ប្រទេសបារាំង៖ បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ និងបានទម្លាក់ការទទួលខុសត្រូវលើចលនា « មូចាយអ៊ីនប្រជាជន »។ទំនាក់ទំនងរវាងបារាំង និងអ៊ីរ៉ង់បានឡើងតានតឹងមួយកម្រិតទៀត។ នៅថ្ងៃអង្គារ ទី២ តុលា ទីក្រុងប៉ារីសបានចោទទីក្រុងតេហេរ៉ង់ពីបទនៅពីក្រោយគម្រោងរៀបចំភេរវកម្មនៅជាយក្រុងប៉ារីសកាលពីថ្ងៃទី៣០ មិថុនាកន្លងទៅ។ គឺជាគម្រោងភេរវកម្មប្រឆាំងនឹងការជួបជុំរបស់ចលនា « មូចាយអ៊ីនប្រជាជន » ដែលជាក្រុមប្រឆាំងនឹងរដ្ឋាភិបាលអ៊ីរ៉ង់ក្នុងប្រទេសបារាំង។ តាមទីក្រុងប៉ារីស ក្រសួងស៊ើបការសម្ងាត់អ៊ីរ៉ង់ជាអ្នករៀបចំគម្រោងភេរវកម្មកាលណោះ។
តែអ៊ីរ៉ង់បានចេញមុខបដិសេធយ៉ាងដាច់អហង្ការ និងបានទម្លាក់ការទទួលខុសត្រូវលើចលនា « មូចាយអ៊ីនប្រជាជន »គេអាចប្រដូចចលនា « មូចាយអ៊ីនប្រជាជន » ទៅនឹងគណបក្សប្រឆាំងមួយរបស់អ៊ីរ៉ង់ដែលកំពុងមានទីស្នាក់ការនៅបរទេស ពិសេសក្នុងប្រទេសបារាំង។ ចលនាមួយនេះបានចាប់កំណើតក្នុងឆ្នាំ ១៩៦៥ នៅអ៊ីរ៉ង់ជាមួយនឹងមនោគមវិជ្ជាឆ្វេងនិយម និងដែលការតស៊ូប្រដាប់អាវុធរបស់ពួកគេមានគោលដៅផ្តួលរំលំរបបរាជានិយមអ៊ីរ៉ង់។ តែនៅក្រោយបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៩ ចលនា « មូចាយអ៊ីនប្រជាជន » ត្រូវបានប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់ដ៏មានឥទ្ធិពលជំនាន់នោះ គឺលោកខូមេណីកំចាត់ចេញពីឆាកនយោបាយអ៊ីរ៉ង់។ បន្ទាប់មក ចលនាមួយនេះក៏ត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពចាប់តាំងពីឆ្នាំ ១៩៨១។
ចាប់តាំងពីពេលនោះមក ចលនា « មូចាយអ៊ីនប្រជាជន » បានក្លាយជាសត្រូវស៊ីសាច់ហុចឈាម និងជាឆ្អឹងទទឹង ក របស់របបក្រុងតេហេរ៉ង់ និងគ្មានជម្រើសអ្វីក្រៅពីផ្តើមបន្តសកម្មភាពរបស់ខ្លួននៅបរទេស ពិសេសក្នុងប្រទេសអ៊ីរ៉ាក់ដែលពួកគេទទួលបានការគាំទ្រ និងការពារពីប្រធានាធិបតីអ៊ីរ៉ាក់លោកសាដាម ហ៊ូសេនដែលជាសត្រូវស៊ូពូជរបស់អ៊ីរ៉ង់ជំនាន់នោះ។ បន្ទាប់មក បារាំងក៏បានទទួលក្រុមសកម្មជននៃចលនា « មូចាយអ៊ីនប្រជាជន » ឲ្យជ្រកកោណជាមួយនឹងមេកើយស្ថាបនិកលោកម៉ាស៊ូដ រ៉ាហ្សាវី (Massoud Radjavi) ដែលបានភៀសខ្លួនមកដល់ទឹកដីបារាំងក្នុងឆ្នាំ ១៩៨២។
