ព័ត៌មានលម្អិត៖ សោកនាដកម្មគ្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្សកើនដល់១,២៣៤នាក់ និងជាង៦០០នាក់របួសធ្ងន់ធ្ងរ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព័ត៌មានលម្អិត៖ សោកនាដកម្មគ្រោះរញ្ជួយដីកម្រិត៧.៥រ៉ិចទ័រ វាយប្រហារឥណ្ឌូណេស៊ី ផ្តាច់ជីវិតមនុស្សកើនដល់១,២៣៤នាក់ និងជាង៦០០នាក់របួសធ្ងន់ធ្ងរ

03/10/2018
(ឥណ្ឌូណេស៊ី)៖ អន្តរជាតិកំពុងចូលរួមរំលែកទុក្ខប្រទេស ឥណ្ឌូណេស៊ី ដែលជួបគ្រោះរញ្ជួយដី និងរលកស៊ុយណាមី ដែលបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់១,២៣៤នាក់ស្លាប់ ជាង៦០០នាក់រងរបួសធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីរាយការណ៍ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនាល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨។ ខាងក្រោមនេះជាព័ត៌មានសំខាន់ៗជុំវិញ សោកនាដកម្មនេះ៖

  • កាលបរិច្ឆេទ៖ 

វេលាម៉ោង ៣ រសៀល (ម៉ោងក្នងតំបន់) ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨

  • * ការវាយប្រហារ៖

គ្រោះរញ្ជួយដីនេះ មានកម្រិត ៧.៥ រ៉ិចទ័រ។ សូមជម្រាបថា មានរញ្ជួយដីកម្រិត៤.៩រ៉ិចទ័រ និងធ្ងន់ធ្ងរជាងនេះ ចំនួន៣ បានកើតឡើងក្នុងរយៈពេល៣ម៉ោងមុនពេល សោកនាដកម្មនេះកើតឡើង និងព្រមទាំងចលនារញ្ជួយដល់ទៅ២៥៤ដងទៀតបន្ទាប់គ្រោះមហន្តរាយបានកើតឡើង គិតត្រឹមម៉ោង១១ព្រឹកថ្ងៃចន្ទម្សិលម៉ិញនេះ ជាហេតុធ្វើឱ្យមនុស្សមិនហ៊ានចូលជ្រកក្នុងអគារឡើយ។ មិនតែប៉ុណ្ណោះវាថែមទាំងបង្កឱ្យមានរលកស៊ុយណាមី កម្ពស់ពី១ ទៅ៣ម៉ែត្រ វាយប្រហារទីក្រុង Palu និងDonggala។

  • ទីតាំង៖

ទីតាំងវាយប្រហារស្ថិតនៅចម្ងាយ៥៦គីឡូម៉ែត្រ ភាគខាងជើងទីក្រុងជាប់ឆ្នេរ Palu ស្ថិតនៅលើកោះ Sulawesi ជាកោះដែលធំជាងគេលើពិភពលោក ដែលមានចម្ងាយ ១៦៥០គីឡូម៉ែត្រ ភាគឥសានរដ្ឋធានីចាកាតា ប្រទេស ឥណ្ឌូណេស៊ី ដែលមានប្រជាពលរដ្ឋរស់នៅប្រមាណ ៣៣៥,២៩៧នាក់ (របាយការណ៍ឆ្នាំ២០១០)។

  • ផលវិបាក៖

គ្រោះរញ្ចួយដី និងរលកស៊ុយណាមី បណ្ដាលឱ្យមនុស្ស២,៤លាននាក់រងផលប៉ះពាល់ ៤៨,០០០នាក់ផ្លាស់ប្តូរទីលំនៅ។ ទឹកទម្លាយចូលក្នុងអគារ ព្រមទាំងបក់បោកបំផ្លាញលំនៅដ្ឋានជាច្រើនខ្នង។ ប្រព័ន្ធទំនាក់ទំនង និងចរន្តអគ្គីសនីត្រូវបានកាត់ផ្ដាច់ ដែលបង្កឱ្យការងារជួយសង្គ្រោះកាន់តែមានភាពលំបាក ជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយ៉ាល។

