ប្រទេសសចិន៖ ង្គ្រាមពាណិជ្ជកម្ម រុញច្រានឲ្យជប៉ុននិងចិន ខិតចូលរកគ្នា លោកលីកឺឈាំង (ស្តាំ) នាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីជប៉ុនលោកអាបេ ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងប៉េកាំង នាថ្ងៃទី ២៥ តុលា ឆ្នាំ២០១៨។
នាយករដ្ឋមន្រ្តីជប៉ុនលោក ស្ហីនហ្សូ អាបេ នៅថ្ងៃនេះបានធ្វើទស្សនកិច្ចដ៏កម្រ និងលើកដំបូងទៅកាន់ប្រទេសចិន រយៈពេលបីថ្ងៃគឺរាប់ចាប់ពីថ្ងៃទី ២៥-២៧ តុលា។ ដំណើរទស្សនកិច្ចនេះ គឺជាសញ្ញាមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសទាំងពីរជាពិសេសពីភាគីជប៉ុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីនៃប្រទេសដែលជាគូសត្រូវនឹងគ្នា និងចំពេលមានការកើនឡើង នៃភាពមិនប្រាកដប្រជានៃចំណងការទូតរវាងប្រទេសនានា នៅជុំវិញពិភពលោក។
ទំនាក់ទំនងទ្វេភាគីជប៉ុន-ចិន ជាការពិតណាស់ ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស្ហីនហ្សូ អាបេ ត្រូវបានគេចាត់ទុកថាជាដំណើរទស្សនកិច្ចដ៏សែនកម្រមួយ។ ជាដំណើរទស្សនកិច្ចដ៏កម្រ ពីព្រោះថាដំណើរទស្សនកិច្ចនេះ គឺជាទស្សនកិច្ចលើកទីមួយរបស់នាយករដ្ឋមន្រ្តីជប៉ុនចាប់តាំងពីឆ្នាំ ២០១១មក និងជាផ្នែកមួយនៃដំណើរការផ្សះផ្សាឡើងវិញ នូវទំនាក់ទំនងដ៏សែនសោះកក្រោះ រវាងប្រទេសទាំងពីរដែលជាគូសត្រូវប្រវត្តិសាស្ត្រ និងជាសត្រូវដណ្តើមទឹកដីជាមួយគ្នា។
ជាក់ស្តែង ទំនាក់ទំនងរវាងជប៉ុននិងចិន បានធ្លាក់ក្នុងសភាពអាប់អួរជាខ្លាំងហៅលែងឮតែម្តង កាលពីឆ្នាំ ២០១២ នៅគ្រាដែលចិនចេញមុខអះអាងថា ទីប្រជុំកោះមានជម្លោះ គឺប្រជុំកោះ សេនកាគុ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ជាកម្មសិទ្ធិរបស់ខ្លួនក្នុងអំឡុងពេលនៃជំនួបរវាងគ្នានេះដែរមេដឹកនាំជប៉ុនលោកអាបេ និង លោកប្រមុខរដ្ឋចិន នឹងប្រារព្ធរួមគ្នា ខួបលើកទី ៤០ ឆ្នាំ នៃសន្ធិសញ្ញាសន្តិភាពនិងមិត្តភាព រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ១៩៧៨ ពោលគឺក្រោយពីសម័យសង្គ្រាមលោកលើកទី២។
ក្រៅតែពីចង់លើកតម្តើងទំនាក់ទំនងល្អជាមួយគ្នា ប្រទេសខ្លាំងក្បែរខាងគ្នាគឺជប៉ុន និង ចិន នឹងដាក់លើតុជជែកពិភាក្សាគ្នា នូវចំណុចសំខាន់ៗផ្សេងទៀត ដែលក្នុងនោះរួមមាន វិស័យសេដ្ឋកិច្ច និងបញ្ហាជម្លោះដណ្តើមទឹកដីបើតាមលោកស្រី Kristin Vekasi ជំនួយការសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យMaineនិងជាអ្នកជំនាញខាងចំណងទំនាក់ទំនងជប៉ុន-ចិន បានឲ្យដឹងថា សង្គ្រាមពាណិជ្ជកម្មដែលកំពុងផ្ទុះ និងបង្កឡើងដោយ សហរដ្ឋអាមេរិករបស់លោកត្រាំ វាហាក់បីដូចជា ចលករមួយ ជួយឲ្យប្រទេសបងធំនៅអាស៊ីទាំងពីរគឺជប៉ុន-ចិន ងាកមកខិតជិតគ្នា។
ក្នុងន័យនេះ វាគូសបញ្ជាក់ថា ទាំងជប៉ុន ទាំងចិន ពិតណាស់កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ដូចគ្នា ពីព្រោះរដ្ឋបាលអាមេរិកដឹកនាំដោយលោកត្រាំធ្វើសង្គ្រាមពាណិជ្ជកម្ម មិនត្រឹមតែជាមួយគូប្រជែងដូចជាចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រឆាំងទៅនឹងសម្ព័ន្ឋមិត្តដែលក្នុងនោះរួមមានទាំងជប៉ុនផងដែរ។ ដូចនេះហើយ នយោបាយគិតតែពីខ្លួនឯងរបស់សហរដ្ឋមេរិក ប្រាកដណាស់នឹងច្រានជប៉ុនឲ្យរងគ្រោះបាន ហើយដើម្បីដោះស្រាយវិបត្តិនៅចំពោះមុខនេះ ប្រទេសជប៉ុន ក៏ដូចជាចិនដែរត្រូវងាកមកជិតស្និទ្ឋិនឹងគ្នាកាន់តែខ្លាំងជាងមុន ដើម្បីធ្វើយ៉ាង ឲ្យសក្តានុពលសេដ្ឋកិច្ចរបស់ខ្លួនមានស្ថិរភាពនិងរឹងមាំបន្តទៅមុខទៀតបាន។
