ភ្នំពេញ៖ មួយសប្ដាហ៍មុនពេលបុណ្យភ្ជុំបិណ្ឌចូលមកដល់ តម្លៃប្រេងឥន្ធនៈ ចាប់ផ្ដើមឡើងថ្លៃជាបណ្ដើរៗហើយ។ ចំណែក តម្លៃរថយន្តក្រុងឯណោះវិញ ក៏ឡើងថ្លៃទៅតាមនោះដែរ។ ប្រឈមនឹងបញ្ហានេះ មន្រ្តីសង្គមស៊ីវិលបានជំរុញឲ្យរដ្ឋាភិបាលបញ្ចេញរថយន្តក្រុង ដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ។
ដូចរៀងរាល់ឆ្នាំដែរ នៅពេលពលរដ្ឋសម្រុកចេញពីភ្នំពេញទៅស្រុកកំណើតក្នុងឱកាសបុណ្យជាតិធំៗ ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរបានឆ្លៀតតម្លើងថ្លៃទ្វេដង។ ដើម្បីចូលរួមទប់ទល់សភាពការណ៍ឡើងថ្លៃ ក្រោមលេសទីផ្សារសេរី លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមជំរុញដល់រដ្ឋាភិបាល ឲ្យឆាប់បញ្ចេញរថយន្តក្រុងរបស់រដ្ឋដឹកពលរដ្ឋទៅស្រុកកំណើត ដូចដែលប្រមុខរដ្ឋាភិបាលធ្លាប់បានសន្យាជារឿយៗ។
សូមបញ្ជាក់ថា ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ចេញរថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញចំនួន ២០០គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋ ទៅកាន់ស្រុកកំណើតដោយមិនគិតថ្លៃ។ ដោយសារតែទទួលបានជោគជ័យនៅក្នុងការបញ្ចេញរថយន្តក្រុង កាលពីបុណ្យចូលឆ្នាំខ្មែរនេះហើយ ទើបសង្គមស៊ីវិលចង់ឲ្យរដ្ឋាភិបាលអនុវត្តវិធានការនេះ ក្នុងឱកាសបុណ្យភ្ជុំបន្តទៀត។ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំកន្លងទៅនេះ សេវារថយន្តក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ បានដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់បណ្តាខេត្តសរុប ជាង ៨,៨៣៥នាក់ ខណៈត្រលប់មកវិញមានអ្នកដំណើរប្រមាណ ៥,២៤២នាក់ ។
សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រមុខរដ្ឋាភិបាល ធ្លាប់បញ្ជាឲ្យស្ថាប័នពាក់ព័ន្ធពិនិត្យពីលទ្ធភាពបញ្ចេញរថយន្តក្រុងដើម្បីដឹកពលរដ្ឋទៅស្រុក។ ក្រៅពីរថយន្តក្រុង សម្តេច ហ៊ុន សែន ក៏បានប្រកាសឲ្យពលរដ្ឋជិះរថភ្លើងដោយឥតគិតថ្លៃ ទៅលេងស្រុកពេលភ្ជុំបិណ្ឌដែរ សម្រាប់ពលរដ្ឋដែលមានស្រុកកំណើតនៅខេត្តតាកែវ ព្រះសីហនុ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ប៉ុន្តែរហូតមកទល់ពេលនេះ រដ្ឋាភិបាលនៅមិនទាន់ប្រកាសជាផ្លូវការអំពីការផ្ដល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃ នៅពេលបុណ្យភ្ជុំនៅឡើយ។
សម្រាប់លោក សន ជ័យ រថយន្តក្រុងក៏ដោយ រថភ្លើងក៏ដោយ ប្រសិនបើរដ្ឋាភិបាលសម្រេចផ្ដល់សេវាឥតគិតថ្លៃដល់ពលរដ្ឋ លោក សន ជ័យ ចង់ឲ្យអាជ្ញាធរផ្សព្វផ្សាយព័ត៌មាន និងកំណត់ម៉ោងពេលក្នុងការចេញដំណើរឲ្យបានច្បាស់លាស់។
ជាការកត់សម្គាល់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ មិនមែនមានតែមធ្យោបាយដឹកជញ្ជូនទេដែលឡើងថ្លៃ តម្លៃប្រេងសាំងក៏ឡើងថ្លៃដែរ។ បើតាមក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី១ដល់១៥ខែតុលា ប្រេងធម្មតាមានតម្លៃមួយលីត្រ៤.៣៦៤រៀល ខណៈប្រេងម៉ាស៊ូតមានតម្លៃ៤.១៩៥រៀលក្នុងមួយលីត្រ។ ក្រសួងពាណិជ្ជកម្មមិនបានពន្យល់ពីមូលនៃការឡើងថ្លៃនេះទេ៕