អាកាសយាន្ដដ្ឋាន Palu ត្រូវបានបិទទ្វា ហេតុនេះរាល់អ្នកដែលត្រូវធ្វើដំណើរទៅកាន់ទីក្រុង Palu ដោយជើងហោះហើរ ចាំបាច់ត្រូវធ្វើដំណើរតាមផ្លូវគោកជំនួសវិញ តែក្រោយមកបានបើកទ្វាវិញ ប៉ុន្តែការហោះហើរមានការកំណត់។ ប្រជាពលរដ្ឋមួយចំនួនដែលស្នាក់នៅស្ថានីយ៍ប្រេង បានព្យាយាមបើកគម្របអាងស្ទុកក្រោមដីដើម្បីដងយកប្រេងមកប្រើប្រាស់។
នៅតាមទីផ្សារមួយចំនួនរដ្ឋាភិបាលបានលើកទឹកចិត្តឱ្យបើកទ្វាដើម្បីផ្ដល់អាហារដល់ជនរងគ្រោះដោយឥតគិតថ្លៃ ដោយរដ្ឋាភិបាលសន្យាផ្ដល់សំណងប្រាក់តាមក្រោយ។
ក្រៅពីមានមនុស្សស្លាប់រាប់ពាន់នាក់ អ្វីដែលគួរឱ្យសោកស្តាយមួយទៀត គឺមន្ត្រីគ្រប់គ្រងអាកាសចរណ៍ម្នាក់ បានស្លាប់ដោយសារព្យាយាមបំពេញការងារ ក្នុងពេលហេតុការណ៍ កើតឡើងដើម្បីធានាបានថា យន្តហោះ Batik អាចហោះហើរដោយសុវត្ថិភាព។ មន្ត្រីរូបនេះមានឈ្មោះថា Anthonius Gunawan Aung អាយុ២១ឆ្នាំ ស្លាប់នៅក្នុងមន្ទីរពេទ្យ បន្ទាប់ពីលោកព្យាយាមលោតចេញពីអគារគ្រប់គ្រងអាកាសចរណ៍ ខណៈអគារជិតដួលរលំ។

មិត្តរួមការងារផ្សេងទៀតបានជម្លៀសចេញពីអគារតាំងពីមុនពេលគ្រោះធម្មជាតិធ្ងន់ធ្ងរនេះកើតឡើង តែលោកនៅតែបន្តបំពេញការងារទាល់តែចប់ ដើម្បីធានាបានថាយន្តហោះនោះ អាចចេញដំណើរបានដោយសុវត្ថិភាព។

  • ការងារជួយសង្គ្រោះ៖

អាជ្ញាធរបានស្នើប្រជាពលរដ្ឋនៅទីក្រុង Palu កុំឱ្យវិលត្រឡប់ចូលទៅក្នុងលំនៅដ្ឋានខ្លួនវិញ ហើយធ្វើយ៉ាងណាត្រូវស្នាក់នៅឆ្ងាយពីអគារនានា ដូចជានៅតាមទីវាល តាមដងផ្លូវ ឬទីធ្លាណាមួយដើម្បីបង្កាកុំឱ្យគ្រោះថ្នាក់ណាមួយកើតឡើង។

ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គោះនៅមន្ទីរពេទ្យដែលនៅក្បែរនោះ ខណៈដែលបុគ្គលិកសុខាភិបាលកំពុងមានភាពមមាញឹកក្នុងការបំពេញការងារ។ ស្ថិតក្នុងស្ថានភាពលំបាកដោយសារភ្លើងអគ្គីសនី និងប្រព័ន្ធទំនាក់ទំនងត្រូវកាត់ផ្ដាច់ ប្រព័ន្ធផ្លូវគមនាគមន៍ត្រូវបំផ្លិចបំផ្លាញ លោកវេជ្ជបណ្ឌិត Komang Adi Sujendra បានស្នើសុំជំនួយពីមហាជនដើម្បីសង្គ្រោះដល់ជនរងគ្រោះ។ លោកបានបន្តថា បច្ចុប្បន្នជនរងគ្រោះត្រូវការ តង់ ថ្នាំពេទ្យ ក្រណាត់ និងគលានុបដ្ឋយិកាជាចាំបាច់។

សូមជម្រាបថា មុនពេលហេតុការណ៍នេះកើតឡើងភ្នាក់ងារឧត្តុនិយមឥណ្ឌូណេស៊ី បានធ្វើការព្រមានពីរលកស៊ុយណាមី ផងដែរ ក៏ប៉ុន្តែបានលុបចោលការព្រមាននេះវិញ បន្ទាប់ពីរកឃើញថា កម្ពស់ទឹកបានស្រកវិញ។ ប្រធានាធិបតី ឥណ្ឌូណេស៊ី លោក Joko Widodo បានលើកឡើងថា កម្លាំងយោធាត្រូវបានបញ្ជូនទៅកាន់ទីតាំងរងគ្រោះ ដើម្បីជួយដល់ការងារស្រាវជ្រាវ និងសង្គ្រោះប្រជាជន។

  • ប្រវត្តិនៃ គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី៖

គួររំលឹកថា កាលពីឆ្នាំ២០០៤កន្លងទៅនេះ កោះស៊ូម៉ាត្រានៃប្រទេសឥណ្ឌូណេស៊ី បានទទួលរងការវាយប្រហារដោយរលកយក្សស៊ូណាមិកម្ពស់ ១៥ម៉ែត្រ ក្រោយពីការកើតមានគ្រោះរញ្ជួយដីនៅមហាសមុទ្រឥណ្ឌា ដែលមានកម្រិតរហូតដល់ ៩.១រ៉ិចទ័រ និងបានផ្តាច់ជីវិតមនុស្សសរុបជាង ២២០,០០០នាក់ នៅតាមបណ្តាប្រទេសជុំវិញតំបន់នោះ ប៉ុន្តែឥណ្ឌូណេស៊ីជាអ្នករងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដោយមានប្រជាជនស្លាប់រហូតដល់ ១៦៨,០០០នាក់៕