អូស្ត្រាលី៖ នាយករដ្ឋមន្រ្តី អូស្ត្រាលី លោកស្កត់ ម៉ូរីសុន នៅក្នុងសន្និសីទកាសែតថ្ងៃអង្គារទី ១៦ តុលា ២០១៨ បានប្រកាសពីគម្រោងចង់ទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែល និងផ្ទេរស្ថានទូតអូស្ត្រាលី ទៅនៅទីនោះ។ តើអូស្ត្រាលីនឹងដើរតាមផ្លូវរបស់អាមេរិក ដែលទើបបានផ្ទេរស្ថានទូតទៅនៅហ្ស៊េរុយសាឡិម កាលពីខែឧសភា ឆ្នាំ២០១៨នេះ?
ប្រមុខរដ្ឋាភិបាលអូស្ត្រាលី លោកស្កត់ ម៉ូរីសុន នៅថ្ងៃអង្គារនេះ បានរងការរិះគន់ខ្លាំង បន្ទាប់ពីលោកបាន ប្រកាស នៅសន្និសីទ កាសែត ថា លោកគ្រោងចង់ផ្ទេរស្ថានទូតអូស្ត្រាលី ពីក្រុងតែលអាវីវ ទៅនៅហ្ស៊េរុយសាឡិមនិងទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល។ ការប្រកាសយ៉ាងដូច្នេះ នឹងធ្វើឲ្យអូស្ត្រាលី ដើរតាមផ្លូវតែមួយរបស់អាមេរិក ដែលបានផ្ទេរស្ថានទូតរបស់ខ្លួន ពីតែលអាវីវ ទៅ នៅទីក្រុងហ្ស៊េរុយសាឡិមដ៏ចម្រូងចម្រាស កាលពីខែឧសភា ឆ្នាំ២០១៨។
នៅថ្ងៃ ចន្ទម្សិលមិញ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលបានសរសេរសារ Twitter ថ្លែងអំណរគុណនាយករដ្ឋមន្រ្តីអូស្ត្រាលី។ នៅក្នុងសាររបស់ខ្លួន នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកបិនចាមីន នេតាន់យ៉ាហ៊ូ បានសរសេរ ថា នាយករដ្ឋមន្រ្តីអូស្ត្រាលី បានបញ្ជាក់ប្រាប់លោកថា អូស្ត្រាលី គ្រោងនឹងទទួលស្គាល់ ជាផ្លូវការ ទីក្រុងហ្ស៊េរុយសាឡិមថា ជារដ្ឋធានីអ៊ីស្រាអែល។
នៅក្រោយការចុះផ្សាយព្រោងព្រាតរបស់កាសែត ទាក់ទងនឹងសាររបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោកនាយករដ្ឋមន្រ្តី អូស្ត្រាលី ស្កត់ ម៉ូរីសុន បានបើកសន្និសីទកាសែតមួយ នៅព្រឹកថ្ងៃអង្គារនេះ និងបានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ។ ដោយបង្ហាញជំហរចង់ទទួលស្គាល់ ហ្ស៊េរុយសាឡិម ជារដ្ឋធានីរបស់អ៊ីស្រាអែល លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី បានបិទ កប់ចោលទាំងស្រុង ខ្សែបន្ទាត់នយោបាយការបរទេស ជាង ៧០ឆ្នាំ របស់អូស្ត្រាលី ទាក់ទងនឹង ជម្លោះនៅតំបន់ដើមបូព៌ា។
ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលអូស្ត្រាលីបានបណ្តាលឲ្យមានរលករិះគន់ខ្លាំង នៅក្នុងស្រុក និងក្នុងតំបន់ ព្រោះមានវាន័យស្មើនឹងការប្តូរ ១៨០ដឺក្រេ នយោបាយការបរទេសរបស់អូស្ត្រាលី ដែលរហូតមក បដិសេធ យ៉ាងចេញមុខ មិនទទួលស្គាល់ហ្ស៊េរុយសាឡិម ជារដ្ឋធានីអ៊ីស្រាអែល។
