ប្រទេសកម្ពុជា៖ ពួកគេមិនដែលបានស្គាល់អ្នកបង្កើតមន្ទីរពេទ្យនេះឡើង និងបានប្រឹងប្រែងស្វែងរកថវិកា មកទ្រទ្រង់ដំណើរការមន្ទីរពេទ្យ និងសម្រាប់ព្យាបាលកុមារកម្ពុជានោះឡើយ។
ទស្សនិកជនជាទីគោរពនៅកម្ពុជា បើនិយាយពីមន្ទីរពេទ្យគន្ធបុប្ផា ប្រជាពលរដ្ឋស្ទើរទូទាំងប្រទេស ពិតជាបានស្គាល់យ៉ាងច្បាស់ថា មន្ទីរពេទ្យនេះជាមន្ទីរពេទ្យ ដែលព្យាបាលឥតគិតថ្លៃ និងមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ តែប្រជាពលរដ្ឋខ្មែរភាគច្រើន បូករួមទាំងអ្នកដែលឧស្សាហ៍យកកូនមកព្យាបាល នៅមន្ទីរពេទ្យនេះផងដែរ ពួកគេមិនដែលបានស្គាល់អ្នកបង្កើតមន្ទីរពេទ្យនេះឡើង និងបានប្រឹងប្រែងស្វែងរកថវិកា មកទ្រទ្រង់ដំណើរការមន្ទីរពេទ្យ និងសម្រាប់ព្យាបាលកុមារកម្ពុជានោះឡើយ។
លោក Beat Richner គឺជាបុរសជនជាតិស្វីស ដែលបានលះបង់កម្លាំងកាយចិត្ត ស្ទើរពាក់កណ្តាលជីវិតរបស់លោក ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា។ ជាបន្តទៅនេះអង្គភាពព័ត៌មាន សូមលើកយកប្រវត្តិសង្ខេបរបស់លោក ប៊ីត រិចន័រ និងប្រវត្តិនៃការកកើតមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងកិច្ចខិតខំរបស់លោក ប៊ីត រិចន័រ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ជូនទស្សនិកជនបានជ្រាបដូចតទៅ៖
មន្ទីរពេទ្យគន្ធបុប្ផាដែលព្យាបាលជំងឺចំពោះកុមារដោយមិនយកប្រាក់កម្រៃត្រូវបានបង្កើតឡើងនៅក្នុងសម័យសង្គមរាស្ត្រនិយមហើយឈ្មោះនៃមន្ទីពេទ្យ «គន្ធបុប្ផា» គឺជាឈ្មោះបុត្រីមួយ អង្គរបស់អតីតព្រះមហាវីរក្សត្រនរោត្តម សីហនុ ដែលបានសោយទិវង្គតក្នុងព្រះជន្មនៅជា ព្រះរាជកុមារីដោយជំងឺគ្រុនឈាម។ មន្ទីរពេទ្យមួយនេះបានលែងធ្វើសកម្មភាពចាប់ពីប៉ុលពត ឡើងកាន់អំណាច។ មន្ទីរពេទ្យគន្ធបុប្ផា បានបើកដំណើរការឡើងវិញព្យាបាលជំងឺកុមារនា អំឡុងឆ្នាំ១៩៩១ក្រោមការគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត ជាតិស្វីសម្នាក់គឺលោក បេអាត រិចឆ្នឺរ (Beat Richner) ហើយដែលឥឡូវលោកកំពុងឈឺធ្ងន់ធ្ងរ និងបានលាលែងពីប្រធានមន្ទីរពេទ្យ។
កាលពីអំឡុងឆ្នាំ១៩៩១ លោក បេអាតរិចឆ្នឺរ វេជ្ជបណ្ឌិតឯកទេសផ្នែកកុមារបានធ្វើដំណើរកម្សាន្តនៅទីក្រុងប៉ារីស ប្រទេសបារាំងជាមួយពួកម៉ាករបស់លោកដែលមានអាជីពជាអ្នកច្រៀងចម្រៀងអូប៉េរ៉ាដ៏ល្បី ។ ជាការចៃដន្យនៅពេលនោះលោកបានជិះតាក់ស៊ី ហើយអ្នកបើកតាក់ស៊ីនោះជាជនជាតិខ្មែរ បាននិយាយប្រាប់លោកថា “សម្តេចព្រះនរោត្តម សីហនុ កំពុងស្ថិតនៅទីក្រុងប៉ារីសដើម្បីចរចារកសន្តិភាពសម្រាប់កម្ពុជា” ។ ពេលនោះលោកបានជួបសម្តេច សីហនុ ហើយសម្តេចបានស្នើសុំឱ្យលោកជួយជួសជុល និងដំណើរការមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ។
