MacBook Air ដែល Apple បានប្រកាសចេញក្នុងកម្មវិធី “There’s more in the making” កាលពីយប់មិញនេះ មានបន្ថែមបន្ថយលើចំណុចជាច្រើន ធ្វើឲ្យកាន់តែទំនើប និងសមត្ថភាពខ្លាំង។
MacBook Air ថ្មីនេះមានអេក្រង់ ១៣ អ៊ីញ ជាប្រភេទ Retina Display និងមានស៊ុមអេក្រង់ស្ដើងជាងមុន ហើយស៊ុមអេក្រង់នេះបានប្ដូរមកជាពណ៌ខ្មៅវិញ ជំនួសឲ្យស៊ុមពណ៌ទឹកប្រាក់ដែល Apple ប្រើកន្លងមក។
លើ MacBook Air នេះមានបំពាក់ដោយរន្ធ USB-C ចំនួនពីរ និងរន្ធដោតកាសចំនួនមួយ។ បន្ថែមពីនេះនៅលើ Keyboard មានបំពាក់ដោយទ្រនាប់ស្កេនម្រាមដៃ ដែលអាចប្រើសម្រាប់ការ Login ចូល MacBook ដោយមិនបាច់វាយលេខសម្ងាត់។
ចំពោះរន្ធបំពងសំឡេងវិញគឺជាប្រភេទ Stereo ដែលអាចបញ្ចេញសំឡេងបានឮជាងមុន ២៥% និងមានសំឡេងបាសច្រើនជាងមុន គួបផ្សំនឹងរន្ធស្រូបសំឡេងចំនួនបីសម្រាប់ដំណើរការមុខងារ Hey Siri។
MacBook Air ថ្មីនេះមានបំពាក់ CPU Intel ជំនាន់ទី ៨ ប្រភេទ Core-i5 ដែលមានជម្រើស RAM ទំហំធំដល់ ១៦ GB និងអង្គផ្ទុកទំហំដល់ ១,៥ TB។ Apple អះអាងថា MacBook Air មានថាមពលថ្មដែលអាចប្រើប្រាស់សម្រាប់ការបើកវិបសាយបាន ១២ ម៉ោង និងចាក់រឿងបាន ១៣ ម៉ោងតាម iTunes។
MacBook Air ថ្មីមានទម្ងន់ត្រឹម ១,២៤ គីឡូក្រាមស្រាលជាងមុន, មានកម្រាស់ ១៥,៦ ម.ម ដែលស្ដើងជាងមុន ១០% និងរូបរាងតូចជាងមុន ១៧%។ តួខ្លួនរបស់ MacBook Air ថ្មីផលិតឡើងពីសារធាតុអាលុយមីញ៉ូមចាស់ៗ ១០០% ដែលគេបានយកមកកែច្នៃឡើងវិញ។
MacBook Air មានចាប់ផ្ដើមពី RAM ទំហំ ៨ GB, CPU Core-i5 ល្បឿន ១,៦ GHz និង អង្គផ្ទុកប្រភេទ SSD ទំហំ ១២៨ GB ដែលមានតម្លៃ ១ ១៩៩ ដុល្លារ។ កុំព្យូទ័រនេះមានជម្រើសពណ៌ប្រផេះ, ទឹកប្រាក់ និងមាស ដោយចេញលក់នៅថ្ងៃទី ៧ ខែវិច្ឆិកា៕
ប្រភព៖ 9to5Mac
