
យន្តហោះដឹកអ្នកដំណើរ១៨៩នាក់ របស់ឥណ្ឌូណេស៊ីធ្លាក់ចូលសមុទ្រ
បញ្ចូលដោយ៖ Soeurm Ro - 30/10/2018ប្រទេសឥណ្ឌូនេស៊ី៖ ក្រុមជួយសង្គ្រោះ កំពុងដឹកសពអ្នកដំណើររបស់យន្តហោះ Lion Air ដែលបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឯកំពង់ផែTanjung Priok នៅហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី Lion Air Boeing 737 ដែលមានផ្ទុកអ្នកដំណើរចំនួន ១៨៩នាក់ បានធ្លាក់ចូលក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីបានហោះចេញពីរដ្ឋធានី ហ្សាកាតា ឆ្ពោះទៅកាន់រដ្ឋធានី Pangkal Pinang បានត្រឹមតែរយៈពេល១៣ នាទីប៉ុណ្ណោះ។
រហូតមកដល់ពេលនេះ មិនទាន់មានជនរងគ្រោះណាម្នាក់ ត្រូវបានគេរកឃើញថានៅរស់រានមានជីវិតឡើយ ហើយព័ត៌មាននេះ បានធ្វើឲ្យក្រុមគ្រួសាររបស់អ្នកដំណើររបស់ក្រុមហ៊ុន Lion Air មានការភ័យតក់ស្លុត និងនាំគ្នាត្រហូរយំជាខ្លាំងហេតុការណ៍មុនពេលធ្លាក់យន្តហោះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Lion Air យន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ី Lion Air Boeing ៧៣៧ បានហោះចេញពីប្រលានយន្តហោះSoekarno-Hatta ក្នុង ទីក្រុង ហ្សាកាតានៅវេលាម៉ោង៦និង២០ នាទីព្រឹក ម៉ោងក្នុងស្រុក នាព្រឹកថ្ងៃចន្ទទី២៩ តុលានេះ ។
យន្តហោះ Lion Air Boeing ៧៣៧ ដឹកអ្នកដំណើរសរុបទាំងអស់ចំនួន ១៨៩នាក់ ដែលក្នុងនោះរួមមានផងដែរបុគ្គលិកយន្តហោះ៦ នាក់ អ្នកបើកបរយន្តហោះ២ នាក់ ក្មេងម្នាក់ និងទារក២នាក់។ ជើងយន្តហោះនេះ ធ្វើដំណើរឆ្ពោះទៅចុះចតនៅឯព្រលានយន្តហោះ Depati Amir នៅរដ្ឋធានីដែនកោះPangkal Pinang។ ហើយការហោះហើរនេះត្រូវការរយៈពេលមួយម៉ោង។ ក៏ប៉ុន្តែក្រោយចេញដំណើរបានត្រឹមតែ១៣ នាទី គេក៏បាត់ទំនាក់ទំនងជាមួយយន្ដហោះតែម្តង។
ដោយឡែក មុនពេលបាត់ទំនាក់ទនង និង ធ្លាក់ចូលទឹកសមុទ្រចាវ៉ា អ្នកបើកយន្តហោះ បានសុំបង្វែរទិសដៅ ដោយហោះត្រលប់ទៅកាន់ព្រលាន នៅហ្សាកាតាវិញ។ នេះ បើតាមការិយាល័យសង្គ្រោះ ប្រាប់ទីភ្នាក់ងារព័ត៌មានក្នុងស្រុកឥណ្ឌូណេស៊ី។
មូលហេតុ ដែលនាំឲ្យយន្តហោះធ្លាក់ក្រោយគ្រោះថ្នាក់ គេនៅមិនទាន់ដឹងនៅឡើយទេ អំពីមូលហេតុពិតប្រាកដ ដែលធ្វើឲ្យយន្តហោះដឹកអ្នកដំណើរឥណ្ឌូណេស៊ីរបស់ក្រុមហ៊ុន Lion Air ដែលមានផ្ទុកអ្នកដំណើររហូតដល់ចំនួន១៨៩នាក់ហ្នឹង ធ្លាក់ចូលក្នុងទឹកសមុទ្រចាវ៉ានោះ។ រហូតមកដល់ពេលនេះ គេគ្រាន់តែដឹងថា យន្តហោះបានធ្លាក់ចូលសមុទ្រក្នុងជម្រៅប្រមាណ ៣០ ទៅ ៤០ ម៉ែត ក្រោយពេលបាត់ខ្លួនពីរ៉ាដា និងបន្ទាប់ពីហោះហើរហើយបាន១៣នាទីរួចមក។