បន្ទាប់ពីនោះ នៅខែធ្នូ ឆ្នាំ១៩៩១ លោក បេអាត បានមករាជធានីភ្នំពេញនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩២ លោកបានចុះអនុស្សារណៈជាមួយក្រសួងសុខាភិបាលដើម្បីដំណើរការជួសជុលមន្ទីរពេទ្យគន្ធបុប្ផាឡើងវិញ ។នេះគឺពុំមែនជាលើកដំបូងនោះទេដែលលោកបេអាត រិចឆ្នឺរ បានមកកម្ពុជាដើម្បីរៀបចំដំណើរការឡើងវិញនៃមន្ទីរពេទ្យគន្ធបុប្ផា តាមការស្នើសុំរបស់សម្តេចព្រះបាទនរោត្តម សីហនុតាមពិតទៅលោក បេអាត កាលពីអំឡុងឆ្នាំ១៩៧៤ ដល់១៩៧៥ ក៏បានមកធ្វើការនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈកាកបាទក្រហមប្រទេសស្វីស ។
ចាប់ពីឆ្នាំ១៩៩២មក មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរការពិនិត្យជំងឺក្រៅជូនកុមារចំនួន១៦លាននាក់ និងកុមារសម្រាកនៅមន្ទីរពេទ្យមានជាង១.៦លាននាក់ និងចំណាយថវិកាចំនួន៥៦០លានដុល្លារក្នុងនោះប្រមាណ៤០០លានដុល្លារបានពីសប្បុរសជនស្វីស។ ក្នុងចំណោមថវិកាដែលបានចំណាយសរុបនោះរាជរដ្ឋាភិបាលកម្ពុជាបានជួយដល់មន្ទីរពេទ្យនេះមានចំនួន៣លានដុល្លារក្នុង១ឆ្នាំស្មើនឹង៧%នៃការចំណាយសរុប ។
រដ្ឋាភិបាលស្វីសជួយ៤លានដុល្លារស្មើនឹង៨.៨%កាកបាទក្រហមកម្ពុជាជួយ ៣លានដុល្លារក្នុងរយៈពេលច្រើនឆ្នាំកន្លងមក, មូលនិធិបាយ័នជួយផ្តល់មូលនិធិ២លានដុល្លារ លោកឧកញ៉ា ហុង ពីវ ២លានដុល្លារនិងបានទទួលពីសប្បុរសជនជាតិស្វីស ។ នៅក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះមានការជួយឧបត្ថម្ភពីសប្បុរជនខ្មែរកាន់តែច្រើនឡើងតាមរយ:ការរៃអង្គាស។
លោកវេជ្ជបណ្ឌិត បេអាត បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំលោកតែងតែរៀបចំកម្មវិធី៣ដងដើម្បីប្រាប់ទៅសប្បុរសជនស្វីសទី១ គឺសរសេរសំបុត្រប្រាប់ទៅសប្បុរសជនស្វីស ព្រោះលោកមានសមាជិកអ្នកឧបត្ថម្ភធំចំនួន១០,០០០នាក់ ទី២ លោកបានធ្វើសេចក្តីជូនដំណឹងតាមរយៈកាសែតល្បីៗនៅប្រទេសស្វីស រៀងរាល់ថ្ងៃ ចន្ទ សុក្រ និងថ្ងៃសៅរ៍ រៀងរាល់សប្តាហ៍ដើម្បីផ្តល់ព័ត៌មានពីអ្វីដែលលោកបានធ្វើ និងទី៣ លោកតែងតែលេងភ្លេងនៅក្នុងមហាស្រពក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ខេត្តសៀមរាបរៀងរាល់ថ្ងៃសៅរ៍ ដែលភាគច្រើនអ្នកចូលទស្សនាជាជនបរទេស ក្នុងនោះ២០%ជាជនជាតិស្វីស ហើយពេលពួកគេបានដឹងពីស្ថានភាពរបស់មន្ទីរពេទ្យពួកគេបានផ្ញើថវិកាចូលមូលនិធិតាមក្រោយ ។
