ខេត្តព្រះសីហនុ៖ ជាង១ឆ្នាំកន្លងទៅហើយ ដែលគេហទំព័រទេសចរណ៍ និងជាទស្សនាវដ្ដីអាមេរិកដ៏ល្បីមួយឈ្មោះ National Geographic បានចាត់ថ្នាក់ ស្វែងរកឆ្នេរសមុទ្រដ៏ស្រស់ស្អាតជាងគេបំផុត ជុំវិញពិភពលោក ប្រចាំឆ្នាំ២០១៧ ក្នុងនោះឆ្នេរសមុទ្រកម្ពុជាយើងបានឈរ នៅលំដាប់លេខមួយ ដាច់គេក្នុងចំណោមឆ្នេរទាំង២១ប្រទេស ។
ការចាត់ថ្នាក់ជាឆ្នេរល្អបំផុតលំដាប់ពិភពលោកនេះ គឺប្រភពដដែលបានគិតទៅលើឆ្នេរខ្សាច់ដ៏សក្បុស ទឹកថ្លាដូចគ្រីស្តាល់ មានរលកស្ងប់ស្ងាត់គួរឲ្យចង់គយគន់ ។
ឆ្នេរមានលក្ខណៈសម្បត្តិដូចរៀបរាប់ខាងលើ ស្ថិតនៅកំពូលគេ ត្រូវគេប្រសិទ្ធិនាមថា «Lazy Beach» ឆ្នេរខ្ជិលដែលស្ថិតនៅប្រទេសកម្ពុជា គឺឆ្នេរកោះរុង ក្នុងខេត្តព្រះសីហនុ ។
បែរមកមើលផ្ទាល់សព្វថ្ងៃនេះវិញ បើនិយាយពីឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុនៅតែមានការរិះគន់ ហើយចែករំលែកបន្តគ្នាជាប់ឥតដាច់នៅឡើយ ស្តីពីបញ្ហាឆ្នេរសមុទ្រដ៏មានសក្តានុពល នៅខេត្តតារារះនាទិសនិរតីមួយនេះ ពោរពេញដោយសំរាម ។
ជាក់ស្តែង ថ្មីៗនៅលើគណនីហ្វេសប៊ុកមួយដែលឈ្មោះ Sopagna Dara នៅបន្តចែកចាយរូបភាព និងវីដេអូមួយចំនួន បង្ហាញអោយឃើញផ្ទាល់ថា ឆ្នេរនិងផ្ទៃទឹកសមុទ្រពោរពេញទៅដោយសំរាម ។
ម្ខាស់គណនីរូបនេះ បានលើកឡើងថា «មិនមែនគេចេះតែរិះគន់ទេ មើលអោយហើយទៅ ឆ្នេរសមុទ្រស្អាតដាច់គេ ស្អាតរហូតដល់អត់ហ៊ានចុះមុជទឹក។
ជាមួយគ្នានេះដែរ លោក តាន់ គឹមសួរ បានបង្ហោះវីដេអូចំនួន២ ប៉ុន្មានថ្ងៃមុននេះ បង្ហាញអោយឃើញថា មានជនបរទេសពីរនាក់ កំពុងតែដើរតាមឆ្នេរសមុទ្រខ្មែរ ដែលពោរពេញទៅដោយសំរាម ពាសវាលពាសកាល ក្នុងនោះដែរលោកបានសរសេរបែបបញ្ចើចបញ្ចើ យ៉ាងដូច្នេះថា «ឆ្ងល់ថា ពួកហ្នឹង ចេះតែយ៉ាងម៉េច ក្នុងខ្លួនហ្នឹង បានចេះតែកាត់តវីដេអូ ដើម្បីលាបពណ៌ បង្កាច់បង្ខូច អភិបាលកំពង់សោមដ៏គំរូរបស់ខ្ញុំអ៊ីចឹង ? សមុទ្រនេះមិនមែននៅខ្មែរទេ គឺនៅឌូបៃ ។ ឈប់ភ្លាម ៕
