(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញចូលរួមកាន់បិណ្ឌទី៩ នៅវត្ដមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សូមជម្រាបថា៖ ជារៀងរាល់ឆ្នាំ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល មកប្រារព្ធពិធីប្រពៃណីជាតិនេះ តាមវត្តអារាមនានាយ៉ាងខ្ជាប់ខ្ជួន។
បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។ សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា ឆ្នាំ២០១៨៕