អង់គ្លេស៖ លំហរនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា គឺជាច្រកទ្វារដ៏ធំទូលាយ ដែលអាចរងគ្រោះគ្រប់ពេលដោយការវាយប្រហាររដ្ឋាភិបាលអង់គ្លេស និងអូស្ត្រាលី បានរួមគ្នាធ្វើការចោទប្រកាន់ ទៅលើអង្គភាពចារកិច្ច របស់កងទ័ពរុស្ស៊ី ថាជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យា ជាច្រើនករណី នៅទូទាំងពិភពលោក។ មិនថាស្ថាប័ននយាបាយ ស្ថាប័នកីឡា ក្រុមហ៊ុនឯកជន ឬបណ្តាញសារព័ត៌មាន នោះទេ គឺសុទ្ធសឹងតែធ្លាប់រងគ្រោះ ដោយសកម្មភាពវាយប្រហារទាំងនេះ ពីសំណាក់ក្រុមចារកិច្ចកងទ័ពរុស្ស៊ី។
បើតាមការអះអាង របស់ក្រសួងការបរទេសអង់គ្លេស បានឲ្យដឹងថា មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំង និងការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យារបស់អង់គ្លេស បានស្រាវជ្រាវដឹងថា អង្គភាពចារកិច្ចនៃកងទ័ពរុស្ស៊ី គឺជាអ្នកនៅពីក្រោយ សកម្មភាពវាយប្រហារជាច្រើន នៅទូទាំងពិភពលោក។ ប្រភពនេះ អះអាងថា ចារកិច្ចកងទ័ពរុស្ស៊ី ធ្វើសកម្មភាព វាយប្រហារ ដោយមិនរើសមុខ និងដោយមិនអត់ឱន អ្វីទាំងអស់។
ក្នុងចំណោមសកម្មភាពវាយប្រហារ ដែលអង្គភាពរបស់រុស្ស៊ីបានធ្វើ មានជាអាថទិ៍ ដូចជាការចូលទៅបំផ្លាញប្រព័ន្ធព័ត៌មានវិទ្យា របស់គណបក្សប្រជាធិបតេយ្យអាមេរិក ការចូលទៅលួច និងទំលាយឯកសារសំខាន់ៗ របស់ទីភ្នាក់ងារពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់សារធាតុប៉ូវកម្លាំងក្នុងវិស័យកីឡា ព្រមទាំងការវាយប្រហារ ទៅលើប្រព័ន្ធកុំព្យូទ័រ របស់អាកាសយានដ្ឋានOdessa នៅអ៊ុយក្រែន ជាដើម។
បើតាមប្រភពដដែល គឺចារកិច្ចរុស្ស៊ីបានប្រើប្រាស់ចោរព័ត៌មានវិទ្យា ដែលមានសមត្ថភាពខ្ពស់ ជាច្រើនក្រុម មានដូចជា ឈ្មោះ « Fancy Bear » « Sandworm » «Strontium » « APT 28 » « CyberCaliphate » « Sofacy » « BlackEnergy Actors » ជាដើម។ ហើយជាទូទៅ ក្រុមខ្លះមានឈ្មោះច្រើន តែធាតុពិតជាក្រុមតែមួយ ដែលស៊ីឈ្នួលឲ្យរុស្ស៊ី។
លោក Jeremy Hunt រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាននិយាយថា សកម្មភាពទាំងនេះ គឺស្តែងឲ្យឃើញពីអត្តចរិក បែបយូកូងរបស់ចារកិច្ចរុស្ស៊ី ដែលធ្វើប្រតិបត្តិការ ដោយមិនគិតខ្វល់ពីច្បាប់ និងបទដ្ឋានអន្តរជាតិអ្វីទាំងអស់។ លោកបន្តថា ជាមួយនិងសម្ព័ន្ធមិត្តផ្សេងទៀត អង់គ្លេស នឹងបន្តនិយាយការពិត ព្រមធ្វើការឆ្លើយតបវិញ នូវរាល់សកម្មភាពស្មោគគ្រោក របស់អង្គភាពចារកិច្ចរុស្ស៊ី ដែលសំដៅបំផ្លាញស្ថិរភាពសកលលោក។
យ៉ាងណាមិញ សេចក្តីសន្និដ្ឋានរបស់រដ្ឋាភិបាលអង់គ្លេសនេះ ក៏បានទទួលការគាំទ្រ និងយល់ស្រប ពីរដ្ឋាភិបាលអូស្រ្តាលីដែរ។ រដ្ឋាភិបាលអូស្ត្រាលី បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី៤តុលានេះថា រុស្ស៊ី ត្រូវតែគោរពបទដ្ឋានច្បាប់អន្តរជាតិជាធរមាន ស្តីពីការគ្រប់គ្រងលំហរបច្ចេកវិទ្យាព័ត៌មានវិទ្យា មិនអាចបន្តធ្វើសកម្មភាពហារយ បែបច្បាប់ព្រៃ ដូចនេះបានទៀតទេ។
ដោយឡែក លោកMalcom Chalmers តំណាងវិទ្យាស្ថានជាតិអង់គ្លេសដើម្បីការសិក្សាសន្តិសុខ បានលើកឡើងថា សកម្មភាពរបស់អង្គភាពចារកិច្ចរុស្ស៊ីបច្ចុប្បន្ននេះ គឺមិនមែនគ្រាន់តែជាសកម្មភាពស៊ើបការណ៍សំងាត់ធម្មតាទេ តែជាប្រតិបតិ្តការដែលមានចេតនាអាក្រក់ សំដៅបំផ្លាញ និងធ្វើឲ្យប្រព័ន្ធប្រជាធិបតេយ្យតាមប្រទេសផ្សេង មានបញ្ហា ដែលនេះ គឺវាបង្កឲ្យមានអស្ថិរភាពសង្គម៕