ទំព័រសករាជថ្មីនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជប៉ុន-ចិនយុទ្ឋសាស្ត្រស៊ីជំរៅក្នុងការបង្កើនសក្តានុពលសេដ្ឋកិច្ចរួមគ្នារវាងជប៉ុន និងចិន នៅពេលនេះ មិនត្រូវបានគេលាតត្រដាងឲ្យដឹងនៅឡើយទេ ដូច្នេះហើយ ចម្លើយ គឺមានតែនាយករដ្ឋមន្ត្រីជប៉ុនលោកអាបេនិងប្រធានាធិបតីចិនលោកស៊ី ជីងពីន ទេដែលដឹងច្បាស់តែទោះជាយ៉ាងនេះក្តី ភាគីទាំងពីរចង់ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយក្រុមហ៊ុនជប៉ុនចង់បង្កើនលទ្ធភាព ចូលទៅកាន់ទីផ្សារដ៏ធំរបស់ចិន ហើយទីក្រុងប៉េកាំងវិញ ក៏ចាប់អារម្មណ៍នឹងបច្ចេកវិទ្យា ព្រមទាំងចំណេះដឹងរបស់ក្រុមហ៊ុនជប៉ុនដែរ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារបារាំង AFP មេដឹកនាំប្រទេសទាំងពីរ ទំនងជាផ្តោតសំខាន់លើកិច្ចព្រមព្រៀងដែលមានសក្តានុពលមួយចំនួន រួមមានទាំងការវិនិយោគរួមគ្នា លើវិស័យហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងតំបន់រួមមានទាំង ក្នុងប្រទេសឥណ្ឌូណេស៊ីនិងហ្វីលីពីន។ ថ្មីៗនេះ លោកអាបេ បានបង្ហាញពីការចាប់អារម្មណ៍ទៅលើ គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយដ៏ធំរបស់ប្រទេសចិនដែរ ប៉ុន្តែអ្នកជំនាញនិយាយថាកិច្ចព្រមព្រៀងជាក់ស្តែងស្តីពីការចូលរួមរបស់ជប៉ុនក្នុងគម្រោងនេះ គឺមិនទំនងជាអាចកើតឡើងទេនាពេលនេះ។
ទោះជាបែបនេះក្តី អ្នកជំនាញស្តីពីចំណងទំនាក់ទំនងជប៉ុន-ចិន បាននិយាយហើយថា ប្រទេសជប៉ុននិងប្រទេសចិន ពិតជាមានសេដ្ឋកិច្ចសមស្របគ្នាណាស់ ហើយប្រទេសទាំងពីរ អាទទួលបានប្រយោជន៍យ៉ាងខ្លាំងពីទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគទុនរួមគ្នាដោយឡែកកន្លងមកថ្មីៗនេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុជប៉ុន ក៏បានសម្តែងសុទិដ្ឋិនិយម ដោយបាននិយាយផងដែរថា កិច្ចចរចាហិរញ្ញវត្ថុបច្ចុប្បន្នជាមួយចិនគឺជារឿងល្អខ្លាំងណាស់ ហើយភាគីទាំងពីរបានព្រមព្រៀងគ្នា រក្សាកិច្ចសហប្រតិបត្តិការក្នុងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងវិធានការនានា លើសពីនេះទៀត គេដឹងថាដើម្បីអាចរកផ្លូវដើររួមគ្នាមួយឆ្ពោះទៅកាន់ការបង្កើនវិស័យសេដ្ឋកិច្ច មេដឹកនាំជប៉ុន-ចិន ថែមទាំងទុកបញ្ហាជម្លោះទឹកដីជាមួយគ្នាមួយឡែកសិនទៀតផង៕
ជាចុងក្រោយ ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចលើកនេះ ជប៉ុនទំនងជានឹងបញ្ជូនអ្នកតំណាងក្រុមហ៊ុនធំៗគ្រាក់ៗរបស់ខ្លួនចំនួនប្រមាណជា ៥៧៩ ក្រុមហ៊ុន ទៅចូលរួមក្នុងពិធីសម្ពោធពិព័រណ៍នាំចូលអន្ដរជាតិចិន នៅសៀងហៃនៅខែវិច្អិការក្រោយ។ នេះបើតាមប្រភពពីសារព័ត៌មាននៅចិន។ បន្ថែមលើនេះ ប្រទេសជប៉ុន ក៏សង្ឃឹមផងដែរថា ប្រធានាធិបតីចិនគឺលោកស៊ី ជីងពីននឹងទៅធ្វើទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនវិញម្តង ក្នុងពេលខាងមុខឆាប់ៗនេះ៕ (អត្ថបទដកស្រង់ដោយទេព វណ្ណះ)
