(បច្ចេកវិទ្យា)៖ កន្លងទៅបើចង់លុបគណនី Facebook មួយត្រូវរង់ចាំរយៈពេល ១៤ ថ្ងៃទើបគណនីនោះលែងមានវត្តមានក្នុងលោកតទៀត។ យ៉ាងណាក្ដីពេលនេះ Facebook បានបន្ថែមរយៈពេលរហូតដល់ ១ ខែ ដើម្បីទុកពេលឲ្យអ្នកប្រើប្រាស់គិតឲ្យបានច្បាស់លាស់។
អ្នកតំណាង Facebook បានលើកឡើងពីហេតុផលនៃការផ្លាស់ប្ដូរនេះថា ៖ "យើងបានឃើញអ្នកប្រើប្រាស់មួយចំនួន Log in ចូលគណនីរបស់ខ្លួនវិញក្នុងអំឡុងពេល ១៤ ថ្ងៃនៃការលុបគណនី។ ការបន្ថែមរយៈពេលដូចនេះ អាចផ្ដល់ពេលវេលាកាន់តែច្រើនដើម្បីឲ្យអ្នកប្រើប្រាស់គិតគូរបានកាន់តែច្បាស់ពីការសម្រេចចិត្តរបស់ខ្លួន”។
ការបន្ថែមរយៈពេលនេះកើតមានក្រោយពីផ្ទុះព័ត៌មានថាគណនី Facebook ចំនួន ៥០ លានត្រូវ Hacker លុកលុយយកព័ត៌មាននៃការ Log in បាន។ ក្រោយកើតមានរឿងនេះគេក៏សង្កេតឃើញមានចលនាលុបគណនី Facebook ផងដែរ៕
ប្រភព៖ The Verge
