លោក មូន ជែអ៊ីន ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន BBC នៅថ្ងៃសុក្រសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក មូន បានលើកឡើងដូច្នេះថា៖ «សម្រាប់លោកប្រធាន គីម ខ្ញុំអាចនិយាយបានថាគាត់គឺជា មេដឹកនាំវ័យក្មេងម្នាក់ ប៉ុន្តែគាត់មានទស្សនៈវិស័យច្បាស់លាស់ដើម្បីអភិវឌ្ឍប្រទេសដ៏ក្រីក្ររបស់លោក...មិនតែប៉ុណ្ណោះ គាត់ក៏ជាមនុស្សម្នាក់ដែលចេះគួរសម និងស្មោះត្រង់ ព្រមទាំងចេះគោរពមនុស្សមានវ័យចំណាស់ជាងលោក។ ពោលគឺ ខ្ញុំអាចនិយាយថាគាត់គឺជាមេដឹកនាំចេះដាក់ខ្លួនបំផុត»។
បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីស្ថានភាពសិទ្ធិមនុស្សនៅកូរ៉េខាងជើង លោកប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ យល់ថាការដាក់សម្ពាធពីសំណាក់អន្តរជាតិប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្រោមហេតុផលសិទ្ធិមនុស្សគឺជាយុទ្ធសាស្ត្របរាជ័យ ។ «ការលើកកម្ពស់សិទ្ធិមនុស្សតាមរយៈការដាក់ទណ្ឌកម្ម ឬសម្ពាធពីអន្តរជាតិ គឺពិតជាមិនមានប្រសិទ្ធិភាពឡើយ»។ នេះ ជាការបន្ថែមរបស់លោក មូន។
គួរបញ្ជាក់ថា៖ លោក មូន ជែអ៊ីន គឺជាប្រធានាធិបតីកូរ៉េខាងត្បូងដំបូងគេបំផុត ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ ដែលបាន ថ្លែងសារទៅកាន់ប្រជាជនកូរ៉េខាងជើងនាឱកាសបំពេញដំណើរទស្សនកិច្ចក្នុងទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាកន្លងទៅ៕