អាមេរិក៖ នៅអាមេរិកអ្នកទទួលខុសត្រូវ US Navy បានប្រកាសឲ្យដឹងនៅថ្ងៃចន្ទ ទី១ តុលាថា នាវាចម្បាំងចិនបានបើកសំដៅកៀកខ្លាំងនឹងនាវាពិឃាតរបស់អាមេរិកនៅក្នុងសមុទ្រចិនខាងត្បូង។ អ្នកទទួលខុសត្រូវអាមេរិករូបនេះដដែលបានបន្ថែមថា ទង្វើប្រកបដោយគ្រោះថ្នាក់របស់នាវាចម្បាំងចិននេះបានបង្ខំនាវាពិឃាតអាមេរិកឲ្យប្តូរផ្លូវរបស់ខ្លួន។ ក្រសួងការពារជាតិចិនបានបញ្ចេញប្រតិកម្មតបនៅថ្ងៃអង្គារ ទី២ តុលាថា វត្តមាននាវាពិឃាតអាមេរិកនៅក្បែរទីប្រជុំកោះ Spratleys ជារំលោភលើអធិបតេយ្យរបស់ចិន។
ប្រតិកម្មរបស់ចិនតាមរយៈសេចក្តីប្រកាសព័ត៌មានបានធ្វើឡើងព្រមគ្នាពីក្រសួងការពារជាតិ និងក្រសួងការបរទេស។ « ទង្វើរបស់អាមេរិកបានគំរាមកំហែងយ៉ាងខ្លាំងលើអធិបតេយ្យ និងសន្តិសុខរបស់ចិន ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនាក់ទំនងកងទ័ពរវាងចិន និងអាមេរិក រួមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ » នេះជាសាររបស់ក្រសួងការពារជាតិចិន។ ចំណែកក្រសួងការបរទេសបានស្នើអាមេរិកឲ្យបញ្ឈប់បង្ករឿងតាមទង្វើរបៀបនេះជាបន្តទៀត។ ប្រតិកម្មរបស់ចិនបានធ្វើឡើង បន្ទាប់ពីអាមេរិកបានបញ្ជូននាវាពិឃាតរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងក្នុងថ្ងៃអាទិត្យ ទី៣០ កញ្ញាក្រោមហេតុផលថា « ប្រតិបត្តិការដើម្បីសេរីភាពក្នុងការធ្វើនាវាចរណ៍ »។
ជាការឆ្លើយតបវិញ ចិនក៏បានបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅក្បែរនាវាពិឃាតរបស់អាមេរិកក្នុងគោលដៅបណ្តេញឲ្យចាកចេញពីតំបន់វិញ។ អ្នកទទួលខុសត្រូវអាមេរិកម្នាក់របស់ US Navy បានថ្លែងថា នាវាចម្បាំងចិនបានបរចូលកៀកនឹងនាវាពិឃាតអាមេរិកក្នុងចម្ងាយប្រមាណតែ ៤១ម៉ែត្រប៉ុណ្ណោះ។ រូបអ្នកទទួលខុសត្រូវអាមេរិកដដែលបានបន្ថែមដោយចាត់ទុកទង្វើរបស់នាវចម្បាំងចិនថា មានលក្ខណៈបំពារបំពាន គ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ។ រឿងអាស្រូវច្រំដែលមួយនេះបានបង្ខំរដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Jim Mattis ឲ្យលុបចោលទស្សនកិច្ចនៅចិនក្នុងខែតុលានេះដើម្បីជជែកពីបញ្ហាសន្តិសុខជាមួយសមភាគីចិនលោក Wei Fenghe។
អ្នកទទួលខុសត្រូវម្នាក់នៅក្រសួងការពារជាតិអាមេរិកបានបញ្ជាក់ថា ការលប់ចោលទស្សនកិច្ចរបស់លោក Jim Mattis នៅចិនក៏ដោយសារតែសមភាគីចិនលោក Wei Fenghe ជាប់រវល់មិនទាន់អាចទទួលជួបលោក Jim Mattis បាន។ អ្វីជាការកត់សម្គាល់ ការបន្តបង្ហាញសាច់ដុំដាក់គ្នារវាងអាមេរិក និងចិននៅក្នុងសមុទ្រចិនខាងត្បូងបានកើតមានឡើង ចំពេលដែលមហាអំណាចសេដ្ឋកិច្ចទាំងពីរក្នុងលោកកំពុងមានសង្រ្គាមពាណិជ្ជកម្មរវាងគ្នា៕