ឥណ្ឌូណេស៊ី៖ ចំនួនអ្នកស្លាប់ក្នុងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលកើតឡើង នៅឥណ្ឌូណេស៊ី កាលពីថ្ងៃសុក្រ បានកើនឡើងដល់ជាង ១២០០នាក់ហើយ នៅថ្ងៃអង្គារនេះ ក្រោយពីសាកសពជាច្រើនត្រូវបានគេរកឃើញជាបន្តបន្ទាប់។ ក្នុងពេលជាមួយគ្នា ក្រុមសង្រ្គោះនៅតែបន្តរុករកអ្នករស់រានមានជីវិត ដែលអាចនៅជាប់ក្រោមគំនរអគារបាក់បែក។
ក្នុងចំណោមសាកសពដែលគេទើបនឹងរកឃើញថ្មីៗនេះ មាន ៣៤នាក់ ត្រូវបានក្រុមសង្រ្គោះរកឃើញនៅក្នុងកន្លែងតែមួយ គឺនៅក្នុងវិហារគ្រិស្តសាសនាមួយកន្លែង។ យោងតាមអាជ្ញាធរ ពួកគេស្ថិតក្នុងចំណោមសិស្សសាលាគម្ពីរគ្រិស្តសាសនាចំនួន ៨៦នាក់ ដែលមករៀននៅទីនោះ ហើយដែលត្រូវបាត់ខ្លួនក្រោយពីមានគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី។ រហូតមកទល់នឹងពេលនេះ កូនសិស្សចំនួន ៥២នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅឡើយ ហើយដែលក្រុមសង្រ្គោះកំពុងតែបន្តតាមរក។
ប្រតិបត្តិការតាមរុករកអ្នករស់រានមានជីវិតនៅកន្លែងផ្សេងៗទៀតក៏កំពុងតែត្រូវបានធ្វើយ៉ាងសស្រាក់សស្រាំផងដែរ ក៏ប៉ុន្តែ ធ្វើទៅដោយយឺតៗ ដោយសារតែក្រុមសង្រ្គោះមិនសូវមានឧបករណ៍ទំនើបៗផង និងម្យ៉ាងទៀត ដោយសារតែគេត្រូវធ្វើដោយប្រយ័ត្នប្រយែងខ្លាចមានគ្រោះថ្នាក់ទៅដល់អ្នកដែលកប់ក្រោមគំនរអគារ ហើយដែលកំពុងមានជីវិតនៅឡើយ។
អ្នកដែលរួចជីវិតពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនេះវិញក៏កំពុងតែប្រឈមមុខនឹងបញ្ហាខ្វះចំណីអាហារ និងថ្នាំពេទ្យយ៉ាងខ្លាំងផងដែរ ហើយប៉ូលិសក៏ត្រូវប្រឈមមុខនឹងកំហឹងរបស់ប្រជាជន ដែលព្យាយាមសម្រុកចូលទៅយកស្បៀងអាហារពីហាងលក់ទំនិញ ដែលមិនរងការខូចខាត។
អាជ្ញាធរបានឲ្យដឹងថា ប៉ូលិសមានការយោគយល់ចំពោះប្រជាជនដែលចូលទៅយកស្បៀងអាហារ ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ ក៏មានដែរអ្នកដែលឆ្លៀតឱកាសចូលទៅលួចយកទំនិញផ្សេងដែលមិនមែនជាស្បៀងអាហារ ហើយដែលប៉ូលិសត្រូវចាប់ខ្លួន។
ដោយសារតែហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រូវរងនូវការខូចខាតខ្លាំង ការដឹកជញ្ជូនស្បៀងអាហារ ថ្នាំពេទ្យ និងជំនួយសង្រ្គោះបន្ទាន់ផ្សេងទៀតចូលទៅកាន់តំបន់រងគ្រោះក៏មានភាពយឺតយ៉ាវ ចំណែកឯការធ្វើដំណើរចេញពីតំបន់រងគ្រោះក៏ពិបាកនឹងធ្វើទៅបាន។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៥រ៉ិចទ័រ បានកើតមានឡើង នៅល្ងាចថ្ងៃសុក្រ ដែលជាពេលប្រជាជនកាន់សាសនាអ៊ីស្លាមកំពុងសូត្រធម៌នៅក្នុងវិហារ។ ហេតុដូច្នេះហើយបានជាមានជនរងគ្រោះច្រើនកើតមានដោយការរលំបាក់វិហារ។ ក៏ប៉ុន្តែ ការខូចខាតដែលកាន់តែធ្ងន់ធ្ងរជាងកម្លាំងរញ្ជួយនេះទៅទៀត គឺបង្ករឡើងដោយរលកយក្សស៊ូណាមី៕