គ្រូទីម័រ ថា​កម្ពុជា​អាច​រក​បាន​​លើស ៥គ្រាប់ ខណៈ​គ្រូ​កម្ពុជា​​ទទួល​ស្គាល់​កង្វះ​ខាត​កូនក្រុម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រូទីម័រ ថា​កម្ពុជា​អាច​រក​បាន​​លើស ៥គ្រាប់ ខណៈ​គ្រូ​កម្ពុជា​​ទទួល​ស្គាល់​កង្វះ​ខាត​កូនក្រុម

13/10/2018
(ភ្នំពេញ)៖ ជំនួបមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិទីម័រខាងកើត កាលពីយប់មិញ បានបញ្ចប់ដោយតានតឹងបំផុត ជាមួយលទ្ធផលស្មើគ្នា ២-២។ ប៉ុន្ដែក្រោយចប់ការប្រកួតគ្រូបង្វឹកក្រុមភ្ញៀវទីម័រខាងកើត បានលើកឡើងថា កម្ពុជាគួរណារកបានលើសពី ៥គ្រាប់ ប្រសិនបើខ្សែប្រយុទ្ធមុតស្រួចជាងនេះ គ្រាដែលលោក  Felix គ្រូកម្ពុជា ក៏បានទទួលស្គាល់នូវចំណុចខ្វះខាតនៃតំបន់ប្រយុទ្ធរបស់ខ្លួនផងដែរ។
លោក Norio Tsukitate គ្រូបង្វឹកក្រុមភ្ញៀវទីម័រខាងកើត បានលើកឡើថា «កីឡាករកម្ពុជាមានឆន្ទៈខ្ពស់ក្នុងការប្រកួតនេះ ដែលធ្វើឲ្យកូនក្រុមមានការភាន់ច្រឡំ បន្ទាប់ពីយើងបានដឹងពីកលល្បិចរបស់កម្ពុជា។ ចំពោះលទ្ធផលស្មើគ្នានេះ វាមិនមែនជារឿងសំណាង ឬអ្វីទេ តែសំខាន់ប្រសិនបើខ្សែប្រយុទ្ធរបស់កម្ពុជាមុតស្រួច ឬខ្លាំងជាងហ្នឹង ពួកគេអាចស៊ុតចូលទីពួកយើង ៥គ្រាប់ ទៅ៦គ្រាប់ ព្រោះពួកគេមានឱកាសច្រើនមែនទែន»
ដោយឡែកលោក Felix Agustin Gonzalez Dalmas គ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបាននិយាយថា កូនក្រុមខ្លួនពិតជាព្យាយាមធ្វើបានល្អ ជាមួយនឹងទម្រង់លេងថ្មីរបស់ខ្លួន ពិសេសលោកសប្បាយចិត្ត ក្រោយបានដាក់កីឡាករក្មេងៗមួយចំនួនចូលរួមការប្រកួតមិត្តភាពនេះ ហើយពួកគេបានបង្ហាញសមត្ថភាពមួយអាចទទួលយកបាន។ ប៉ុន្ដែក្នុងនោះក៏មានចំណុចខ្វះខាតជាច្រើន ត្រូវកែតម្រូវ ដើម្បីសម្រួចទិសដៅឆ្ពោះទៅរកការប្រកួតពានរង្វាន់  AFF Suzuki Cup 2018 ផងដែរ។
លោក Felix បន្ដថា «ថ្ងៃនេះ កីឡាករយើងជឿជាក់លើទម្រង់លេងថ្មី និងព្យាយាមធ្វើតាមអ្វីខ្ញុំពន្យល់ តែយើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីណែនាំ ព្រោះយើងបានដាក់លំហាត់ពិបាកខ្លះដល់ពួកគេ ចឹងយើងត្រូវការពេល ដើម្បីណែនាំពួកគេឲ្យធ្វើបានកាន់តែល្អ។ និយាយរួម មានច្រើនចំណុចខ្វះខាត យើងត្រូវកែតម្រូវ ពិសេសគឺការបញ្ចប់ទី ដែលយើងត្រូវពង្រឹង និងយកចិត្តទុកដាក់ ជាក់ស្ដែងថ្ងៃនេះ កីឡាកររបស់យើងបញ្ចប់ទីមិនទាន់ល្អនោះទេ»
គួរបញ្ជាក់ថា៖ ក្រោយបញ្ចប់ជំនួបមិត្តភាពខាងលើ ៤ថ្ងៃក្រោយ ពោលគឺនៅថ្ងៃទី១៦ ខែតុលាខាងមុខ ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិសិង្ហបុរីវិញម្ដង ក្នុងជំនួបមិត្តភាពអន្ដរជាតិដដែល ដើម្បីពង្រឹងសមត្ថភាពឲ្យកាន់តែល្អប្រសើរ មុនឈានដល់ការប្រកួតផ្លូវការ នៃពានរង្វាន់ AFF Suzuki Cup 2018 ដែលនឹងចូលមកដល់នាថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ ដោយកម្ពុជា ក៏ត្រូវប្រកួតបើកឆាកមុនគេ លើទឹកដីរបស់ខ្លួនផងដែរ ដោយត្រូវជួបក្រុមជម្រើសជាតិម៉ាឡេស៊ីមុនគេតែម្ដង៕