លោក បេអាត ក្រៅតែមានជំនាញជាវេជ្ជបណ្ឌិតលោកក៏ជាតន្ត្រីករមួយរូបផងដែរ ។លោកចេះលេងភ្លេងតាំងពីអាយុ៩ឆ្នាំ ។ ដោយសារមានទេពកោសល្យផ្នែកនេះ មិនត្រឹមតែចេះលេងភ្លេងនោះទេ តែលោកអាចដើរតួជាត្លុកសៀកផង ដែលធ្វើឱ្យលោកល្បីទូទាំងប្រទេស ហើយប្រជាជនស្វីសទាំងអស់ស្គាល់រូបលោក ។នៅប្រទេសស្វីសក្រៅពីបំពេញការងារជាគ្រូពេទ្យ លោកក៏បានលេងសែលឡូ និងដើរតួត្លុកសៀកចាប់តាំងពីឆ្នាំ១៩៧៦ ដល់ឆ្នាំ១៩៩១ ដែលមួយឆ្នាំ លោកអាចលេងសែលឡូ និងដើរតួជាត្លុកសៀកបាន៥០ដងនៅពេលមានកម្មវីធីធំៗពិសេសពេលលោកលេងម្តងៗ គឺគេថតផ្សាយតាមទូរទស្សន៍សម្រាប់ដាក់ក្នុងកម្មវិធីសម្រាប់កុមារថែមទៀតផង ។ អ៊ីចឹងហើយទើបកុមារស្វីសគ្រប់គ្នាស្គាល់រូបលោក ហើយពេលនេះកុមារទាំងនោះធំៗអស់ហើយ គឺមានអាយុ៤៥ទៅ៥៥ឆ្នាំ ហេតុដូច្នេះហើយកុមារទាំងនោះបានជឿជាក់លើរូបលោក និងផ្តល់លុយជូនលោកសម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃនេះ ។
នៅក្នុងការគ្រប់គ្រងមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត បេអាត បានប្រើប្រាស់វីធីសាស្ត្រជាច្រើនដែលលោកបានអនុវត្ត ទី១ ការផ្តល់ឱសថត្រឹមត្រូវគ្រប់យ៉ាងគ្រប់បរិក្ខាពេទ្យ និងថ្នាំសង្កូវ គឺមានស្តង់ដារអន្តរជាតិ ដូចនៅប្រទេសស្វីសទី២ វិន័យរបស់គ្រូពេទ្យ គឺមិនអនុញ្ញាតឱ្យគ្រូពេទ្យយកលុយពីអ្នកជំងឺ ឬសម្លុតអ្នកជំងឺនោះទេ និងមិនអនុញ្ញាតឱ្យពួកគេបើកគ្លីនិកនៅខាងក្រៅឡើយ ។ លោកបានផ្តល់ឱ្យពួកគេនូវប្រាក់ខែ ដែលអាចរស់នៅបានសមរម្យ ទី៣ មានការបំពាក់សម្ភារៈបរិក្ខាពេទ្យទំនើបៗដូចជា City Scan ម៉ាស៊ីនភ្ជិត និងវះកាត់បេះដូង ដែលមានភាពទំនើប និងថ្លៃសម្រាប់បម្រើឱ្យការធ្វើរោគវិនិច្ឆ័យ ។
លោកវេជ្ជបណ្ឌិតដែលប្រជាជនខ្មែរមួយចំនួនហៅលោកថា “ព្រះ”រូបនេះ បានមានប្រសាសន៍ថា នៅប្រទេសកម្ពុជា ប្រសិនជាកុមារមិនទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ នឹងមានកុមាររាប់ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំ ហើយខ្ញុំបានយល់ថា មន្ត្រីរាជរដ្ឋាភិបាលមួយចំនួនបានចាប់ផ្តើមជឿជាក់បែបនេះ និងចង់ឱ្យប្រព័ន្ធរបស់មន្ទីរពេទ្យគន្ធបុប្ផានៅតែដំណើរការនិរន្តភាព ។ ដោយមើលឃើញការរីកចម្រើនរបស់មន្ទីរពេទ្យ និងឃើញកុមារមកមន្ទីរពេទ្យកាន់តែកើនឡើង ទើបលោក បេអាត បានពង្រីកមន្ទីរពេទ្យគន្ធបុប្ផាទី១ ដល់ទី៥ និងមានមន្ទីរពេទ្យជ័យវរ្ម័នទី៧ នៅខេត្តសៀមរាប ។ មន្ទីរពេទ្យបានពង្រីកចំនួនបុគ្គលិក និងបំពាក់ម៉ាស៊ីនទំនើបៗ ហើយចេះតែទិញបន្ថែមពីមួយជំហានទៅមួយជំហាន នេះគឺជាដំណើររីកចម្រើនមួយ ។ ក្នុងនាមជាគ្រូពេទ្យលោកមិនចង់ឃើញកុមារដែលមកដល់មន្ទីរពេទ្យ ហើយយើងប្រកែកមិនទទួល និងមិនមានកន្លែងសម្រាកព្យាបាល នោះទេ ។
លោក បេអាត កើតនៅខែមីនាឆ្នាំ១៩៤៧ ក្នុងទីក្រុងហ្ស៊ូរិចប្រទេសស្វីស ដែលក្នុងឆ្នាំនេះ មានវ័យ70ឆ្នាំពុំមានភរិយាទេ ។ លោកមានបងប្អូន៤នាក់ហើយបងស្រីពីរនាក់ជាវេជ្ជបណ្ឌិត តែបានចូលនិវត្តន៍ហើយ ចំណែកបងប្រុសម្នាក់ជាមេធាវីក៏បានចូលនិវត្តន៍ដែរ ។ លោក បេអាត និយាយថាបើលោកធ្វើជាវេជ្ជបណ្ឌិត នៅប្រទេសស្វីសគឺត្រូវដល់អាយុចូលនិវត្តន៍ហើយ៕
