សហរដ្ឋអាមេរិក៖ នៅសហរដ្ឋអាមេរិក បន្ទាប់ពីបានរកឃើញកញ្ចប់បញ្ជើបង្កប់ដោយជាតិផ្ទុះផ្ញើទៅកាន់ឥស្សរជននយោបាយសំខាន់ៗ ដូចយ៉ាងអតីតប្រធានាធិបតីលោកអូបាម៉ា លោកប៊ីល គ្លីនតុន ឬលោកស្រីគ្លីនតុនមក លោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានបញ្ចេញប្រតិកម្មដោយអំពាវនាវឲ្យមានការរួបរួមជាតិជាធ្លុងមួយ និងច្រានចោលរាល់អំពើហិង្សានយោបាយ។ ដោយមិននិយាយចំឈ្មោះលោកអូបាម៉ា ឬលោកស្រីគ្លីនតុន លោកត្រាំបានចាត់ទុកការធានាសន្តិសុខឲ្យពលរដ្ឋអាមេរិកជាអាទិភាពរបស់លោក និងថា លោកនឹងប្រើគ្រប់មធ្យោបាយទាំងអស់ដើម្បីឲ្យការស៊ើបអង្កេតប្រពឹត្តទៅដោយរលូន។
« សន្តិសុខរបស់ពលរដ្ឋអាមេរិកាំងជាអាទិភាពដាច់ខាតរបស់ខ្ញុំ។ ខ្ញុំទើបបានបញ្ចប់កិច្ចប្រជុំមួយជាមួយ FBI ជាមួយក្រសួងយុត្តិធម៌ ជាមួយក្រសួងសន្តិសុខផ្ទៃក្នុង និងជាមួយស្ថាប័នស៊ើបការណ៍សម្ងាត់របស់អាមេរិក។ ខណៈពេលដែលខ្ញុំកំពុងនិយាយទៅកាន់លោក អ្នកពេលនេះ កញ្ចប់ដែលមានបង្កប់ដោយជាតិផ្ទុះកំពុងត្រួតពិនិត្យដោយក្រុមអ្នកជំនាញដ៏ចំណានៗផ្នែកជាតិផ្ទុះ។
ចំណែកការស៊ើបអង្កេតមួយយ៉ាងស៊ីជម្រៅ និងម៉ត់ចត់របស់រដ្ឋអំណាចសហព័ន្ធក៏កំពុងដំណើរការដែរ។ រដ្ឋាភិបាលនឹងធានាថា អ្នកទទួលខុសត្រូវនៅក្នុងអំពើដ៏គួរឲ្យស្អប់ខ្ពើមនេះនឹងត្រូវចាប់បញ្ជូនទៅកាន់តុលាការ។ យើងនឹងប្រឹងប្រែងស្វែងរកការពិតដោយប្រើគ្រប់មធ្យោបាយទាំងអស់ ទោះត្រូវចំណាយថវិកាប៉ុន្មានក៏ដោយ។
ខ្ញុំសូមបន្ថែមថា នៅក្នុងកាលៈទេសៈដូចដែលយើងកំពុងជួបប្រទះពេលនេះ យើងទាំងអស់គ្នាត្រូវតែរួបរួមគ្នា និងផ្ញើសារមួយម៉ឹងម៉ាត់ ច្បាស់លាស់ និងដោយគ្មានមន្ទិលថា អំពើ និងការគំរាមកំហែងហិង្សានយោបាយ ទោះក្នុងរូបភាពណាក៏ដោយ គ្មានកន្លែងនៅលើទឹកដីអាមេរិកាំងទេ៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