យ៉ាងណាក៏ដោយ បើតាមការឲ្យដឹងពីអាជ្ញាធរឥណ្ឌូណេស៊ីវិញ ក្នុងពេលនេះភ្នាក់ងារសង្គ្រោះ កំពុងដុតដៃដុតជើងគ្នាស្វែងរកប្រអប់ខ្មៅ និងបំបែកសេសសល់ នៃយន្តហោះ។ ហើយបើតាមព័ត៌មានចុងក្រោយបង្អស់ មានប្រេងសាំង កម្ទេចកម្ទី បំណែកផ្សេងៗ ព្រមទាំងរបស់របរផ្ទាល់ខ្លួនរបស់អ្នកធ្វើដំណើរផង ត្រូវបានគេប្រទះឃើញអណ្តែតលើផ្ទៃសមុទ្រហើយ។ នេះ បើតាមទីភ្នាក់ងារសង្គ្រោះបន្ទាន់ឥណ្ឌូណេស៊ី មិនតែប៉ុណ្ណោះគេក៏បានដឹងផងដែរថា កម្ទេចកម្ទី នឹងបំណែកទាំងនោះ ត្រូវបានគេមើលឃើញនៅជិតរោងចក្រចម្រាញ់ប្រេងនៅលើនាយសមុទ្រចាវ៉ា ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូណេស៊ី។
ប្រតិកម្មរបស់ក្រុមហ៊ុន Lion Air ក្រាយគ្រោះថ្នាក់ធ្លាក់យន្តហោះភ្លាមៗក្រោយគ្រោះអកុសលនេះ តំណាងក្រុមហ៊ុន Lion Air បាននិយាយថា ក្រុមហ៊ុនពិតជាខ្វល់ខ្វាយខ្លាំងណាស់អំពីគ្រោះថ្នាក់ យន្តហោះធ្លាក់ចូលទឹកសមុទ្រជម្រៅ ៣០-៤០ ម៉ែតនេះ។ ក្រៅតែពីនេះ ក្រុមហ៊ុននិងធ្វើការជាមួយភ្នាក់ងារ និងដៃគូពាក់ព័ន្ឋឆាប់ៗ ដើម្បីឆ្លើយតបនឹងគ្រោះអកុសលនេះ។
ទាក់ទិនបញ្ហានេះ ខាងក្រុមហ៊ុនក៏បានសម្តែងនូវការងឿងឆ្ងល់ជាខ្លាំង អពីមូលហេតុនៅពីក្រោយការធ្លាក់យន្តហោះនេះដែរ។ ជាក់ស្តែង នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Lion Air បាននិយាយថា ខាងក្រុមហ៊ុនពិតជាមិនយល់សោះ ថាហេតុអ្វីបានជាយន្តហោះធ្លាក់បាន បើយន្តហ្នឹងវាថ្មី ហើយទើបនឹងដាក់ឲ្យដំណើរការទៀត។
បន្ថែមលើនេះ អ្នកតំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា យន្តហោះជួបគ្រោះឧបទ្ទវហេតុ ធ្លាក់ចូលទឹកសមុទ្រនេះ ធ្លាប់មានបញ្ហាបច្ចេកទេសពីមុនមកដែរ ប៉ុន្តែត្រូវបានជួសជុលរួចរាល់ហើយដែរ
គួរកត់សម្គាល់ថា យន្តហោះ Boeing 737 របស់ក្រុមហ៊ុន Lion Air ឥណ្ឌូណេស៊ី ជាប្រភេទយន្តហោះដែលទើបនឹងទិញថ្មី ហើយទើបតែដាក់ឲ្យដំណើរការក្នុងរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺចាប់ផ្តើមនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ។ វា គឺជាយន្តហោះសម្រាប់ការធ្វើដំណើរក្នុងរយៈចំណាយខ្លី និងក្នុងតម្លៃទាប បើប្រៀបធៀបនឹងក្រុមហ៊ុនផ្សេងទៀតនៅក្នុងប្រទេសឥណ្ឌូណេស៊ី។
ដោយឡែក នេះក៏មិនមែនជាគ្រោះថ្នាក់ដំបូងឡើយ ដែលយន្តហោះរបស់ក្រុមហ៊ុន Lion Air ឥណ្ឌូណេស៊ី ធ្លាប់ជួបប្រទះនាពេលកន្លងមក។ ជាក់ស្តែង កាលពីឆ្នាំ ២០១៧ កន្លងទៅ យន្ដហោះ Boeing មួយគ្រឿងរបស់ក្រុមហ៊ុន Lion Air បានបើកប៉ះជាមួយយន្តហោះ Wings Air ខណៈពេលចុះចតនៅអាកាសយានដ្ឋាន គូឡាម៉ាមូ នៅលើកោះស៊ូម៉ាត្រា ប៉ុន្តែជាសំណាងល្អ មិនមានអ្នកដំណើរណាម្នាក់ឡើយរងរបួសនៅគ្រានោះបន្ថែមលើនេះផងដែរ នៅខែឧសភា ឆ្នាំ ២០១៦ ក៏មានយន្តហោះ Lion Air ពីរគ្រឿង បានប៉ះគ្នា នៅអាកាសយានដ្ឋាន Soekarno-Hatta នៃរដ្ឋធានីហ្សាកាតា។
ដោយឡែក បើនិយាយពីកេរ្ត៍ឈ្មោះវិញ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ធ្លាប់ត្រូវបានអឺរ៉ុបចុះក្នុងបញ្ចីខ្មៅ ដោយសារតែបញ្ហាអសុវត្តភាព។ រហូតទាល់តែដល់ឆ្នាំ២០១៦ ថ្មីៗនេះ ទើបអឺរ៉ុបដកចេញពីបញ្ចីខ្មៅវិញ បន្ទាប់ពីក្រុមហ៊ុនបានធ្វើការកែលម្អផ្នែកសុវត្តិភាពរបស់ខ្លួន៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)