ក្រសួងទេសចរណ៍ គ្រោងស្នើកញ្ចប់ថវិកាពិសេស ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុឡើងវិញ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ក្រសួងទេសចរណ៍ គ្រោងស្នើកញ្ចប់ថវិកាពិសេស ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុឡើងវិញ

04/10/2018
ខេត្តព្រះសីហនុ៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ រិះរកវិធីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យទេសចរ ក្នុងខេត្តព្រះសីហនុ។
ក្រសួងទេសចរណ៍ នឹងដាក់សំណើសុំកញ្ចប់ថវិកាពិសេសពីរដ្ឋាភិបាល ដើម្បីកែលម្អផ្លូវថ្នល់និងលូ នៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះ ត្រូវរងការខូចខាតស្ទើរតែទាំងស្រុង។ នេះគឺជាការលើកឡើងរបស់ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅក្នុងកិច្ចប្រជុំដើម្បីពិគ្រោះយោបល់ រិះរកវិធីដោះស្រាយបញ្ហាប្រឈម ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍វិស័យទេសចរ ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី០១ខែតុលា។

បន្ទាប់ពីរងការរិះគន់ថា ខេត្តព្រះសីហនុ ដែលមានសក្តានុពលផ្នែកទេសចរណ៍របស់កម្ពុជា កំពុងបាត់បង់សោភ័ណភាព និងមានភាពអនាធិបតេយ្យ, រដ្ឋមន្រ្តីក្រសួងទេសចរណ៍ អះអាងថា ក្រសួង នឹងស្នើសុំកញ្ចប់ថវិកាពិសេសមួយពីប្រមុខរាជរដ្ឋាភិបាល ដើម្បីកែលម្អ ស្ដារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ និងបរិស្ថានឱ្យក្លាយជាទីក្រុងបៃតង ដើម្បីលើកមុខមាត់វិស័យទេសចរណ៍ អភិវឌ្ឍសេដ្ឋកិច្ចបៃតង ជាពិសេសកសាងសង្គមប្រកបដោយបរិស្ថានល្អ និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិនៅពេលខាងមុខ។

ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០១ខែតុលា លោក ថោង ខុន ក៏បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើយ៉ាងណាជំរុញឱ្យក្រុមហ៊ុនប្រមូលសំរាមនៅក្នុងខេត្តព្រះសីហនុ ឱ្យយកចិត្តទុកដាក់បន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងការប្រមូលសំរាម និងកាកសំណល់នៅក្នុងទីក្រុង។ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ទៀតថា ការគ្រប់គ្រងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រឱ្យមានលក្ខណៈធម្មជាតិ ចាំបាច់ត្រូវដោះស្រាយបញ្ហាសំរាម និងរៀបចំបរិស្ថានឱ្យបានល្អ ខណៈការដោះស្រាយបញ្ហាផ្លូវថ្នល់ និងប្រព័ន្ធលូ ក៏ជាចំណុចអាទិភាព សម្រាប់ការអភិវឌ្ឍខេត្តដែលមានសក្តានុពលទេសចរណ៍មួយនេះដែរ។

ក្រៅពីលើកឡើងពីការស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏ប្រាប់ទៅស្ថាប័នពាក់ព័ន្ធ ឱ្យខិតខំទប់ស្កាត់សំណង់អនាធិបតេយ្យ និងគ្រប់គ្រងការដ្ឋានសាងសង់ឱ្យបានល្អ។

ជាការកត់សម្គាល់ ខេត្តព្រះសីហនុ ឥឡូវនេះ បានក្លាយជាគោលដៅក្ដៅសម្រាប់ភាគីពាក់ព័ន្ធស្ទើរគ្រប់វិស័យ ដោយសារការបាត់បង់សោភ័ណភាពក្នុងទីក្រុង និងបញ្ហាអសន្តិសុខ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអនុញ្ញាតឱ្យក្រុមហ៊ុនចិនចំនួន៦សិក្សាពីគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុ តាមសំណើរបស់ក្រុមហ៊ុនចិនទាំងនោះ បន្ទាប់ពីរងការខូចខាតស្ទើរតែទាំងស្រុង។

ចំណែកឯក្រសួងមហាផ្ទៃ កាលពីចុងខែសីហា ក៏បានបញ្ជូនក្រុមការងារពីភ្នំពេញ ចុះទៅពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅខេត្តព្រះសីហនុ ក្រោយពីមានបញ្ហាអសន្តិសុខកើតឡើងជាបន្តបន្ទាប់។ ជាបញ្ហាដែលភាគច្រើនបង្កឡើងដោយជនជាតិចិន។

សូមជម្រាបជូនថា បច្ចុប្បន្ន នៅខេត្តព្រះសីហនុ មានអាជីវកម្មសរុបចំនួន៨៧០ទីតាំង កើនឡើង៨៣ទីតាំង ស្មើនឹង ១០.៥៥% បើប្រៀបធៀបនឹង ៩ខែ ក្នុងឆ្នាំ២០១៧ ។ ខេត្តនេះ មានសណ្ឋាគារចំនួន ៨៨ ផ្ទះសំណាក់ចំនួន ៣១១ បឹងហ្គាឡូ ១០ ភោជនីយដ្ឋាន និងអាហារដ្ឋាន ២៩១ និងបណ្តាមូលដ្ឋានអាជីវកម្មផ្សេងៗទៀតជាច្រើនកន្លែង។ បើតាមក្រសួងទេសចរណ៍ នៅក្នុងឆ្នាំ២០៣០ ខាងមុខ ខេត្តព្រះសីហនុ ត្រៀមខ្លួនទទួលភ្ញៀវទេសចរអន្តរជាតិប្រមាណ ២លាននាក់ និងទេសចរជាតិប្រមាណ ៣លាននាក់៕