ខេត្តកណ្តាល៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានលើកឡើងថា ក្រៅពីតំបន់ទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ សំខាន់ៗ មួយចំនួននៅក្នុងខេត្តកណ្តាល រមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ កំពុងតែស្រូបយកអ្នកទេសចរឲ្យទៅកាន់ទីនោះច្រើនគួរឲ្យកត់សម្គាល់ ។ មន្ទីរទេសចរណ៍បានរៀបចំដំណើរកម្សាន្តតាមរទេះគោដែលស្ទើរតែបាត់បង់អស់ទៅហើយ នាពេលបច្ចុប្បន្ននេះ ។
លោកជួប សោភ័ណ្ឌ ប្រធានមន្ទីរទេសចរណ៍ខេត្តកណ្តាលបានឲ្យដឹងកាលពីពេលថ្មីៗកន្លងមកថា តាមរយៈនៃការរៀបចំឲ្យមានការធ្វើដំណើរកម្សាន្តតាមរយៈការជិះរទេះគោ ភ្ញៀវមានការចាប់អារម្មណ៍ជាខ្លាំង ហើយការធ្វើដំណើរតាមរទេះគោហាក់ធ្វើឲ្យពួកគេនឹកឃើញដល់អតីតកាល រទេះគោដែលដាក់បម្រើភ្ញៀវទេសចរនៅទីនោះជារបស់សហគមន៍ ហើយពួកគាត់បានតុបតែងរទេះគោដឹកភ្ញៀវគួរឲ្យទាក់ទាញ ។
លោកជួប សោភ័ណ្ឌ ថ្លែងថា «រទេះគោទាំងអស់នោះយើងបានរៀបចំជារបៀបរទេះគោ បុរាណសុទ្ធសាធ ដើម្បីឲ្យភ្ញៀវទេសចរបានស្គាល់អំពីទ្រង់ទ្រាយ និងស្នាដៃនៃប្រជាជនកម្ពុជា ។ ខ្ញុំរំពឹងថា ការជ្រើសយករទេះគោបែបបុរាណសម្រាប់ភ្ញៀវទេសចរជិះកម្សាន្តនៅរមណីយដ្ឋានភ្នំព្រះរាជទ្រព្យនេះ គឺជាការអភិរក្សរទេះគោផង និងទាក់ទាញភ្ញៀវទេសចរផង ហើយក៏ជាផលិតផលថ្មីសម្រាប់បម្រើឲ្យវិស័យទេសចរណ៍ផងដែរ »។
ដូចការរំពឹងទុកភ្ញៀវទេសចរចូលចិត្តជិះរទេះគោដែលធ្វើឲ្យកំណើនភ្ញៀវទេសចរទៅកាន់រមណីយដ្ឋានភ្នំព្រះរាជទ្រព្យកាន់តែច្រើនឡើង ។ លោកជួប សោភ័ណ្ឌ យល់ថា ហេតុដែលភ្ញៀវទៅកម្សាន្តច្រើននៅភ្នំព្រះរាជទ្រព្យ ក៏ព្រោះតែរមណីយដ្ឋាននេះស្ថិតនៅជិតរាជធានីភ្នំពេញផង និងជាតំបន់ប្រវត្តិសាស្ត្រ ខណៈដែលតំបន់នេះជាទីតាំងរាជធានីនៃប្រទេសកម្ពុជានាសម័យបុរាណផងដែរ ។ មន្ត្រីជំនាញបាន និងកំពុងយកចិត្តទុកដាក់បង្កើតផលិតផលទេសចរណ៍ ថ្មីៗបន្ថែមទៀត ដែលមានលក្ខណៈបែបប្រពៃណីបុរាណសម្រាប់បម្រើភ្ញៀវទេសចរនៅតំបន់នោះ ។
លោកប្រធានមន្ទីរលើកឡើងថា ប្រសិនបើការរៀបចំរមណីយដ្ឋានភ្នំព្រះរាជទ្រព្យទទួល បានជោគជ័យនោះ លោកនឹងឈានទៅរៀបចំរមណីយដ្ឋានមួយចំនួនទៀតក្នុងខេត្តកណ្តាល ដោយយកលំនាំតាមការរៀបចំនៅភ្នំព្រះរាជទ្រព្យ ពិសេសរទេះគោបុរាណតែម្តង ។
លោកអះអាងថា «ការរៀបចំរមណីយដ្ឋានប្រកបដោយជោគជ័យបាន លុះត្រាតែប្រជាពលរដ្ឋសហគមន៍ទទួលបានផលប្រយោជន៍ ហើយផ្តើមពីនោះពួកគាត់នឹងចូលរួមជាមួយយើង ។ ដូច្នេះតួនាទីប្រជាពលរដ្ឋនោះសំខាន់ខ្លាំងណាស់ មិនអាចមើលរំលងបានទេ អ៊ីចឹងហើយបានជាមន្ទីរទេសចរណ៍យកចិត្តទុកដាក់ក្នុងការពន្យល់និងបង្ហាញប្រជាពលរដ្ឋអំពីអត្ថប្រយោជន៍ដែលពួកគាត់ទទួលបាន៕ (អត្ថបទដោយ៖ ទេព វណ្ណះ)
