ភ្នំពេញ ៖ ជនសង្ស័យទាំង៨នាក់ ត្រូវបាននគរបាលចាប់ខ្លួននៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយពួកគេត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ហើយកាលពីរសៀលថ្ងៃទី១ តុលា ។
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនសង្ស័យ៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ផង ចំនួន៣បទល្មើស ពាក់ព័ន្ធការជួញដូរអាវុធ ដើម្បីប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ។
លោកលី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់តាមបណ្ដាញ Telegram នៅរសៀលថ្ងៃទី២ ខែតុលា ២០១៨ នេះថា អយ្យការបានសម្រេចចោទប្រកាន់ និងបញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកលី សុផាណា បន្តថា ជនសង្ស័យទាំង៨នាក់ ត្រូវបានចោទប្រកាន់ពីបទរៀបចំចាត់តាំងក្រុមជនប្រដាប់អាវុធ សន្និធិអាវុធ និងរឿងផ្ទុះដោយគ្មានការអនុញ្ញាត បទចូលរួមក្នុងក្រុមជនប្រដាប់អាវុធ បទផលិត ឬធ្វើចរាចរអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ តាមមាត្រា៤៨៥ មាត្រា៤៨៦ និងមាត្រា៤៨៨ នៃក្រមព្រហ្មទណ្ឌ ។
សូមរម្លឹកថា ជនសង្ស័យទាំង៨នាក់ ត្រូវបានប៉ូលិសចាប់ខ្លួន នៅខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តពោធិ៍សាត់ កាលពីចុងខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ហើយត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៣០ កញ្ញា ២០១៨ ។
ជនសង្ស័យចំនួន៨នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរអាវុធខុសច្បាប់ ប្រឆាំង និងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ។
ចំណែកមេខ្លោង និងបក្ខពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងតែស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ផងដែរ ។
អាវុធដែលដកហូត គឺអាកាស្វាយបត់ចំនួន២៨ដើម ត្រូវបានដកហូត ដោយជនសង្ស័យកប់លាក់ទុកនៅក្នុងដី ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន២៥ដើម(អាកាស្វាយបត់) ។
នៅភូមិតេជោក្បាលដំរី ឃុំតេជោអភិវឌ្ឍន៍ស្រុកឈូក ខេត្តកំពត រកឃើញកាំភ្លើងចំនួនពីរដើម អាកាមួយដើម និងអឹមសីមួយដើម និងនៅភូមិបឹងស្មុគ ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់ រកឃើញ
កាំភ្លើងចំនួនមួយដើម ម៉ាកសេកាសេ។ ក្រៅពីកាំភ្លើងមាន បង់ចំនួនពីរ គ្រាប់អាកាចំនួន១៧គ្រាប់ និង M16 ចំនួន២០គ្រាប់ ។
តាមចម្លើយរបស់ជនសង្ស័យ បានសារភាពថា ក្រុមខ្លួនចង់ងើបបះបោរប្រឆាំងរាជរដ្ឋាភិបាល និងស្វះស្វែងប្រភពហិរញ្ញវត្ថុ ៕
