រាជធានីភ្នំពេញ៖ សមត្ថកិច្ចច្រើននាក់បានធ្វើការបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់ តែត្រូវបានពលរដ្ឋក្នុងភូមិតវ៉ាឱ្យដោះលែង ក៏មានការបាញ់បោះ៦គ្រាប់ ហើយនាំគ្នារត់ឡើងរថយន្តនិងម៉ូតូគេចខ្លួនអស់ ដោយសារតែការផ្ទុះអាវុធនោះបានធ្វើឱ្យស្ត្រីចាស់ក្មេង២នាក់ភ័យស្លន់រហូតសន្លប់ ។ ចំណែកជនសង្ស័យ២នាក់ដែលឃាត់ខ្លួន ក៏មិនបាននាំទៅជាមួយទេ ទុកចោលទាំងដៃជាប់ខ្នោះ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី១៦ តុលា នៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាតំបន់ខ្មែរអ៊ិស្លាមរស់នៅច្រើន ។ កុមារីរងគ្រោះដោយសារតែការភ័យតក់ស្លុតនឹងស្នូរគ្រាប់កាំភ្លើង រហូតសន្លប់មានឈ្មោះ លីហ្សា អាយុ១៣ឆ្នាំ ជាខ្មែរអ៊ិស្លាម ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ និងស្ត្រីចំណាស់ម្នាក់ទៀតមានជំងឺបេះដូងឈ្មោះ អៃ សាស់ អាយុ៥០ឆ្នាំ ខ្មែរអ៊ិស្លាម ដួលសន្លប់ស្ដូកស្ដឹងដូចគ្នា សម្រាកព្យាបាលនៅផ្ទះ ។ ចំណែកជនសង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀនដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះមានឈ្មោះ វិន ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ស៊ិន យ៉ាស់ អាយុ៣៥ឆ្នាំ ភេទស្រី អ្នកទាំងពីរជាខ្មែរអ៊ិស្លាមដូចគ្នា ។
អ្នករស់នៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនមានការភ្ញាក់ផ្អើល មានស្ត្រីម្នាក់ដែលអ្នកភូមិស្គាល់ថា ឈ្មោះស្រីកា ជាជនជាតិវៀតណាម និងជាអ្នកស៊ើបការណ៍ឱ្យសមត្ថកិច្ច បានដើរចូលទៅក្នុងភូមិ ។ អ្នកភូមិបានបញ្ជាក់ទៀតថា នៅក្នុងខ្លួនស្ត្រីនោះ មានគ្រឿងញៀននៅជាប់នឹងខ្លួនដើរមកហៅឱ្យគេទិញ ព្រោះធ្លាប់ជាអ្នកលក់ថ្នាំញៀន ។
លុះមួយសន្ទុះក្រោយ ក៏មានខាងកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនមិនច្បាស់ថា មកពីការិយាល័យមួយណាទេ មួយក្រុមមានគ្នាច្រើននាក់ បានចុះមកដល់ដោយជិះរថយន្តមួយគ្រឿងមិនចាំម៉ាក ។ អ្នកជិះក្នុងរថយន្តនោះ មានស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច និងមានម៉ូតូ២គ្រឿងទៀត បើកបរដោយបុរស៤នាក់ស្លៀកពាក់ស៊ីវិល ជិះចូលមកក្នុងភូមិបានធ្វើសកម្មភាពបង្ក្រាប នឹងឃាត់ខ្លួនប្រុសស្រី២នាក់ខាងលើវាយខ្នោះភ្លាមៗ ដោយចោទប្រកាន់ថា មានពាក់ព័ន្ធនឹងករណីគ្រឿងញៀន ។
តាមប្រភពព័ត៌មានពីអ្នកភូមិថា ពួកគេបាននាំគ្នាសួរនាំជុំវិញការបង្ក្រាប និងសួររកអង្គភាព តែត្រូវខាងកម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននោះ ឆ្លើយតបវិញដោយសម្តីគ្មានសុជីវធម៌ថា កុំចេះដឹង…អាណាហ៊ានថតរូបនិងសួរនាំច្រើន ប្រយ័ត្នអញបាញ់បំបែកក្បាលចោល ។
