អាមេរិក៖ លោក Donald Trumpទទួលសំណួរពីអ្នកកាសែត New York Times ថ្ងៃទី២៦ កញ្ញា ២០១៨
កាលពីថ្ងៃអង្គារ ទី២តុលា កាសែត The New York Times បានចុះផ្សាយអត្ថបទស៊ើបអង្កេតមួយ ស្តីពីប្រាក់ចំណូលរបស់លោកដូណាល់ ត្រាំ ដែលផ្ទេរឲ្យពីឪពុកម្តាយលោក។ បើតាមកាសែតនេះ ប្រាក់នោះចំនួនជាង៤០០លានដុល្លារ ហើយភាគច្រើនគឺជាប្រាក់ ដែលបានមកពីការគេចវេស មិនបង់ពន្ធជូនរដ្ឋ។ ក្រោយការចុះផ្សាយនេះភ្លាម អាជ្ញាធរពន្ធដាររដ្ឋញូយ៉ក បានចាប់ផ្តើមបើកការស៊ើបអង្កេត លើប្រាក់ចំណូលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ។
បើតាមការចុះផ្សាយ របស់ The New York Times បានឲ្យដឹងថា បងប្អូន៤នាក់ របស់លោក ដូណាល់ ត្រាំ បានទទួលប្រាក់ពីឪពុកម្តាយ សរុបទាំងអស់ មិនតិចជាង១ពាន់លានដុល្លារទេ។ លោកដូណាល់ ត្រាំ បានទទួលលុយទាំងនេះ តាំងតែពីអាយុ៣ឆ្នាំម្លេះ គឺគណនីធនគាររបស់លោក បានទទួលប្រាក់ ២សែនដុល្លារ ជារៀងរាល់ឆ្នាំ។ មានន័យថា អាយុ៨ឆ្នាំ មិនទាន់ដឹងក្តីផង លោកដូណាល់ ត្រាំ បានក្លាយជាមហាសេដ្ឋីមានប្រាក់រាប់លានរួចទៅហើយ។
បើតាមប្រភពពី The New York Times ដដែលបានឲ្យដឹងថា បើសរុបមក លោក ដូណាល់ ត្រាំ បានទទួលប្រាក់ ពីឪពុកម្តាយខ្លួន ចំនួន៤១៣លានដុល្លារ។ ប្រាក់ទាំងនោះ គឺបានមកពីអាណាចក្រក្រុមហ៊ុនអចលនទ្រព្យ របស់ឪពុកលោកដូណាល់ ត្រាំ។ កាសែតដ៏ធំបំផុត របស់អាមេរិកនេះ បានអះអាងថា ប្រាក់រាប់សិបលានទាំងនេះ គឺជាប្រាក់ ដែលក្រុមគ្រួសារលោកដូណាល់ ត្រាំ បានរៀបចំបង្វិល គេចមិនបង់ពន្ធឲ្យរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ លោកដូណាល់ ត្រាំ ព្រមទាំងបងប្អូន បានបង្កើត ក្រុមហ៊ុនខ្មោចជាច្រើន ដើម្បីកិបកេងបន្លំប្រាក់ចំណូលទៀតផង។ The New York Times លើកឡើងថា បើគិតប្រាក់ពន្ធ គ្រួសារលោកត្រាំ ត្រូវបង់ពន្ធទាំងអស់៥៥០លានដុល្លារ តែបើតាមការពិនិត្យឯកសារ គឺពួកគេ បានបង់តែជាង៥២លានដុល្លារប៉ុណ្ណោះ។
ក្រោយការចុះផ្សាយនេះ អ្នកនាំពាក្យអាជ្ញាធរពន្ធដារនៅរដ្ឋញូយ៉ក បានប្រាប់អ្នកយកព័ត៌មានបារាំង AFP ថា ក្រុមការងារលោក បានបើកការស៊ើបអង្កេត ស្តីពីប្រាក់ចំណូលទាំងនេះ ដើម្បីស្វែងរកថាតើមានបទល្មើសពន្ធដារដែរឬទេ។
ដោយឡែក អ្នកនាំពាក្យសេតវិមាន បានទាត់ចោលការចុះផ្សាយរបស់កាសែត The New York Times នេះទាំងស្រុង ដោយបានលើកឡើងថា សារព័ត៌មាននេះ រិះរកវិធីគ្រប់យ៉ាង ជាយូរមកហើយ ដើម្បីតែបង្កាច់បង្ខូចកិត្តិយស របស់លោកប្រធានាធិបតីដូណាល់ ត្រាំ។ ដូចគ្នាដែរ លោក Charles Harder មេធាវីរបស់លោកត្រាំ បានអះអាងថា ដំណឹងចុះផ្សាយនេះ គឺវាមិនពិតទាំងស្រុង។
យ៉ាងណាក៏ដោយ The New York Times បានអះអាងថា ក្រុមអ្នកកាសែត បានធ្វើការស្រាវជ្រាវពិនិត្យលើឯកសារប្រកាសពន្ធ រាប់រយឯកសារ របស់លោក Fred Trump ដែលជាឪពុករបស់លោកដូណាល់ ត្រាំ មិនថាជាឯកសារប្រកាសពន្ធចំណូលផ្ទាល់ខ្លួន និងឯកសារពន្ធរបស់ក្រុមហ៊ុន។ ដោយឡែក ឯកសារប្រកាសពន្ធរបស់លោកដូណាល់ ត្រាំ ពុំមាននរណាអាចពិនិត្យបានទេ ដោយសារតែរហូតមកទល់ពេលនេះ លោកដូណាល់ ត្រាំ បានបដិសេធ មិនធ្វើការផ្សាយជាសាធារណៈឡើយ។ ចំណែកឯកសារពន្ធ និងចំណូលរបស់អាណាចក្រក្រុមហ៊ុន Trump Organization របស់លោកត្រាំ ក៏គេបិទខ្ទប់ជិត មិនប្រកាសផ្សាយជាសាធារណៈដែរ៕
