ប៉ាគីស្ថាន​បង្ហាញការជំទាស់​យ៉ាងខ្លាំង​ចំពោះឥណ្ឌា ដែលបាន​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីប្រទេសរុស្ស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប៉ាគីស្ថាន​បង្ហាញការជំទាស់​យ៉ាងខ្លាំង​ចំពោះឥណ្ឌា ដែលបាន​ទិញប្រព័ន្ធ​មីស៊ីល S-400 ពីប្រទេសរុស្ស៊ី!

13/10/2018
(ប៉ាគីស្ថាន)៖ ក្រសួងការបរទេសប៉ាគីស្ថាន បានសម្ដែងការ​ជំទាស់យ៉ាងខ្លាំង ​ទៅនឹងកិច្ចព្រមព្រៀង​លក់ប្រព័ន្ធ​មីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ឱ្យប្រទេស​ឥណ្ឌា ដោយអះអាងថា វានឹងធ្វើឱ្យប៉ះពាល់​ដល់តុល្យភាពកម្លាំង​នៅក្នុងតំបន់។ នេះ ជាការលើក​ឡើងរបស់​លោក ម៉ូហាំម៉េដ ហ្វៃសាល់ (Mohammad Faisal) ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់អ្នក​សារព័ត៌មាន​នៅថ្ងៃសុក្រ​សប្ដាហ៍នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ប៉ាគីស្ថាន លោក Mohammad Faisal បានសង្កត់​ធ្ងន់ដែរថា រាល់ការលក់អាវុធ​ឱ្យឥណ្ឌា​មិនថាតែ S-400​ នោះទេ ប្រទេសផ្គតផ្គង់​ទាំងអស់ត្រូវតែធានាឱ្យបានថា ការលក់អាវុធ​ទាំងនោះនឹងមិនធ្វើ​ឱ្យប៉ះពាល់ ដល់តុល្យភាព​កម្លាំងនៅក្នុងតំបន់​នោះឡើយ។

លោក Faisal បន្ថែមយ៉ាងដូច្នេះថា «យើងជំទាស់​ជាដាច់ខាត​នឹងរាល់ការរត់ប្រណាំង​សព្វាវុ នៅក្នុងតំបន់​អាស៊ីខាងត្បូង ហើយយើង​ស្នើឱ្យមាន​វិធានការនានា ដើម្បីលើកកម្ពស់​ការកាត់បន្ថយ​អាវុធ​នុយក្លេអ៊ែរ»
គួរជម្រាបថា៖ កាលពីថ្ងៃទី០៥ ខែតុលា រុស្ស៊ី និងឥណ្ឌាបានចុះហត្ថលេខា​ជាផ្លូវការលើកិច្ចព្រមព្រៀង​លក់ S-400 ឱ្យឥណ្ឌា ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារ នាឱកាស​នៃការបំពេញដំណើរទស្សនិច្ច​មកកាន់ទីក្រុង​ញូដេលី របស់​ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បើទោះជាមាន​ការគំរាមការទណ្ឌកម្ម​ពីសហរដ្ឋអាមេរិក​ក៏ដោយ។ ប៉ុន្តែ អ្វីដែលគួរឱ្យ​កត់សម្គាល់ នោះគឺថាក្រុមអ្នក​ជំនាញមួយចំនួន​យល់ថា វត្ដមាន S-400 នៅលើទឹកដីឥណ្ឌា អាចនឹងបង្កទៅជាការរត់ប្រណាំងសព្វាវុធ នៅក្នុងតំបន់ ដ្បិតប៉ាគីស្ថាន​នឹងមិននៅស្ងៀម​ ក្នុងការប្រឈមមុខ​នឹងការបង្កើនឥទ្ធិពលយោធា​ឥណ្ឌា។

ចាប់តាំងត្រូវបែងចែក​ជាពីរ​កាលពីឆ្នាំ១៩៤៧មក ឥណ្ឌា​ធ្លាប់បានធ្វើសង្រ្គាម​ជាមួយគ្នាចំនួន​បីលើក នៅឆ្នាំ១៩៤៨ ១៩៦៥ និង១៩៧១ ហើយមកទល់​នឹងពេលនេះ​ ប្រទេសទាំងពីរនៅតែមើល​មុខគ្នាមិនចំ​ដដែល ជាពិសេស​ទាក់ទិននឹងជម្លោះ​ដែនដី នៅឯតំបន់​កាស្មៀ ព្រមទាំងដែនទឹកផងដែរ៕