(បច្ចេកវិទ្យា)៖ ក្រុមហ៊ុន Samsung Electronics របស់កូរ៉េខាងត្បូង បានចេញរបាយការណ៍ចំណូល សម្រាប់ត្រីមាសទី ៣ ឆ្នាំ ២០១៨។ បើតាម Samsung ការលក់ជារួមអំឡូងត្រីមាសទី ៣ នេះ មានទំហំសាច់ប្រាក់ 57.5 ពាន់លានដុល្លារ ខណៈប្រាក់ចំណេញពីប្រតិបត្តិការមានប្រមាណ 15 ពាន់លានដុល្លារ។
ទំហំទឹកប្រាក់នេះកើនឡើងជាងត្រីមាសទីពីរ ដែលទទួលបានប្រាក់ចំណេញប្រហែល 14.8 ពាន់លានដុល្លារ។
ក្រុមហ៊ុនមិនបានរាយរាប់លម្អិតពីចំណូលទទួលបាន ប៉ុន្តែ Chip ជាចំណុចចម្បងជួយដល់ភាពជោគជ័យរបស់ក្រុមហ៊ុន។ ក្រុមហ៊ុនបានបញ្ជាក់ថា នៅដើមឆ្នាំនេះ ប្រាក់ចំណេញនឹងថមថយ ដោយសារកត្តាតម្លៃទីផ្សារ និងមានគូប្រជែងពីយីហោដទៃទៀត។
Samsung Display មានចំណែកធំមួយក្នុងការរកប្រាក់ចំណេញដល់ក្រុមហ៊ុន។ ក្នុងនោះ មានការផ្គត់ផ្គង់អេក្រង់ប្រភេទ OLED សម្រាប់ទាំង iPhone XS និង XS Max។
បើតាមវេបសាយ The Bell ចំណូលប៉ាន់ប្រមាណសម្រាប់ Samsung Display ក្នុងត្រីមាសទី ៣ មាន 770 លានដុល្លារ ច្រើនជាងទំហំទឹកប្រាក់សរុប 471 លានដុល្លារ ដែលក្រុមហ៊ុនបានរកបាននៅពាក់កណ្តាលឆ្នាំដំបូង។ មែនទែនទៅ សម្រាប់ Samsung Display ប្រាក់ចំណេញរបស់ត្រីមាសនេះនៅទាបជាងរយៈពេលដូចគ្នានៅឆ្នាំមុន។ Samsung នឹងចេញរបាយការណ៍ប្រចាំត្រីមាសលម្អិតនៅចុងខែនេះ៕
ប្រភព៖ Androidauthority
