ពាក្យបណ្តឹងលើលោក ដូណាល់ ត្រាំ ពីសំណាក់​អតីតតារា​ភាពយន្ត​អាសអាភាសម្នាក់ ត្រូវចៅក្រម​​សហព័ន្ធ​អាមេរិកទាត់ចោល! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ពាក្យបណ្តឹងលើលោក ដូណាល់ ត្រាំ ពីសំណាក់​អតីតតារា​ភាពយន្ត​អាសអាភាសម្នាក់ ត្រូវចៅក្រម​​សហព័ន្ធ​អាមេរិកទាត់ចោល!

16/10/2018
(វ៉ាស៊ីនតោន)៖ ចៅក្រមសហព័ន្ធ​អាមេរិកម្នាក់ បានច្រានចោល​បណ្ដឹងបរិហារកេរ្តិ៍ ប្រឆាំងនឹងប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ​ របស់អតីតតារា​ថតខ្សែភាពយន្ដអាសអាភាស​អាមេរិក​នាង ស្តូមី ដានីញែល (Stormy Daniels)។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Hill ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
នាង Stormy Daniels បានដាក់ពាក្យ​បណ្ដឹងបរិហារកេរ្តិ៍​ប្រឆាំងនឹង​លោក ដូណាល់ ត្រាំ​ កាលពីខែសីហា​កន្លងទៅ ដោយរូបនាង​ចោទប្រកាន់ប្រធានាធិបតី​អាមេរិក​រូបនេះ បានចោទរូបនាងថា បានប្រឌិតព័ត៌មាន​ដែលថា លោក ត្រាំ បានគំរាមកំហែង​រូបនាង និងកូន​ស្រី មិនឱ្យនិយាយ​ពីទំនាក់ទំនងអាស្រូវផ្លូវ​ភេទ រវាងអ្នកទាំងពីរ​កាលពី​អតីតកាល។ បន្ថែមពីលើនេះ​នៅក្នុងពាក្យបណ្ដឹង​ប្ដឹងលោក ត្រាំ នាង Stormy Daniels ក៏បានទាមទារ​សំណង​ជំងឺចិត្ត ៧៥,០០០ដុល្លារ​ផងដែរ។
ក៏ប៉ុន្តែ​បើតាមសារព័ត៌មាន The Hill ចៅក្រមសហព័ន្ធ​លោក ចេមស៍ អូទែរ៉ូ (James Otero) បានច្រានចោលបណ្ដឹង​​របស់ អតីតតារាថត​ខ្សែភាពយន្ដ​អាសអាភាស​អាមេរិករូបនេះ ជាមួយការអះអាងថា អ្វីដែលលោក ត្រាំ បាននិយាយ​នៅលើ Twitter គ្រាន់តែជាការពារ​ខ្លួនឯងពីការចោទ​ប្រកាន់ ប្រឆាំងនឹងរូបលោកតែប៉ុណ្ណោះ។
គួរជម្រាបថា៖ បើតាមប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក នាង Daniels ធ្លាប់បាន​ទទួលប្រាក់ ១៣០,០០០ដុល្លារ តែមួយសប្ដាហ៍​ប៉ុណ្ណោះ មុននឹង​ការបោះឆ្នោត​ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ ចូលមកដល់​ ជាថ្នូរនឹងការបិទមាត់មិនគាស់​កកាយរឿងអាស្រូវ​ជាមួយ លោកត្រាំ។ ប៉ុន្តែ​សេតវិមានប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បដិសេធ​ចំពោះសេចក្ដីរាយការណ៍​នេះ៕