អង់គ្លេស៖ ប្រមុខដឹកនាំប្រទេសសហភាពអឺរ៉ុប ទាំង២៨ ត្រូវជួបជុំបើកជំនួបកំពូលនៅថ្ងៃ ពុធនិងព្រហស្បតិ៍ នេះនៅទីក្រុងព្រុចសែល។ តាមធម្មតា ជំនួបកំពូលលើកនេះជាការប្រជុំសម្រេចបញ្ចប់សមាជិកភាពរបស់អង់គ្លេសក្នុងសហភាពអឺរ៉ុប។ ប៉ុន្តែដោយហេតុការចរចាត្រូវជាប់គាំងគ្មានច្រកចេញសោះ កិច្ចប្រជុំកំពូលថ្ងៃនេះមានតម្លៃត្រឹមតែជាវគ្គចរចាថ្មីមួយទៀតនៃBrexit។ ចំណោទដ៏សំខាន់មួយដែលបន្តរាំងស្ទះការចរចាខ្លាំង ដែលគ្មាននរណានឹងស្មានដល់នោះ គឺបញ្ហាព្រំដែនអៀរឡង់។
ទីផ្សាររួមអឺរ៉ុប សេរីភាពនៃការធ្វើដំណើររបស់ពលរដ្ឋនិងទ្រព្យសម្បត្តិ ឬលក្ខន្តិកៈនៃប្រទេសអង់គ្លេសក្នុងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ទាំងនេះសុខសឹងជាបញ្ហាធំៗ លំបាកខ្លាំងនៅក្នុងពេលចរចាបញ្ចប់សមាជិកភាពអង់គ្លេសពីអឺរ៉ុប។ ប៉ុន្តែនៅមានសំណុំរឿង ដ៏ស្មុគស្មាញបំផុតមួយទៀត ដែលពុំទាន់អាចដោះស្រាយចេញ និងកំពុងធ្វើឱ្យកិច្ចចរចាជាប់គាំងស្តូកនោះ គឺបញ្ហាព្រំដែនរវាងប្រទេសអៀរឡង់ ជាសមាជិកសហភាពអឺរ៉ុប និងខេត្តអៀរឡង់ខាងជើង របស់អង់គ្លេស។ ព្រំដែននេះមានប្រវែងដល់ទៅ ៥០០គីឡូម៉ែត្រ និងជាព្រំដែនគោកតែមួយគត់ខណ្ឌចែកអឺរ៉ុបពីអង់គ្លេស។ ពីមុនមក មិនថាឡុងដ៍ ឬព្រុចសែលទេ គ្មាននរណាម្នាក់នឹងដល់ថារឿងព្រំដែនអៀរឡង់ចោទដល់ម្លឹង។
កិច្ចព្រមព្រៀងសន្តិភាព អៀរឡង់ និងBrexitការសម្រេចចិត្តដើរចេញពីអឺរ៉ុប ពីទីផ្សាររួមតែមួយ និងពីសហភាពពន្ធគយ មានន័យថាសេរីភាពនៃការធ្វើដំណើរ បទដ្ឋាននិងពន្ធគយ ត្រូវឆ្លងកាត់ការត្រួតពិនិត្យនៅពេលឆ្លងព្រំដែន។ ហើយបើគ្មានកិច្ចព្រមព្រៀង នោះព្រំដែននឹងបន្តុះឡើងវិញជាក់ជាពុំខានប៉ុន្តែសម្រាប់ពលរដ្ឋ និងក្រុមហ៊ុនសហគ្រាសទាំងសងខាង មិនត្រូវការចង់ឃើញមានរនាំងព្រំដែនទេ ព្រោះខេត្តអៀរឡង់ខាងជើងនាំចេញក្នុងកំរិត៣១% ទៅប្រទេសអៀរឡង់ ហើយក្នុងមួយថ្ងៃៗមានមនុស្សជាងបីសែននាក់ធ្វើដំណើរឆ្លងកាត់ព្រំដែននេះ។
