លោក Ben Hodges ដែលជាឧត្តមសេនីយចូលនិវត្តន៍ និងជាមេបញ្ជាកងទ័ពអាមេរិកប្រចាំអឺរ៉ុបធ្វើការកត់សម្គាល់បែបនេះ នៅមុនពេលលោកត្រូវទៅចូលរួមវេទិកាសន្តិសុខមួយក្នុងទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ នៅថ្ងៃពុធសប្ដាហ៍នេះ។ លោក Hodges បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកត្រូវការជាចំបាច់ នូវសម្ព័ន្ធមិត្តអឺរ៉ុបដ៏រឹងមាំ ហើយខ្ញុំគិតថា យើងអាចនឹងមានសង្រ្គាមជាមួយចិន នៅក្នុងរយៈពេល ១៥ឆ្នាំ ខាងមុខទៀត... ដូច្នេះសម្ព័ន្ធមិត្តអង្គការណាតូទាំងអស់ត្រូវតែបង្កើន និងពង្រឹងសមត្ថភាព យោធារបស់ខ្លួន ព្រោះសហរដ្ឋអាមេរិកមិនអាចការពារអឺរ៉ុប ពីការគំរាមកំហែងរបស់រុស្ស៊ី ហើយប្រឆាំងជាមួយចិនក្នុងពេលតែមួយបាននោះទេ»។
គួរបញ្ជាក់ថា៖ បើតាមលោក Ben Hodges សញ្ញានៃសង្រ្គាមរវាងចិន និងសហរដ្ឋអាមេរិក ក្នុងនោះរួមមានភាពតានតឹងនៅតំបន់ជម្លោះសមុទ្រចិនខាងត្បូង ការព្យាយាមលួចបច្ចេកវិទ្យាពីអាមេរិករបស់ចិន និងការពង្រីកឥទ្ធិពលកាន់តែខ្លាំងរបស់ទីក្រុងប៉េកំាង ទៅកាន់ទ្វីបអាហ្រ្វិក និងអឺរ៉ុបជាដើម៕