាស់ត្រឹមតែ ៥,៩ ម.ម ប៉ុណ្ណោះ។ ជាលើកដំបូង iPad Pro មានបំពាក់នូវមុខងារស្កេនមុខ Face ID ដែលប្រើសម្រាប់ដោះសោដោយស្កេនផ្ទៃមុខ។ Face ID លើ iPad Pro នេះអាចដំណើរការគ្រប់កាលៈទេសៈ មិនថា iPad បញ្ឈរឬផ្ដេកនោះទេ។
នៅលើ iPad Pro ស៊េរីថ្មីនេះមិនមានប៊ូតុង Home នោះទេ ហេតុនេះការបញ្ជាលើ iPad Pro ត្រូវបានយកលំនាំតាមការបញ្ជាលើ iPhone X ដូចជាអូសពីក្រោមឡើងលើដើម្បីត្រឡប់ទៅ Home ជាដើម។កម្លាំង៖ iPad Pro មានបំពាក់ដោយបន្ទះឈីប A12X Bionic ទំហំ ៧ ណាណូម៉ែត្រ ដែលមាន CPU ៨ គ្រាប់, GPU ៧ គ្រាប់, មានថាមពលថ្មដំណើរការបាន ១០ ម៉ោង និងមានបំពាក់នូវ Neutral Engine ជាខួរក្បាលដ៏វៃឆ្លាតមួយ។
អង្គផ្ទុកទិន្នន័យ ១ TB និងរន្ធ USB-C៖ ពេលនេះ iPad Pro មានជម្រើសអង្គផ្ទុកទំហំធំដល់ទៅ ១ TB ហើយរន្ធដោតប្រភេទ USB-C បានចូលមកជំនួសរន្ធ Lightning ដែល Apple បានប្រើរាប់ឆ្នាំមកហើយ។ តាមរយៈការប្រើ USB-C នេះ iPad Pro នឹងអាចទ្រាំទ្រការភ្ជាប់ជាមួយ Monitor កម្រិត 5K និងអាចសាកថ្មឲ្យ iPhone ឬឧបករណ៍ដទៃទៀតបាន។
Apple Pencil៖ Apple Pencil ជំនាន់ទីពីរអាចភ្ជាប់ជាមួយ iPad Pro ដោយស្វ័យប្រវត្តិ និងអាចសាកថ្មដោយមិនប្រើខ្សែ ហើយវាអាចឆក់ជាប់នឹង iPad Pro បានទៀតផង។ លើ Apple Pencil មានសមត្ថភាពថ្មី ដោយអាចប្ដូរមុខងារទៅជាការសរសេរអក្សរ ឬ ជាជ័រលុបបានដោយគ្រាន់តែគោះលើវា
មុខងារផ្សេងទៀត និងតម្លៃ៖ iPad Pro ក៏មានប្រព័ន្ធ Bluetooth 5.0, បច្ចេកវិទ្យា Smart HDR លើកាមេរ៉ា Selfie ខាងមុខ, ដុំសាកថ្ម ១៨ វ៉ាត់, កាមេរ៉ាខាងក្រោមកម្រិត ១២ MP មានបច្ចេកវិទ្យា Smart HDR, មិនមានរន្ធដោតកាស និងមុខងារពិសេសៗជាច្រើនទៀត។
iPad Pro អេក្រង់ ១១ អ៊ីញមានតម្លៃចាប់ពី ៧៩៩ ដុល្លារ និង iPad Pro អេក្រង់ ១២,៥ អ៊ីញមានតម្លៃចាប់ពី ៩៩៩ ដុល្លារ ដែលនឹងមានលក់លើទីផ្សារធំៗចាប់ពីថ្ងៃទី ៧ ខែវិច្ឆិកាខាងមុខ៕
ប្រភព៖ 9to5Mac