នាយករដ្ឋមន្រ្តីអូស្ត្រាលី មុន គឺលោកម៉ាល់ខុម ធើនប៊ុល មកពី គណបក្សតែមួយរបស់លោកស្កត់ ម៉ូរីសុន ធ្លាប់មានការប្រយ័ត្នប្រយែង និងបានដកខ្លួនឃ្លាតឆ្ងាយពីអាមេរិក នៅពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រេចផ្ទេរស្ថានទូតអាមេរិកទៅនៅហ្ស៊េរុយសាឡិមនៅពាក់កណ្តាលឆ្នាំនេះ។ អតីតនាយករដ្ឋមន្រ្តីអូស្ត្រាលី ក៏ដូចថ្នាក់ដឹកនាំភាគច្រើន ក្នុងពិភពលោក សុទ្ធតែមិនឯកភាពជាមួយ អាមេរិក ព្រោះថា ការទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល នឹងមិនជួយជំរុញដំណើរការចរចាសន្តិភាពរវាងភាគីប៉ាឡេស្ទីន និងអ៊ីស្រាអែល នោះទេ ផ្ទុយទៅវិញ វានឹងអាចទៅដុតកំហឹងរបស់ប្រជាជនកាន់សាសនាអ៊ីស្លាម ជាពិសេស ប្រជាជនប៉ាឡេស្ទីន ដែលបានទាមទារ រហូតមក ទឹកដីហ្ស៊េរុយសាឡិមខាងកើត សម្រាប់ធ្វើជាអនាគតរដ្ឋធានីរបស់ខ្លួន។
នៅក្រោយការប្រកាសរបស់នាយករដ្ឋមន្រ្តី អូស្ត្រាលី មន្រ្តីជាន់ខ្ពស់ប៉ាឡេស្ទីនដែលកំពុងធ្វើទស្សនកិច្ចនៅថ្ងៃនេះ នៅប្រទេសឥណ្ឌូណេស៊ីបានព្រមានឲ្យ អូស្ត្រាលី ពិចារណាល្អិតល្អន់ បើសិនមិនចង់ប្រឈមមុខនឹងអ្នកកាន់សាសនាអ៊ីស្លាមដែលជាមិត្តគាំទ្រប៉ាឡេស៊ីន។
សូមអាន៖ សម្ព័ន្ធអារ៉ាប់៖ ការទទួលស្គាល់ហ្សេរុយសាឡិម ជារដ្ឋធានីអ៊ីស្រាអែល ជាការរំលោភបំពានក្រុមប្រទេសអារ៉ាប់ដើម្បីប្រមូលសំឡេងឆ្នោតពីសហគមន៍ជ្វីហ្វ នៅក្រុងស៊ីដនី។
មន្រ្តីអូស្ត្រាលី ម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយប្រាប់កាសែតក្នុងស្រុកថា តាមពិតទៅ សំណើសុំឲ្យរដ្ឋាភិបាលអូស្ត្រាលី ទទួលស្គាល់ហ្ស៊េរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល មានតាំងពីយូរហើយ។ លោកនាយករដ្ឋមន្រ្តី ស្កត់ ម៉ូរីសុន លើកនិយាយពីគម្រោងនេះ គឺនៅជួនចំពេលដែលមន្រ្តីបក្សរបស់លោក ម្នាក់ត្រូវចូលរួមក្នុងការបោះឆ្នោត សភាមួយផ្នែក នៅថ្ងៃសៅរ៍ខាងមុខ ដើម្បី ដណ្តើមអាសនៈ ទំនេរចោល នៅក្រុងស៊ីដនី។ សម្រាប់អ្នកវិភាគ លោកស្កត់ ម៉ូរីសុន ប្រកាសពីគម្រោងចង់ ទទួលស្គាល់យេរូសាឡឹម ជារដ្ឋធានីអ៊ីស្រាអែល នៅពេលនេះ ក៏ព្រោះតែលោកចង់ ទាក់ទាញសំឡេងឆ្នោត ក្នុងចំណោមប្រជាជនជ្វីហ្វ ដែលរស់នៅទីក្រុងស៊ីដនី សម្រាប់បេក្ខជនគណបក្សរបស់លោក ដែលកំពុងមានកូដប្រជាប្រិយភាពធ្លាក់ចុះ នៅក្នុងការស្ទង់មតិ។
បេក្ខជនដែលលោកនាយករដ្ឋមន្រ្តី អូស្ត្រាលី គាំទ្រ ចង់ឲ្យឈ្នះឆ្នោត តាមពិត គ្មានអ្នកណាក្រៅតែពី អតីតឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅអ៊ីស្រាអែល។ គេវាយតម្លៃថា លោកស្កត់ម៉ូរីសុន គាំទ្រ ចង់បានដាច់ខាត ឲ្យបេក្ខជនរបស់លោកឈ្នះឆ្នោត នៅស៊ីដនី ព្រោះបើមិនដូច្នេះទេ គណបក្សកាន់អំណាចរបស់លោកនឹងបាត់សំលេងភាគច្រើននៅសភា និងដែលអាចគំរាមកំហែងអនាគតរបស់រដ្ឋាភិបាល ដែលលោកទើបចូលដឹកនាំបាន២ខែនោះ។
ក្រុមបក្សប្រឆាំងវិញ បានរិះគន់ខ្លាំងថា ដើម្បី សំលេងឆ្នោត ផលប្រយោជន៍បក្ស របស់ខ្លួន លោកស្កត់ម៉ូរីសុន មិនខ្លាចនឹងនិយាយអ្វីទោះ នោះបើទោះបីសំដីរបស់គាត់នឹងទៅបំផ្លាញនយោបាយការបរទេសអូស្ត្រាលី ក៏ដោយ។
សូមអាន៖ ហេតុអ្វី ហ្សេរុយសាឡិម?
