ខ្សែបម្រើអង់គ្លេស Dele Alliបានយល់ព្រមបន្តកុងត្រាថ្មីរបស់ខ្លួនរយៈពេល ៦ឆ្នាំរហូតដល់ឆ្នាំ ២០២៤ ជាមួយក្លឹបនៃក្របខ័ណ្ឌលីគកំពូលអង់គ្លេស Tottenham Hotspur។ យ៉ាងណាក៏ដោយ ក្លឹបមិនបានបញ្ចេញតម្លៃប្រាក់ឈ្នួលលើការនឿយហត់របស់កីឡាករទេ។
កីឡាកររូបនេះបានផ្ទេរពីក្លឹប MK Dons ដែលជាក្លឹបថ្នាលរបស់ខ្លួនក្នុងតម្លៃ ៥លានផោន(ត្រូវនឹងជាង ៦លានដុល្លារ) នៅក្នុងឆ្នាំ ២០១៥។ ចាប់តាំងពីពេលនោះមក រូបគេបានបង្ហាញខ្លួន ១៥៣ដងឲ្យ Spurs ព្រមទាំងរកគ្រាប់បាន ៤៨គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៤១ដង។
កីឡាករវ័យ២២ឆ្នាំរូបនេះដែរ ក៏ធ្លាប់ឈ្នះពានកីឡាករក្មេងជាងគេក្នុង Premier League(PFA Young Player of the Year) ២ដង ក្នុង២រដូវកាលដំបូងរបស់ខ្លួន (២០១៥/១៦ និង ២០១៦/១៧) ។ក្នុងកំឡុង ២រដូវកាលដំបូង រូបគេក៏ជាប់ក្នុងបញ្ជីក្រុម Premier League ប្រចាំឆ្នាំ ទាំង២លើកផងដែរ។
ចំណែកឯក្នុងក្រុមជម្រើសជាតិអង់គ្លេសវិញ Dele Alli បានបង្ហាញទៀងទាត់ចាប់ពីផ្ទេរមក Spurs មក។ មកទល់ពេលនេះ ខ្សែបម្រើរូបនេះ បានរកគ្រាប់បាល់បាន ៣គ្រាប់ និងបង្ហាញខ្លួនឲ្យអង់គ្លេស ៣១លើក ដោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំៗដូចជា UEFA Euro ឆ្នាំ ២០១៦នៅប្រទេសបារាំង ហើយនិង FIFA World Cup ឆ្នាំ ២០១៨ក្នុងទឹកដីរុស្ស៊ី ៕
ប្រភព៖ Goal