ក្រោយមរណភាពលោកម៉ាស៊ូដ រ៉ាហ្សាវីក្នុងឆ្នាំ ២០០៣ តំណែងប្រធានចលនា « មូចាយអ៊ីនប្រជាជន » បានធ្លាក់ក្នុងដៃលោកស្រីម៉ាយ៉ាមរ៉ាហ្សាវី (Maryam Radjavi) ដែលជាភរិយា។ ក្រោមភ្នែក ចម្រុះរបស់ពលរដ្ឋអ៊ីរ៉ង់ភាគច្រើន ក៏ដូចជាក្រុមប្រទេសបស្ចិមលោកមួយចំនួន ចលនា « មូចាយអ៊ីនប្រជាជន » ជាគណបក្សប្រឆាំងអ៊ីរ៉ង់តែមួយគត់ដែលនៅក្រៅទឹកដីអ៊ីរ៉ង់ និងដែលកំពុងបន្តការតស៊ូឲ្យមានការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់សព្វថ្ងៃ។
ចលនា « មូចាយអ៊ីនប្រជាជន » រៀបចំសមាជក្នុងថ្ងៃទី៣០ មិថុនា ២០១៨ជារៀងរាល់ឆ្នាំ ចលនា « មូចាយអ៊ីនប្រជាជន » តែងបានរៀបចំសមាជជាតិដោយមានការចូលរួមពីពលរដ្ឋអ៊ីរ៉ង់រស់នៅបរទេស ពិសេសក្នុងទឹកដីបារាំង រួមទាំងថ្នាក់ដឹកនាំនយោបាយបរទេសជាច្រើននាក់ផ្សេងទៀត។ បារាំងជាទឹកដីដែលមានទីស្នាក់ការរបស់ចលនា « មូចាយអ៊ីនប្រជាជន » ធំជាងគេ និងមានសមាជិកច្រើនជាងគេ។ ក្នុងថ្ងៃទី៣០ មិថុនា ឆ្នាំ ២០១៨ ចលនាមួយនេះបានរៀបចំសមាជនៅជាយទីក្រុងប៉ារីសដោយមានសកម្មជនចូលរួមប្រមាណជា ២៥ ០០០នាក់។ តែក្នុងថ្ងៃដដែល ប៉ូលិសក្នុងប្រទេសបែលហ្ស៊ិកបានចាប់ខ្លួនប្តី ប្រពន្ធ ២នាក់ដើមកំណើតអ៊ីរ៉ង់ជាមួយនឹងសារធាតុផ្ទុះក្នុងឡានចំនួន ៥០០ក្រាម ព្រមទាំងវត្ថុសម្រាប់បញ្ជាបំផ្ទុះ។
ទន្ទឹមនឹងការចាប់ខ្លួនប្តី ប្រពន្ធ ២នាក់ដើមកំណើតអ៊ីរ៉ង់ក្នុងប្រទេសបែលហ្ស៊ិក ក៏មានការចាប់ខ្លួនមន្រ្តីការទូតអ៊ីរ៉ង់ម្នាក់ឈ្មោះអាសាដូល្លា អាសាឌី (Assadollah Assadi) ក្នុងប្រទេសអាល្លឺម៉ង់ និងដែលមន្រ្តីការទូតអ៊ីរ៉ង់រូបនេះមានទំនាក់ទំនងជាមួយប្តី ប្រពន្ធ ២នាក់ដើមកំណើតអ៊ីរ៉ង់។ ផ្អែកតាមតុលាការអាល្លឺម៉ង់ លោកអាសាដូល្លា អាសាឌីបានដើរតួនាទីជាអ្នកឃ្លាំមើលសកម្មភាពរបស់សកម្មជនប្រឆាំងអ៊ីរ៉ង់នៅបរទេស ហើយលោកអាសាឌីជាអ្នកផ្តល់សារធាតុផ្ទុះសម្រាប់វាយប្រហារលើការជួបជុំរបស់សកម្មជននៃចលនា « មូចាយអ៊ីនប្រជាជន » នៅជាយក្រុងប៉ារីសក្នុងថ្ងៃទី៣០ មិថុនា។
គឺដោយសារការចាប់ខ្លួនប្តី ប្រពន្ធ ២នាក់ដើមកំណើតអ៊ីរ៉ង់ក្នុងប្រទេសបែលហ្ស៊ិកក្នុងថ្ងៃទី៣០ មិថុនាដែលបានធ្វើឲ្យខកខានគម្រោងភេរវកម្មប្រឆាំងនឹងការជួបជុំរបស់សកម្មជននៃចលនា « មូចាយអ៊ីនប្រជាជន »។ ក៏ប៉ុន្តែជាថ្មីម្តងទៀត អ៊ីរ៉ង់តាមរយៈក្រសួងការបរទេសបានច្រានចោលការចោទប្រកាន់របស់បារាំង និងថា គម្រោងភេរវកម្មកាលណោះជាឆាកល្ខោនរៀបចំដោយចលនា « មូចាយអ៊ីនប្រជាជន » ខ្លួនឯង។
