(រីយ៉ាដ)៖ ទីបំផុតរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានទទួលស្គាល់ថា លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) ដែលបាត់ខ្លួននោះ ពិតជាបានបាត់បង់ជីវិត ក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគីប្រាកដមែន ប៉ុន្តែការស្លាប់នោះគឺបង្កឡើងដោយទំនាស់វាយតប់គ្នា មិនមែនជាផែនការសម្លាប់ និងកាប់ជាកង់ៗដូចការអះអាងរបស់តួកគីនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNBC នៅព្រឹកថ្ងៃសៅរ៍ ទី២០ ខែតុលា ឆ្នាំ២០១៨។
អារ៉ាប៊ីសាអូឌីតបានអះអាងថា លោក Khashoggi បានឈ្លោះទាស់ទែង និងវាយតប់គ្នាជាមួយមនុស្សមួយចំនួន ដែលលោកបានជួបនៅឯស្ថានកុលស៊ុលខាងលើ កាលពីថ្ងៃទី០២ ខែតុលា ហើយក៏បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍នោះតែម្តង។ យ៉ាងណាមិញ ការអះអាងខាងលើនេះ គឺផ្ទុយពីសេចក្តីរាយការណ៍ព័ត៌មានមួយចំនួន ស្តីពីការបាត់បង់ជីវិតអ្នកកាសែតរូបនេះ។
តួយ៉ាងបើតាមសារព័ត៌មានអាមេរិក The New York Times អាជ្ញាធរតួកគី បានបង្ហើបឲ្យដឹងថា ពួកគេមានភស្តុតាងជាសំឡេង ដែលអាចបញ្ជាក់ថា លោក Khashoggi បានទទួលរងទារុណកម្មហើយសម្លាប់ ព្រមទាំងត្រូវកាត់សាកសពជាកង់ៗ ដោយក្រុមភ្នាក់ងារសម្លាប់មនុស្សរបស់អារ៉ាប៊ីសាអូឌីត។
ការអះអាងនេះទៀតសោត ក៏ផ្ទុយពីការអះអាងនាពេលកន្លងទៅ របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតផ្ទាល់ផងដែរ ដោយកាលនោះព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានមានបន្ទូលប្រាប់សារព័ត៌មាន Bloomberg ថា លោក Khashoggi ដែលជាអ្នកកាសែតរិះគន់លើទ្រង់នេះ បានចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីតមែន ប៉ុន្តែក្រោយមកក៏បានចេញទៅវិញ។
ស្របពេលមានការចេញមុខទទួលស្គាល់ថា លោក Khashoggi បានស្លាប់នៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអីឌីតនេះ ព្រះរាជាណាចក្រប្រេងនៅមជ្ឈិមបូព៌ានេះ បានបណ្តេញលោក អាម៉េដ អាល់អាស្ស៊ឺរី (Ahmed al-Assiri) ដែលជាទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គម្ចាស់ Mohammed bin Salman និងទីប្រឹក្សាព្រះរាជវាំង លោក Abdullah Al-Qahtani។ កាលពីម្សិលមិញនេះ ក៏មានសេចក្តីរាយកាណ៍ព័ត៌មានពី The New York Times ផងដែរថា អារ៉ាប៊ីសាអូឌីតនឹងឆ្លើយទម្លាក់កំហុសលើ លោក Asiri ជុំវិញការស្លាប់របស់លោក Khashoggi ដើម្បីការពារព្រះរាជទាយាទរបស់ខ្លួន។
គួរជម្រាបថា បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋអារ៉ាប៊ីសាអូឌីត ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៨នាក់ ក៏ត្រូវបានចាប់ឃុំខ្លួនថែមទៀតផង បន្ទាប់ពីលទ្ធផលបឋមនៃការស៉ើបអង្កេតបានបង្ហាញថា ពួកគេមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងនេះ៕