ម្យ៉ាងវិញទៀត ព្រំដែនដែលធ្លាប់ជាដើមហេតុនៃជម្លោះទាមទារបង្រួបបង្រួមទឹកដីអៀរឡង់ជាជម្លោះស៊ីវិលផង និងសាសនាផង អស់រយៈពេលជាង៣០ឆ្នាំគិតចាប់តាំងពីឆ្នាំ១៩៦០មក បានដោះស្រាយចប់សព្វគ្រប់ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ១៩៩៨ មិនគួរណានឹងវិលត្រលប់មកជាបញ្ហាវិញទេ។ នៅក្នុងកិច្ចព្រមព្រៀងជាគោលការណ៍ កាលពីខែធ្នូ ២០១៧ អង់គ្លេសនិងអឺរ៉ុបបានសន្យាថានឹងមិនគូសបន្ទាត់ព្រំដែន ខណ្ឌចែកប្រទេសអៀរឡង់ និងខេត្តអៀរឡង់ខាងជើង ដែលបានក្លាយមកខេត្តរបស់អង់គ្លេសតាំងពីឆ្នាំ១៩២២មកទេ ដើម្បីកុំឱ្យប្រវត្តិចាស់ឱ្យរស់ឡើងវិញ។ តែដល់ពេលចរចាលម្អិតជាក់ស្តែង គឺលំបាកហួសពីការស្មាន។
កិច្ចព្រមព្រៀងសន្តិភាពអៀរឡង់ឆ្នាំ១៩៩៨ ហាក់ដូចជាមិនស៊ីគ្នានឹងដំណើរចាកចេញពីសហភាពអឺរ៉ុបរបស់អង់គ្លេសសោះសំណើរបស់សហភាពអឺរ៉ុបដើម្បីបញ្ចៀសកុំឱ្យមានព្រំដែន សហភាពអឺរ៉ុប ចង់ផ្តល់លក្ខន្តិកៈពិសេសដល់អៀរឡង់ខាងជើង ដោយបានស្នើដំណោះស្រាយអន្តរកាលមួយដែលមានឈ្មោះ ថា Backstop ជាភាសាអង់គ្លេស ឬសំណាញ់សន្តិសុខ សម្រាប់រយៈពេលពីរឆ្នាំពោលគឺរហូតដល់ឆ្នាំ២០២០។ តាមរយៈវិធានការនេះ ខេត្តអៀរឡង់ខាងជើងរបស់អង់គ្លេស បន្តស្ថិតនៅជាសមាជិកសហភាពអឺរ៉ុប មានសិទ្ធិក្នុងទីផ្សាររួម និងសម្របខ្លួនតាមច្បាប់ក្បួននិងបទដ្ឋានរបស់អឺរ៉ុប រហូតទល់នឹងពេលរកឃើញកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីបង្ហើយ (គ្មានពេលកំណត់)។
ក្នុងករណីមួយនេះ ការត្រួតពិនិត្យពន្ធគយ ត្រូវធ្វើនៅព្រំដែនទឹកខណ្ឌចែកកោះអៀរឡង់ និងកោះអង់គ្លេសប៉ុន្តែលោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេសបានបដិសេធ ! ដោយយល់ថាជម្រើសបែបនេះអាចនឹងធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពអង់គ្លេស។ ព្រោះបើឱ្យខេត្តអៀរឡង់ខាងជើងមានលក្ខន្តិកៈពិសេសជាមួយអឺរ៉ុប នោះប្រៀបដូចជាបណ្តោយឱ្យអៀរឡង់ខាងជើងបានទៅបង្រួបបង្រួមជាមួយប្រទេសអៀរឡង់ ដោយជាក់ស្តែង ! នេះជាសេណារីយោដ៏អាក្រក់បំផុត សម្រាប់លោកស្រី តេរ៉េហ្សា មេ។ ឡុងដ៍ពិតជាមិនអាចទទួលយកបានឡើយ ! ព្រោះសូមកុំភ្លេចថាអៀរឡង់ខាងជើងបានបោះឆ្នោត ប្រជាមតិប្រឆាំង Brexit ក្នុងសំឡេងដល់ទៅ៥៦%ឯណោះ។
