ករណី​សម្លាប់អ្នក​កាសែត​ Khashoggi តួកគីស្នើ​ឲ្យអារ៉ាប៊ីសាអូឌីត​ប្រគល់ជន​សង្ស័យទាំង​១៨នាក់ មកឱ្យតួកគី​កាត់ទោស! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ករណី​សម្លាប់អ្នក​កាសែត​ Khashoggi តួកគីស្នើ​ឲ្យអារ៉ាប៊ីសាអូឌីត​ប្រគល់ជន​សង្ស័យទាំង​១៨នាក់ មកឱ្យតួកគី​កាត់ទោស!

27/10/2018
(អ៊ីស្ដង់ប៊ូល)៖ ក្រុមរដ្ឋអាជ្ញា​តួកគីបានរៀបចំសំណើ ​ធ្វើបត្យាប័ន​ជនសង្ស័យ ១៨នាក់ ពីប្រទេស​អារ៉ាប៊ីសាអូឌីត មកកាន់​ទីក្រុង​អង់ការ៉ា ដើម្បីដំណើរ​ការក្ដីតាមច្បាប់​តួកគី ជុំវិញសំណុំរឿងឃាតកម្ម​លើអ្នកសារព័ត៌មាន លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បន្ទាប់ពី​ប្រធានាធិបតី​តួកគី​លោក អឺដូហ្កាន់ បានជម្រុញឱ្យ​ទីក្រុងរីយ៉ាដបង្ហាញ​មុខមេក្លោង ដែលនៅពីក្រោយអំពើ​ឃាតកម្មដ៏រសើបនេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់តួកគីម្នាក់ ដកស្រង់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែតុលា ឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់​តួកគីខាងលើ ​ថ្លែងនៅក្នុងលក្ខខណ្ឌមិន​បញ្ចេញឈ្មោះបានគូសបញ្ជាក់​ប្រាប់សារព័ត៌មាននៅ​ក្នុងស្រុក​យ៉ាងដូច្នេះថា «មូលហេតុនៅ​ពីក្រោយការស្នើ​សុំធ្វើបត្យាប័ននេះ​ គឺដោយសារតែ​លោក Jamal Khashoggi ត្រូវបានគេ​សម្លាប់នៅលើទឹកដី​តួកគី ដោយជនជាតិ​អារ៉ាប៊ីសាអូឌីត​ជាច្រើននាក់ ដែលបាន​ត្រូវគេជឿជាក់ថា បានធ្វើដំណើរមក​កាន់ប្រទេស​តួកគី​ ដើម្បីប្រព្រឹត្តបទឧក្រិដ្ឋ... ដូច្នេះវា​ច្បាស់ណាស់​ថា ប្រព័ន្ធយុត្តិធម៌​តួកគីមានអំណាច​គ្រប់គ្រាន់​ក្នុងសំណុំ​រឿងនេះ»
គួរបញ្ជាក់ថា៖ បើតាម​អាជ្ញាធរតួកគី ក្នុងចំណោម​ជនសង្ស័យ ១៨នាក់ ដែលត្រូវបាន​ទីក្រុងរីយ៉ាដ​ចាប់ខ្លួន មាន ១៥នាក់ គឺជាទីភ្នាក់ងារចារកម្មអារ៉ាប៊ីសាអូឌីត ដែលបានធ្វើដំណើរមក​ដល់ប្រទេស​តួកគី តែប៉ុន្មានម៉ោងប៉ុណ្ណោះ​មុននឹងលោក Khashoggi បាន​បាត់ខ្លួន ក្រោយចូលក្នុង​ស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុង​អ៊ីស្ដង់ប៊ូល កាលពី​ថ្ងៃទី០២ ខែតុលា។
លើសពីនេះទៀត អាជ្ញាធរតួកគី​បានអះអាងជា​បន្តបន្ទាប់ថា អ្នកកាសែត Washington Post រូបនេះត្រូវ​បានគេសម្លាប់ រីឯអារ៉ាប៊ីសាអូឌីត​ក៏បានទទួលស្គាល់ ដែរថាអំពើឃាតកម្ម​លើលោក Khashoggi គឺធ្វើឡើង​ដោយចេតនា និងរៀបចំ​ទុកជាមុន។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ​សាកសពរបស់លោក​ មិនទាន់ត្រូវបានគេរក​ឃើញនៅ​ឡើយទេ ខណៈសារព័ត៌មាន​តួកគីរាយការណ៍ថា ត្រូវគេកាត់ជាកង់ៗ និងយកចេញពីស្ថាន​កុងស៊ុល៕