បរទេស៖ បន្ទាប់ពីស្ថិតក្នុងស្ថានភាពសង្ស័យអស់រយៈពេលជាង២៤ម៉ោង ព័ត៌មានពិតទើបត្រូវបញ្ជាក់នៅយប់ថ្ងៃអាទិត្យម្សិលមិញថា ប្រធានក្លឹបបាល់ទាត់អង់គ្លេស Leicester City ជាតិថៃ លោក វិឆៃ ស្រីវឌ្ឍនាប្រាភា Vichai Srivaddhanaprabha ពិតជាបានស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃសៅរ៍ទី ២៧ តុលា ២០១៨ មែន។
ឧទ្ធម្ភាគចក្រ បានធ្លាក់ នៅលើចំណតរថយន្ត ក្រោយពីបានហោះចេញពីស្តាត ទីដែលមានការប្រកួតបាល់ទាត់ រវាង ក្រុមLeicester និងWest Ham បានបន្តិច។ តាមទម្លាប់ក្រោយពីការប្រកួតនៅស្តាតរបស់ខ្លួនរួច លោក វីឆៃ ស្រីវឌ្ឍនាប្រាភា តែងមានទម្លាប់ចាកចេញពីស្តាត ដោយជិះឧទ្ធម្ភាគចក្រ ចេញពីទីលានប្រកួតតែម្តង។
បើតាមប៉ូលិសអង់គ្លេស គ្រោះថ្នាក់បានសម្លាប់ជីវិតមនុស្សបួននាក់ផ្សេងទៀត ពីរនាក់ជាក្រុមគ្រូបង្ហាត់ និងអ្នកបើកម្នាក់ អ្នកដំណើរម្នាក់ទៀត។ ក្រុមអ្នកអង្កេតអាកាសចរណ៍ក៏បានទៅដល់កន្លែងកើតហេតុ ដើម្បីសិក្សាស្វែងរកមូលហេតុនៃគ្រោះថ្នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍ជូនដំណឹងអំពីមរណភាពរបស់ប្រធានក្នុងជន្មាយុ៦០ឆ្នាំ ក្លឹបLeicester បានសម្តែងការកោតសរសើរអំពីសណ្តានចិត្តល្អ និងដ៏សប្បុរសរបស់លោក វិឆៃ ស្រីវឌ្ឍនាប្រាភា ដែលមួយជីវិតនេះបានផ្តល់សេចក្តីស្រលាញ់ដល់គ្រួសារនិងក្លឹប។
លោក វិឆៃ ស្រីវឌ្ឍនាប្រាភា ជាមហាសេដ្ឋី ដែលមានទ្រព្យធនប្រមាណ ២៩០០លានដុល្លារ នៅឆ្នាំ២០១៦។ នៅឆ្នាំ២០១០ លោកបានទិញក្លឹបបាល់ទាត់ Leicester City ក្នុងតម្លៃ ៤០លានលីវ ដែលជាក្លឹបដ៏តូចមួយរបស់អង់គ្លេស គ្មានឈ្មោះបោះសំឡេង ឱ្យបានក្លាយជាជើងឯករបស់Leagueបាល់ទាត់អង់គ្លេស ដ៏ល្បីល្បាញ នៅឆ្នាំ២០១៦។
ម្ចាស់ក្លឹបបាល់ទាត់នេះ ត្រូវបានអ្នកគាំទ្របាល់ទាត់គោរពស្រលាញ់កាន់តែខ្លាំងថែមទៀត ដោយសារទឹកចិត្តសប្បុរសរបស់លោក។ ក្រៅអំពីចែកចាយភេសជ្ជៈដោយឥតគិតថ្លៃ ក្នុងថ្ងៃខួបកំណើត លោក វិឆៃ ស្រីវឌ្ឍនាប្រាភា បានធ្វើអំណោយ២លានផោនដល់មន្ទីរពេទ្យរបស់ស្រុក។ ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន លោក តែងនិមន្តព្រះសង្ឃថៃមកប្រោះព្រំកីឡាករ និងស្តាតLeicester ជាញឹកញយ។
បាល់ទាត់ជាកីឡារបស់គ្រួសារ ! ក្នុងចំណោមកូនទាំងបួន កូនប្រុសរបស់លោកម្នាក់ ឈ្មោះ Aiyawatt ហៅ តុប ជាអនុប្រធានក្លឹប និងកូនប្រុសទីពីរ អាភិចិត្ត Apichet ជានាយកប្រតិបត្តិ។
មរណភាពរបស់លោកវិឆៃ ស្រីវឌ្ឍនាប្រាភា មិនត្រឹមតែបានធ្វើឱ្យរំជួលចិត្តក្រុមអ្នកគាំទ្រនៅអង់គ្លេសទេ ! នៅប្រទេសថៃ អ្នកចូលចិត្តបាល់ទាត់ ក៏រន្ធត់ចិត្តនឹងដំណឹងដ៏ក្រៀមក្រំនេះដែរ ព្រោះលោកមហាសេដ្ឋីបានលើកកីឡាបាត់ទាត់ថៃផង និងបានធ្វើឱ្យគេស្គាល់ប្រទេសថៃកាន់តែខ្លាំង។