សំណើអង់គ្លេសផ្ទុយទៅវិញ លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស បានសុំអនុវត្តវិធានការ Backstop ជាទូទៅតែម្តង លើផ្ទៃប្រទេសអង់គ្លេសទាំងមូល និងក្នុងរយៈពេលមួយមានកំណត់។ លោកស្រីយល់ថា នៅពេលចរចាបង្កើតតំបន់ផ្តោះប្តូរសេរី រវាងអង់គ្លេសនិងអឺរ៉ុប នាពេលខាងមុខ នឹងអាចដោះស្រាយបញ្ហាអៀរឡង់នេះបានហើយ។
ប៉ុន្តែបើអង់គ្លេសចង់បែកចិត្តហើយ រឿងអ្វីត្រូវបានផលចំណេញពីទីផ្សារអឺរ៉ុបនេះទៀត ! សំណើរបស់លោកស្រីមេ ត្រូវបានចាត់ទុកថាជាការប៉ុនប៉ងជ្រៀតចូលយកផលពីទីផ្សាររួម និងប្រព័ន្ធពន្ធគយអឺរ៉ុប ដែលមិនអាចទទួលយកបានឡើយ។ ម្យ៉ាងទៀត សម្រាប់អឺរ៉ុបការចរចាបង្កើតតំបន់ពាណិជ្ជកម្ម ជាចំណែកមួយនៃទំនាក់ទំនងអនាគតរវាងអង់គ្លេសនិងសហភាពអឺរ៉ុប ដែលបានព្រមព្រៀងគ្នារួចហើយ ថានឹងលើកទៅជជែកនៅពេលក្រោយ។
ពន្យារពេលអន្តរកាល ១ឆ្នាំពេលវេលាកាន់តែខោចមែនទែនហើយ ! នៅសល់តែ៦ខែទៀតប៉ុណ្ណោះ អង់គ្លេសនឹងត្រូវដាច់ចេញពីអឺរ៉ុបជាផ្លូវការ ! ស្ថានភាពពេលនេះកាន់តែផុយស្រួយខ្លាំងបំផុត ជាពិសេសសម្រាប់លោកស្រីនាយករដ្ឋមន្ត្រីអង់គ្លេស។ ព្រោះលោកស្រីចង់នាំអង់គ្លេសឱ្យដើរចេញពីអឺរ៉ុបជាមួយកិច្ចព្រមព្រៀងផង និងត្រូវការការគាំទ្រពីបក្សអៀរឡង់ខាងជើងទៀត។ ជាបក្សដ៏តូចមែន តែជាសំឡេងដ៏ចាំបាច់ សម្រាប់ទ្រទ្រង់លោកស្រី មេ ឱ្យមានសំឡេងភាគច្រើននៅក្នុងសភា។ បក្សអៀរឡង់ខាងជើងនេះប្រឆាំងដាច់ខាតរាល់គ្រប់លក្ខន្តិកៈពិសេសសម្រាប់ខេត្ត។
ឯចំណែកខាងអឺរ៉ុបវិញ ប្រធានក្រុមប្រឹក្សាអឺរ៉ុប បន្ថែមសម្ពាធលើស្មាលោកស្រីមេ ឱ្យផ្តល់សំណើថ្មី ជាក់ស្តែង បើមិនចង់បែកបាក់គ្នាដោយគ្មានកិច្ចព្រមព្រៀង ខាងបារាំង ត្រៀមខ្លួននឹងលែងលះឆៅជាមួយអង់គ្លេស។ ប៉ុន្តែគេមិនដឹងថានេះជាសិល្ប៍វិធីក្នុងការដាក់គំនាបលើលោកស្រីមេ មុនពេលលោកស្រីមកជួបប្រមុខដឹកនាំអឺរ៉ុបទាំង២៧នៅរសៀលនេះឬយ៉ាងណាទេ។ អ្នកទទួលបន្ទុកចរចារបស់អឺរ៉ុបក៏ហាក់បណ្តោយតាមពេលវេលា តែបានផ្តល់សំណើ ពន្យារពេលអន្តរកាល មួយឆ្នាំបន្ថែមទៀត សម្រាប់មានពេលចរចារឿងព្រំដែនអៀរឡង់ ហើយក្នុងអំឡុងពេលអន្តរកាលដល់ឆ្នាំ២០២១ អៀរឡង់ខាងជើង ត្រូវស្ថិតក្រោមច្បាប់អឺរ៉ុប មិនក្នុងរយៈពេលគ្មានកំណត់ដូចសំណើដំបូងទេ៕
(អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