ប្រភពដដែលបន្តថា ពេលឮសម្តីបែបនេះភ្លាមៗ ធ្វើឲ្យអ្នកភូមិអស់ទំនុកចិត្ត និងខឹងសម្បារយ៉ាងខ្លាំង បាននាំគ្នាចេញមុខតវ៉ាកាន់តែច្រើនឡើង និងព្យាយាមជួយការពារបុរសស្ត្រីសង្ស័យទាំងពីរនាក់ មិនព្រមឲ្យសមត្ថកិច្ចនាំខ្លួនចេញទៅទេ ដោយពួកគាត់អះអាងថា បុរសស្ត្រីទាំង២នាក់នោះ ជាមនុស្សស្លូតបូតនៅក្នុងភូមិអ្នកណាក៏ស្គាល់ ទើបពួកគាត់ព្យាយាមជួយការពារដោយអ្នកភូមិអះអាងថា មិនមែនករណីបង្ក្រាបបទល្មើសទេ គឺជាករណីកៀបស៊ីតែម្តង ។
អ្នកភូមិជាខ្មែរអ៊ិស្លាមបានបន្តទៀតថា ដោយសារតែមានប្រតិកម្មពីអ្នកភូមិ ត្រូវសមត្ថកិច្ចបង្ក្រាបគ្រឿងញៀន ដកកាំភ្លើងគំរាមនិងបាញ់ឡើងទៅលើអស់៦គ្រាប់ បណ្តាលឲ្យអ្នកភូមិភ័យតក់ស្លុតព្រលឹងចុងសក់ រត់ជាន់ជើងគ្នា បណ្ដាលឲ្យកុមារីម្នាក់នឹងស្ត្រីវ័យចំណាស់ម្នាក់ មានជំងឺបេះដូងកំពុងឈរនៅជិតនោះភ័យនឹងស្នូរគ្រាប់កាំភ្លើង បានដួលសន្លប់ស្តូកស្តឹងធ្វើឲ្យអ្នកភូមិផ្អើលឆោឡោគ្រប់គ្នាយ៉ាងរញ៉េរញ៉ៃ ។ ឃើញដូច្នេះ ភាគីដែលអួតថា ជាកម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសប្រឆាំងគ្រឿងញៀន ភ័យខ្លួនបានទុកជនសង្ស័យចោលទាំងដៃជាប់ខ្នោះ ហើយនាំគ្នារត់ប្រាស់អាយុឡើងរថយន្តឡើងម៉ូតូគេចខ្លួនបាត់ស្រមោលអស់ទៅ ។
បន្ទាប់ពីកើតហេតុកម្លាំងអាជ្ញាធរមូលដ្ឋានដ្ឋាន ចុះមកដល់កន្លែងកើតហេតុភ្លាមៗ តែសមត្ថកិច្ចមូលដ្ឋានមិនទាន់អាចបញ្ជាក់បានទេថា ការបង្ក្រាបបទល្មើសគ្រឿងញៀននេះ ធ្វើឡើងដោយកម្លាំងសមត្ថកិច្ចមកពីខាងណាឱ្យពិតប្រាកដទេ ព្រោះពួកគេចុះប្រតិបត្តិការមិនបានសហការជាមួយអាជ្ញាធរមូលដ្ឋានឡើយ ។បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានកំពុងស្រាវជ្រាវ និងតាមដានរកអ្នកបង្ក្រាបនិងអ្នកផ្ទុះអាវុធ ដើម្បីបំភ្លឺពីហេតុការណ៍ឲ្យបានច្បាស់លាស់ ទើបអស់ចិត្ត ។
ចំណែកអ្នកជាប់ខ្នោះដៃត្រូវបានអ្នកភូមិនាំគ្នាយកដែកឆ្កិះដោះចេញដោយខ្លួនឯងភ្លាមៗ ។ អ្នករស់នៅក្នុងភូមិកន្លែងកើតហេតុ បានស្នើសុំដល់មន្ត្រីជាន់ខ្ពស់ ដែលពាក់ព័ន្ធមេត្តាជួយត្រួតពិនិត្យ និងស្រាវជ្រាវរកមុខសមត្ថកិច្ច ដែលដឹកនាំបង្ក្រាបនិងផ្ទុះអាវុធនោះចេញមកបកស្រាយ ឱ្យច្បាស់ផងថា នេះជាករណីបង្ក្រាបគ្រឿងញៀន ឬជាករណីកៀបស៊ីឱ្យពិតប្រាកដ បានមកបង្កបញ្ហា ហើយនាំគ្នាភ័យស្លន់ស្លោគេចខ្លួនបាត់ស្រមោលអស់បែបនេះ ។
ព្រោះពេលពួកគេចុះប្រតិបត្តិការតែងតែហាមឃាត់ មិនឲ្យអ្នកសារព័ត៌មានថតរូប និងយកព័ត៌មាន ដោយយកលេសថា ខ្លាចបែករឿង ឬកំពុងស្រាវជ្រាវបន្ត បើហ៊ានថតរូប ឬសួរនាំ ច្បាស់ណាស់ប្រាកដជាពួកគាត់ដកយកទូរស័ព្ទនិងកាមេរ៉ា ទៅទុកឬក៏បោកចោលជាមិនខាន ហើយថែមទាំងគំរាមចាប់ខ្លួនទៀតផង ។ មតិភាគច្រើន បានលើកឡើងថា តើខាងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន មកពីឋានណាពេលបង្ក្រាបបទល្មើសម្តងៗ ព្យាយាមបិទបាំងព័ត៌មានធ្វើអ្វី ? បើបង្ក្រាបបទល្មើសជាក់ស្តែង ព័ត៌មានផ្សាយស្តីពីស្នាដៃរបស់ខ្លួនសោះនឹង តើមានអ្វីលាក់បាំង?
អ្នកស្រុកម្នាក់និយាយថា យកស្រីយួនលក់ថ្នាំញៀន មកធ្វើនុយស្ទូចបានតែត្រីចង្វា បាញ់ផ្អើលពេញបឹង ពេញព្រែកប្រា អួតឯងគ្រាន់បើ ៕
