សភាកម្ពុជា ប្រាប់សភា IPU ថា កម្ពុជាគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជារដ្ឋមួយមានឯករាជ្យពេញលេញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សភាកម្ពុជា ប្រាប់សភា IPU ថា កម្ពុជាគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងជារដ្ឋមួយមានឯករាជ្យពេញលេញ

17/10/2018
(ភ្នំពេញ)៖ តំណាងរដ្ឋសភារបស់កម្ពុជា លោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា ដែលបានអញ្ជើញចូលរួមមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្ដរសភា IPU បានថ្លែងក្នុងមហាសន្និបាតនោះថា ប្រទេសកម្ពុជាឥឡូវ ជាប្រទេសគោរពយ៉ាងមុតមាំនូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតសេរី និងយុត្តិធម៌ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំរបស់ខ្លួនតាមបំណងប្រាថ្នា។

ក្នុងមហាសន្និបាត ដែលពិភាក្សាទូទៅស្ដីពីភាពជាអ្នកដឹកនាំរបស់សភាក្នុងការជំរុញសន្តិភាព និងជំរុញឲ្យមានការបង្កើតអ្វីថ្មីៗ (នវានុវត្តន៍) និងការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗ នាយុគសម័យថ្មីនៅថ្ងៃទី១៦ ខែតុលា នៅក្នុងប្រទេសស្វីស លោកស្រី ឃួន សុដារី បានសង្កត់ធ្ងន់ថា កម្ពុជា គឺជារដ្ឋអធិបតេយ្យ ឯករាជ្យ បូរណភាពដែនដីពេញលេញមួយ ដែលគ្រប់គ្រងដោយច្បាប់។
លោកស្រីអនុប្រធានទី២នៃរដ្ឋសភា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ប្រទេសកម្ពុជាឥឡូវ ជាប្រទេសមួយដែលគោរពយ៉ាងមុតមាំ នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានការបោះឆ្នោតសេរី និងយុត្តិធម៌ ដែលឲ្យប្រជាពលរដ្ឋជ្រើសរើសមេដឹកនាំរបស់ខ្លួនបាន។ យើង គឺជារដ្ឋអធិបតេយ្យ​ ឯករាជ្យ បូរណភាពដែនដីពេញលេញមួយ ដែលគ្រប់គ្រងដោយច្បាប់ ហើយនិយាយរួមគឺជានីតិរដ្ឋ»

លោកស្រី ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បីអាសនៈសភា ដែលនេះ គឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់ នៃពហុគណបក្សនយោបាយ ដែលចូលរួម​ក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។
លោកស្រីគូសរំលេចទៅកាន់សភា IPU ថា ​សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ ៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើសតាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិចំនួន៥៣៩មកពីប្រទេសជាង ៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន ​សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញ ដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

បន្ថែមលើនេះ លោកស្រីអនុប្រធានទី២ រដ្ឋសភា បានលើកឡើងថា សភាកម្ពុជាមានជំហរជាស្រេចដើម្បីបំពេញការងារបន្ថែមលើក្របខ័ណ្ឌច្បាប់ និងសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញឲ្យ​ទទួលបានសន្តិភាព និងការអភិវឌ្ឍប្រកបដោយជោគជ័យ ក្នុងយុគសម័យការបង្កើតនូវអ្វីថ្មីៗ (នវានុវត្តន៍ភាព) និងផ្លាស់ប្តូរបច្ចេកវិទ្យា៕