រកឃើញ​សាកសព​សរុប១០នាក់ហើយ ក្រោយ​យន្តហោះ​ឥណ្ឌូណេស៊ី​ធ្លាក់ចូល​ទៅក្នុងសមុទ្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រកឃើញ​សាកសព​សរុប១០នាក់ហើយ ក្រោយ​យន្តហោះ​ឥណ្ឌូណេស៊ី​ធ្លាក់ចូល​ទៅក្នុងសមុទ្រ

30/10/2018
(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ​បានស្រង់យកសាកសព​មនុស្សកើនដល់ ១០នាក់ ហើយចេញពីទឹកសមុទ្រ កន្លែងដែល​យន្តហោះដឹក​អ្នកដំណើរឥណ្ឌូណេស៊ី​មួយគ្រឿង បានធ្លាក់នៅជិត​រដ្ឋធានីហ្សាការតា​កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្ស​ទាំង ១៨៩នាក់ ត្រូវគេសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ នេះបើតាម​ចេញផ្សាយ​ដោយសារព័ត៌មាន Straitstimes នៅរសៀល​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមាន​​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត​បានបាត់ចេញពី​ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែក្រោយមក​យន្ដហោះ​នេះ​ណ ត្រូវបានគេទទួលស្គាល់ថា បានធ្លាក់​ខណៈមានសេចក្ដីរាយការណ៍​ថា ពីឡុតដែលបញ្ជាយន្ដហោះនេះ​បានស្នើត្រឡប់​មកកាន់អាកាសយានដ្ឋាន​វិញ មុនពេល​បាត់ដំណឹងតែបន្តិច​ប៉ុណ្ណោះ។
ជុំវិញសោកនាដកម្ម​នេះដែរ ក្រុមអ្នកជួយសង្រ្គោះ​ឥណ្ឌូណេស៊ី បានឲ្យដឹងថា សាកសពមនុស្សទាំង ១០នាក់ ដែលបានស្រង់ចេញពី ទឹកត្រូវបានបញ្ជូនទៅកាន់​មន្ទីរពេទ្យមួយ នៅតំបន់ភាគ​ខាងកើតរដ្ឋធានី​ហ្សាការតា ដើម្បីរង់ចាំសាច់ញាតិមកទទួល។
គួរបញ្ជាក់ថា៖ ប្រតិបត្តិការជួយ​សង្រ្គោះបានឈានចូល​ថ្ងៃទី ២ ហើយ រីឯក្រុមអ្នក​ជួយ​សង្រ្គោះ​កំពុងតាមរក​ប្រអប់ខ្មៅទាំងពីរ​របស់ យន្ដហោះ Boeing 737 MAX 8 ដើម្បីកំណត់​ពីមូលហេតុធ្លាក់ ស្របពេលក្រុមគ្រួសារ​សាច់ញាតិជនរងគ្រោះ​ កំពុងទន្ទឹមរង់ចាំ​ទទួលព័ត៌មាន​បន្ថែមទាំងអារម្មណ៍ក្តុកក្តួល និងបង្ហូរ​ទឹកភ្នែក។ យន្ដហោះ Boeing 737 MAX 8 ត្រូវបាន​គេរាយការណ៍ថា បានធ្លាក់នៅក្នុង​ដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅ​លើខេត្តជ្វា ក្រោយហោះ​ឡើងបាន ១៣នាទី ចេញពីទីក្រុង​ហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះ​ទៅកាន់​ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា៕