ចិនប្រតិកម្មខ្លាំងៗ ក្រោយ​អាមេរិកក្រើនរំលឹក​តំបន់​អាមេរិកឡាទីន ឲ្យប្រយ័ត្ន​ប្រយែង​ចំពោះការវិនិយោគ​របស់ចិន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ចិនប្រតិកម្មខ្លាំងៗ ក្រោយ​អាមេរិកក្រើនរំលឹក​តំបន់​អាមេរិកឡាទីន ឲ្យប្រយ័ត្ន​ប្រយែង​ចំពោះការវិនិយោគ​របស់ចិន!

22/10/2018
(ប៉េកាំង)៖ សារព័ត៌មានរដ្ឋ​ចិន China Daily បានរិះគន់យ៉ាងខ្លាំង​លើលោក ម៉ៃក៍ ប៉ុមប៉េអូ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​អាមេរិករូបនេះ បាន​ព្រមានឱ្យបណ្ដា​ប្រទេសនៅក្នុងតំបន់​អាមេរិកឡាទីន មានការប្រុងប្រយ័ត្ន​ខ្ពស់ចំពោះការវិនិយោគ​របស់ចិន។ នេះបើ​តាមចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក ប៉ុមប៉េអូ បានបំពេញដំណើរ​ទស្សកិច្ចទៅកាន់​តំបន់អាមេរិកឡាទីន​ កាលពីសប្ដាហ៍មុន ដើម្បី ជួបពិភាក្សា​ការងារជាមួយមេដឹកនាំ​ម៉ិចស៊ីកូ និងប៉ាណាម៉ា។ ក៏ប៉ុន្តែ អ្វីដែលគួរឱ្យ​កត់សម្គាល់ គឺនៅពេលថ្លែង​នៅ​ចំពោះមុខ អ្នកសារព័ត៌មាន​ក្នុងប្រទេស​ប៉ាណាម៉ា លោក ប៉ុមប៉េអូ បាន​និយាយចំៗថា ប្រទេសទាំងអស់គួរតែបើកភ្នែកឱ្យធំៗសម្លឹង​មើល និងមាន​ការប្រុងប្រយ័ត្ន​ចំពោះការវិនិយោគ​របស់ចិន ដែលលោក​ផ្ទាល់យល់ថា តែងតែធ្វើឱ្យបណ្ដា​ប្រទេស​ទទួលយកជំនួយពី ប៉េកាំងកាន់តែ​ជួបភាពយ៉ាប់យ៉ឺន ដោយសារតែ​អន្ទាក់​បំណុល។
តែយ៉ាង​ណាក៏ដោយ នៅក្នុងអត្ថបទចុះផ្សាយ​នៅថ្ងៃចន្ទនេះ សារព័ត៌មាន​រដ្ឋចិន China Daily បានរិះគន់ និងទាត់ចោល​ការលើក​ឡើងរបស់រដ្ឋមន្ត្រីការបរទេស​អាមេរិក ព្រមទាំងចាត់​ទុកថា ការលើកឡើងនេះ​គ្មានការគោរព​ចំពោះចិន និងមានបំណងចង់បំបែក បំបាក់​ទំនាក់ទំនងល្អរវាងចិន និងបណ្ដាប្រទេសក្នុងតំបន់​អាមេរិកឡាទីន​តែប៉ុណ្ណោះ។ លើសពី​នេះទៅទៀត សារព័ត៌មាន​រដ្ឋចិន​មួយនេះក៏​បានបញ្ជាក់ដែរថា ប្រទេស​អាមេរិកឡាទីន ដឹងយ៉ាងច្បាស់​ពីអ្វីដែលពួកគេ​ចង់បាន មិនចាំបាច់​សហរដ្ឋអាមេរិក​មកជួយ ប្រាប់ថា​ត្រូវធ្វើនេះ ឬធ្វើនោះនោះទេ។
គួរជម្រាបថា៖ បច្ចុប្បន្នចិនបានក្លាយ​ទៅជាដៃគូពាណិជ្ជកម្ម ​ដ៏ធំមួយរបស់បណ្ដាប្រទេស​ជាច្រើន នៅក្នុងតំបន់​អាមេរិកឡាទីន ជាពិសេស​គឺប្រេស៊ីល អាហ្សង់ទីន និងឈីលី តាមរយៈគោល​នយោបាយ​សេដ្ឋកិច្ច ខ្សែក្រវាត់ និងផ្លូវដែល​ត្រូវបាន​សហរដ្ឋអាមេរិក​ចាត់ទុកថា ជាអន្ទាក់​បំណុល​របស់ចិន ប៉ុន្តែប្រទេសចិនបាន​ច្រានចោលជាច្រើន​លើកមក​ហើយ ចំពោះ​ការចោទប្រកាន់​នេះ៕