សហរដ្ឋអាមេរិកអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែអម​ដោយការ​ព្រមានដាក់​ទណ្ឌកម្ម... - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សហរដ្ឋអាមេរិកអញ្ជើញលោក ពូទីន មកបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែអម​ដោយការ​ព្រមានដាក់​ទណ្ឌកម្ម...

27/10/2018
(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក ចន បូលតុន (John Bolton) បានឱ្យដឹងថា សេតវិមានបាន​អញ្ជើញប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន ជាផ្លូវការ​ហើយ ដើម្បីបំពេញដំណើរទស្សនកិច្ចមកកាន់ទីក្រុង​វ៉ាស៊ីនតោន។ ក៏ប៉ុន្តែ ទន្ទឹមនឹង​ការអញ្ជើញ​លោក Bolton ក៏បានព្រមានដែរថា សហរដ្ឋអាមេរិកកំពុង​ពិចារណា ដាក់​ទណ្ឌកម្មបន្ថែម​ប្រឆាំងនឹង​ទីក្រុងម៉ូស្គូ។ នេះបើតាម​ការចេញ​ផ្សាយដោយ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុង​បទសម្ភាសន៍​ជាមួយ Reuters នៅថ្ងៃសុក្រ​សប្ដាហ៍នេះ លោក Bolton បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «យើងបាន​អញ្ជើញ លោក​ប្រធានាធិបតីរុស្ស៊ី ពូទីន មកកាន់​ទីក្រុងវ៉ាស៊ីនតោន... ប៉ុន្តែគោល​នយោបាយ និងអាកប្បកិរិយា​រុស្ស៊ី គឺជាហេតុផលដែល ជម្រុញឱ្យ​សហរដ្ឋអាមេរិកដាក់​ទណ្ឌកម្មលើ​រុស្ស៊ី»

ទីប្រឹក្សាសន្តិសុខជាតិ​​រូបនេះបានបន្ថែម​ទៀតថា «វានឹងក្លាយជាក្ដី​សង្ឃឹមមួយ បើសិនជា​ពួកគេ (រុស្ស៊ី) បញ្ឈប់ការលូកដៃ​ចូលក្នុងកិច្ចការបោះឆ្នោត​របស់ពួកយើង... ដកខ្លួនចេញ​ពីតំបន់​គ្រីមៀ និងតំបន់ ដុនបាស (Donbass) ប្រទេសអ៊ុយក្រែន ព្រមទាំងបញ្ឈប់​ការប្រើប្រាស់​អាវុធគីមី ដើម្បីសម្លាប់អតីតមន្ត្រីរុស្ស៊ី​ដែលកំពុងរស់​នៅនិរទេស​ខ្លួនក្នុងបណ្ដាប្រទេស​លោក​ខាងលិច និងធ្វើសកម្មភាព​វិជ្ជមាននៅ​មជ្ឈិមបូព៌ា»
តែទោះជា​យ៉ាងណាក៏ដោយ ខាងទីក្រុងម៉ូស្គូមិន​ទាន់បានបញ្ជាក់ថា លោក ពូទីន ទទួលយកការអញ្ជើញនេះ​ហើយ ឬយ៉ាងណា​នោះទេ ខណៈវាត្រូវ​បានគេរំពឹងថា នឹងត្រូវធ្វើឡើង​នៅឆ្នាំ​ក្រោយ ពោលគឺបន្ទាប់​ពីការបោះឆ្នោតសភា​ពាក់កណ្ដាល​អាណត្តិនៅ​ថ្ងៃទី០៦ ខែវិច្ឆិកា​ខាងមុខនេះ។

គួររំលឹកថា៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងលោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានជួបគ្នាក្នុង​កិច្ចប្រជុំ​កំពូល​នៅឯទីក្រុង ហែលស៊ីងគី (Helsinki) ប្រទេសហ្វាំឡង់​កាលពីខែកក្កដា​កន្លងទៅ ហើយបើទោះ​ជាបានជួបមុខគ្នា​ក៏ដោយ ក៏ទំនាក់ទំនង​រវាង
ប្រទេស​មហាអំណាចទាំងពីរ​ មិនមានភាពល្អប្រសើរ​គួរឱ្យកត់​សម្គាល់​នោះដែរ៕