ប្រសាសន៍សំខាន់ៗនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នៅទីស្តីគណៈរដ្ឋមន្រ្តីរបស់ជប៉ុន (មានវីដេអូ) - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រសាសន៍សំខាន់ៗនៃការធ្វើសន្និសីទសារព័ត៌មានរួមគ្នារវាងសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នៅទីស្តីគណៈរដ្ឋមន្រ្តីរបស់ជប៉ុន (មានវីដេអូ)

08/10/2018
(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ នៅទីស្តីការគណៈរដ្ឋមន្រ្តីជប៉ុន នៅវេលាម៉ោងប្រមាណ១រសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៨នេះ ត្រូវនឹងម៉ោងប្រមាណ៣រសៀល ម៉ោងនៅជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានធ្វើសន្និសិទសារព័ត៌មានរួមគ្នា នាទីក្រុងតូក្យូ ប្រមាណ១៥នាទី។
ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់មេដឹកនាំកំពូលទាំងពីរ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន៖

លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន
* នាយករដ្ឋមន្រ្តីជប៉ុន សម្តែងភាពរីករាយ ដែលបានទទួលស្វាគមន៍ទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុនលើកនេះ ដែលធ្វើឡើងចំខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា រយៈពេល២៥ឆ្នាំបានកន្លងផុតទៅហើយ បន្ទាប់ពីការរៀបចំការបោះឆ្នោតនៅកម្ពុជា ដែលធ្វើឡើងដោយអ៊ុនតាក់ (UNTAC)។ កម្ពុជាដែលទទួល កេរ្តិ៍ដំណែលអវិជ្ជមានដោយសារសង្រ្គាម បានពុះពារជាបន្តបន្ទាប់រហូតដល់មានការរីកចម្រើន អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។
* លោក អាបេ បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារីកចម្រើនជាបន្តបន្ទាប់
* លោក អាបេ បានថ្លែងបន្តថា ជប៉ុនបានអមដំណើរជាមួយកម្ពុជា ហើយជប៉ុនរំពឹងថា ប្រទេសកម្ពុជា ​នឹងបន្តរីកចម្រើនទៅមុខថែមទៀត ជាមួយនឹងដំណើរការប្រជាធិបតេយ្យ និងការសាមគ្គីរបស់ប្រជាពលរដ្ឋទាំងអស់។ យើងបានព្រមព្រៀងគ្នា សម្រាប់បន្តកិច្ចសហប្រតិបត្តិការលើគោលដៅនេះ។
* នាយករដ្ឋមន្រ្តី អាបេ បានថ្លែងថា តាំងចិត្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន ដែលនឹងដឹកនាំកិច្ចប្រជុំនៅថ្ងៃស្អែក ឱ្យទទួលជោគជ័យយ៉ាងរលូន។
* នាយករដ្ឋមន្រ្តីជប៉ុន បានបន្តថា យើងបានឯកភាពគ្នា នឹងបន្តកិច្ចសហប្រតិបត្តិការលើកិច្ចការសំខាន់ៗនៅក្នុងតំបន់ និងលើសកលលោក។
* នាយករដ្ឋមន្រ្តីជប៉ុន បានថ្លែងថា ឆ្នាំ២០១៩ គឺជាឆ្នាំនៃមេគង្គ-ជប៉ុន ខ្ញុំមានគម្រោងពង្រីកទំនាក់ទំនងទ្វេភាគីយើង ដោយចាប់ដៃជាមួយសម្តេចតេជោ ហ៊ុន សែន ហើយសហការជាមួយគ្នា ដើម្បីនាំមកវឌ្ឍនភាព នៅលើទឹកដីតំបន់មេគង្គទាំងមូល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា
* សម្តេចតេជោ ហ៊ុន សែន សម្តែងការថ្លែងអំណរគុណចំពោះលោក អាបេ និងរីករាយមកទស្សនកិច្ចម្តងទៀត ជាមួយនឹងខួប៦៥ឆ្នាំ នៃការទូតកម្ពុជាជប៉ុន។ សម្តេចបានថ្លែងថា វាពិតជាមានសារៈសំខាន់ណាស់។
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនិងលោក អាបេ បានពិភាក្សាគ្នាស៊ីជម្រៅ អំពីទំនាក់ទំនងអន្តរជាតិ បញ្ហាអន្តរជាតិ និងបញ្ហាក្នុងតំបន់
* សម្តេចនាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សម្តេចពេញចិត្ត នឹងអ្វីដែលអាបេ ដែលអញ្ជើញយុវជនមកពីគណបក្សនយោបាយនានា មកពីក្រសួងយុត្តិធម៌ ដើម្បីទស្សនកិច្ចនៅប្រទេសជប៉ុន។
* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យលោក អាបេ បន្តគាំទ្រការបោះឆ្នោតនៅកម្ពុជាបន្តទៀត ព្រោះការបោះឆ្នោតមិនបញ្ចប់នៅឆ្នាំ២០១៨នោះទេ យើងត្រូវធ្វើតាមការកំណត់ថែមទៀត។
* សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងថា ការកំពុងដំណើរការចុះឈ្មោះបោះឆ្នោតរបស់កម្ពុជាពេលនេះ គឺជាការបន្តដំណើរការប្រជាធិបតេយ្យបន្តទៀត។
* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ជប៉ុនគាំទ្របេក្ខជនកម្ពុជា ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមានការអនុម័តឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ីអឺរ៉ុប នៅឆ្នាំ២០២០ នៅពេលខាងមុខនេះ៕