បារាំងមិនចង់ប្រឈមមុខនឹងអ៊ីរ៉ង់ តែមិនអនុញ្ញាតឲ្យប្រើទឹកដីបារាំងដើម្បីបង្កភេរវកម្ម
បន្ទាប់ពីបានបើកការស៊ើបអង្កេតយ៉ាងម៉ត់ចត់ ល្អិតល្អន់ និងដោយសម្ងាត់ រួមទាំងមានការសហការណ៍ពីដៃគូបរទេស ពិសេសប្រទេសអ៊ីស្រាអែល បែលហ្ស៊ិក អាល្លឺម៉ង់ និងប្រទេសអាល់បានីអស់រយៈពេល ៣ខែ រដ្ឋាភិបាលបារាំងបានទាញសេចក្តីសន្និដ្នានដោយមិនអល់អែកថា ក្រសួងស៊ើបការណ៍សម្ងាត់អ៊ីរ៉ង់ជាអ្នកបញ្ជាឲ្យរៀបចំគម្រោងវាយប្រហារលើការជួបជុំរបស់សកម្មជននៃចលនា « មូចាយអ៊ីនប្រជាជន » នៅជាយក្រុងប៉ារីស ប្រទេសបារាំងក្នុងថ្ងៃទី៣០ មិថុនា។ គួរជម្រាបជូនថា ប្រទេសអាល់បានីក៏ជាមូលដ្ឋានដ៏សំខាន់របស់សកម្មជននៃចលនា « មូចាយអ៊ីនប្រជាជន » ដែរ។
ទីក្រុងប៉ារីសបានបញ្ជាក់ច្បាស់ៗថា ទង្វើរបៀបនេះរបស់រដ្ឋាភិបាលអ៊ីរ៉ង់ជារឿងមិនអាចទទួលយកបាន និងថា បារាំងមិនអាចអនុញ្ញាតឲ្យមានការគំរាមកំហែងណាមួយដោយប្រើវិធីសាស្រ្តបែបនេះនៅលើទឹកដីរបស់ខ្លួនទេ។ ជាទណ្ឌកម្មជាក់ស្តែង បារាំងបានបង្កកទ្រព្យសម្បតិ្ត លុយកាក់របស់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងអ៊ីរ៉ង់ដែលមាននៅក្នុងប្រទេសបារាំង រួមទាំងបង្កកទ្រព្យសម្បត្តិ លុយកាក់របស់មន្រ្តីការទូតអ៊ីរ៉ង់ ២នាក់នៅបរទេស ក្នុងនោះមានលោកអាសាដូល្លា អាសាឌីដែលកំពុងឃុំខ្លួនក្នុងប្រទេសអាល្លឺម៉ង់។ បារាំង និងអ៊ីរ៉ង់បារាំងបានមើលមុខគ្នាមិនចំតាំងពីរឿងរ៉ាវមួយនេះបានផ្ទុះដំបូង គ្រាន់តែថាជាមួយនឹងទណ្ឌកម្មរបស់បារាំងពេលនេះនឹងធ្វើឲ្យភាគីទាំងពីរបែរខ្នងដាក់គ្នា។
រហូតមកដល់ពេលនេះ ទីក្រុងប៉ារីសបន្តអូសបន្លាយការតែងតាំងឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួនប្រចាំអ៊ីរ៉ង់ដោយបន្តរង់ចាំការពន្យល់បំភ្លឺបកស្រាយឲ្យបានច្បាស់លាស់ពីទីក្រុងតេហេរ៉ង់ចំពោះរឿងរ៉ាវមួយនេះ។ អ្វីដែលបារាំងចង់បាន គឺបិទសំណុំរឿងមួយនេះឲ្យបានឆាប់រហ័ស និងមិនចង់ប្រឈមមុខនឹងអ៊ីរ៉ង់ទេ។ ឃើញថា បាល់កំពុងស្ថិតក្នុងជើងអ៊ីរ៉ង់ដែលត្រូវសារភាពការពិត ហើយទីក្រុងតេហេរ៉ង់យល់មិនច្រឡំទេថា ខ្លួនកំពុងត្រូវការបារាំងដែលកំពុងបន្តចេញមុខការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលអាមេរិករបស់លោកដូណាល់ ត្រាំទើបបានដកខ្លួនក្នុងខែឧសភាកន្លងទៅ៕