ប្រែសំដីមកវិញ ដើម្បីបញ្ជៀសភាពតានតឹងជាមួយប្រទេសអ៊ីស្លាមក្នុងតំបន់
នៅប៉ុន្មានម៉ោងក្រោយសន្និសីទកាសែត លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី ហាក់ប្តូរជំហរមកវិញ ដោយលោកបាននិយាយប្រាប់សភាអូស្ត្រាលីនៅថ្ងៃអង្គារនេះថា គ្រាន់តែជាគម្រោង និងថា រដ្ឋាភិបាលនឹងពិភាក្សាជាមួយ ថ្នាក់ដឹកនាំប្រទេសជិតខាងក្នុងតំបន់ជាមុនសិន មុននឹងសម្រេចចិត្តក្នុងរឿងនេះ។
លោកស្កត់ ម៉ូរីសុន ហាក់ប្តូរជំហរមកវិញ ដោយសារតែមានការរិះគន់ខ្លាំងក្នុងស្រុក និងនៅក្រោយការចុះផ្សាយរបស់កាសែតដែលថា អូស្ត្រាលីនឹងអាចប្រឈមនឹងការដាក់សម្ពាធ ពីប្រទេសក្នុងតំបន់ ដែលអាចសងសឹក ខាងផ្នែកដោះដូរពាណិជ្ជកម្ម បើសិនអូស្ត្រាលី ប្រកាសទទួលស្គាល់ ហ្ស៊េរុយសាឡិម ជារដ្ឋធានីអ៊ីស្រាអែល និងផ្ទេរស្ថានទូតទៅនៅទីនោះមែន។
ប្រតិកម្មដំបូងកើតចេញមុនគេពីខាងឥណ្ឌូណេស៊ី ជាទីដែលរដ្ឋមន្រ្តីការបរទេសប៉ាឡេស្ទីនកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅថ្ងៃអង្គារនេះ។ កាសែតអូស្ត្រាលី នៅថ្ងៃនេះបានដកស្រង់សំដី របស់មន្រ្តីជាន់ខ្ពស់ ឥណ្ឌូណេស៊ីដែលថា បើសិនអូស្ត្រាលី ទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីអ៊ីស្រាអែល នោះ ការចរចា ដើម្បីបង្កើតកិច្ចព្រមព្រៀង ពាណិជ្ជកម្មអូស្ត្រាលី និងឥណ្ឌូណេស៊ី ដែលត្រូវបិទបញ្ចប់ នៅចុងឆ្នាំនេះ នឹងត្រូវនឹងផ្អាកទៅវិញ។ នៅសភាថ្ងៃនេះ នាយករដ្ឋមន្រ្តីអូស្ត្រាលី បាននិយាយថា លោកពិតជាបានពិភាក្សាតាមទូរស័ព្ទ ជាមួយលោកប្រធានាធិបតី ឥណ្ឌូណេស៊ី ពីរឿងដោះដូរពាណិជ្ជកម្មមែន នៅថ្ងៃនេះ។
នាយករដ្ឋមន្រ្តីអូស្ត្រាលី ហាក់រារែកមកវិញ ក្នុងរឿង ចង់ទទួលស្គាល់ហ្ស៊េរុយសាឡិមជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រោះតែលោកមិនចង់ប្រឈមនឹងក្រុមប្រទេស អ៊ីស្លាម ដែលគាំទ្របុព្វហេតុ ប្រជាជនប៉ាឡេស្ទីន ជាពិសេស គឺឥណ្ឌូណេស៊ីតែម្តង ដែលមានប្រជាជន៨០ភាគរយ ជាអ្នកកាន់សាសនាអ៊ីស្លាម។ អូស្ត្រាលីមិនឲ្យមានការថ្នាំងថ្នាក់ចិត្ត ជាមួយ ឥណ្ឌូណេស៊ី ព្រោះថា ក្រៅតែពីរឿងដោះដូរពាណិជ្ជកម្ម ឥណ្ឌូណេស៊ី នៅជាប្រទេសដៃគូសំខាន់ដែលក្រុងកង់បេរ៉ា ត្រូវការជំនួយ សម្រាប់ទប់ស្កាត់ លំហូរចូលជនអន្តោប្រវេសន៍តាមទូក ទៅក្នុង ទឹកដីអូស្ត្រាលី៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)