ក្រុងប៉ារីស៖ តើចំណីអាហារនាពេលអនាគតមានលក្ខណៈយ៉ាងណា ? នេះជាសំណួរដ៏សំខាន់ដែលពិព័រណ៍ចំណីអាហារអន្តរជាតិក្រុងប៉ារីស កំពុងសាកល្បងផ្តល់ចម្លើយ។ ពិព័រណ៍ចំណីអាហារអន្តរជាតិហៅកាត់ថា Sial ចាប់បើកពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ តុលា ក្នុងបរិបទដែលពិភពលោកកំពុងព្រួយបារម្ភអំពី បរិស្ថាន គុណភាព និងសុខមាលភាពសត្វ។ ពិព័រណ៍អន្តរជាតិសង្ឃឹមថានឹងផ្តល់គំនិតថ្មីនិងអាចលើកស្ទួយផលិតផលអាហារប្រកបដោយរសជាតិផង និងគោរពធម្មជាតិផង។
ពិព័រណ៍ចំណីអាហារអន្តរជាតិ ត្រូវបានបើកសម្ពោធដោយរដ្ឋមន្ត្រីក្រសួងកសិកម្មបារាំង។ ជាពិព័រណ៍ដែលមានតាំងចម្រុះនូវផលិតផលចំណីអាហារដ៏ធំ ចំនួន៧២០០ ស្តង់មកពី១១៩ប្រទេស។
លេចមុខខ្លាំងជាងគេបន្ទាប់ពីបារាំងគឺប្រទេស អ៊ីតាលី អេស្ប៉ាញ និងតួកគី ។ ឥណ្ឌាបារ៉ែន អ៊ូសបេគីស្ថាន តាហ្ស៊ីគីស្ថាន សុទ្ធតែជាប្រទេសដែលមកចូលរួមជាលើកទីមួយ។ កម្ពុជា ក៏បានចូលរួមដែរ នៅឆ្នាំនេះនិងជាលើកទីពីរ ដោយមានស្តង់ផលិតផលចំនួនពីរ ដើម្បីបង្ហាញផលិតផលសរីរាង្គ ដូចជា ម្រេច ស្ករត្នោតកំពង់ស្ពឺ និងអង្ករ។
ពិព័រណ៍ចំណីអាហារអន្តរជាតិនេះ ក៏នឹងមានផ្តល់ពានរង្វាន់ដល់ផលិតដែលល្អថ្មីនិងមានរសជាតិជាងគេដែរ។ នៅក្នុងចំណោមផលិតផលចំណីអាហារជាងបួនសែនមុខ យ៉ាង២៥០០ ជាផលិតផលអាហារថ្មី។ ផលិតផលអាហារដែលលេចធ្លោខ្លាំងជាងគេនៅក្នុងពិព័រណ៍ចំណីអាហារអន្តរជាតិក្រុងប៉ារីសឆ្នាំនេះ គឺបន្លែផ្លែឈើ ! គ្រាប់ធញ្ញជាតិ សារាយ ពោលគឺមិនមែនជាផលិតផលសាច់។ កម្មវត្ថុនៃពិព័រណ៍គឺចង់បង្ហាញថាគេអាចទទួលទានអាហារសម្បូរសារធាតុប្រូតេអ៊ីន (បានមកពីបន្លែ)ដ៏ចាំបាច់សម្រាប់ជីវិតមនុស្ស ដោយមិនរំពឹងតែលើសាច់សត្វ។ បើតាមការសិក្សាចុងក្រោយបានបង្ហាញដើម្បីការពារបរិស្ថាន កំរិតការឡើងកម្តៅនៃភពផែនមនុស្សលោកគួរតែកាត់បន្ថយការទទួលទានសាច់ចំនួន៩០%៕ (អត្ថបទដោយ ទេព វណ្ណះ)
