ប្រទេសរុស្ស៊ី៖ នៅថ្ងៃអង្គារ ទី១១ កញ្ញានេះ ប្រទេសរុស្ស៊ីបានផ្តើមមហាសមយុទ្ធមួយមិនធ្លាប់មាន គិតតាំងពីក្រោយសង្រ្គាមត្រជាក់។ សមយុទ្ធក្រោមឈ្មោះ « Vostok-២០១៨ » ឬ « បូព៌ា-២០១៨ »ត្រូវរៀបចំរហូតដល់ថ្ងៃទី១៧ កញ្ញានៅក្នុងតំបន់ស៊ីបេរីខាងកើត និងតំបន់ចុងបូព៌ារុស្ស៊ី។ ក្រៅពីវត្តមានកម្លាំងទាហាន និងគ្រឿងសព្វាវុធគ្រប់ប្រភេទរបស់រុស្ស៊ីដ៏ច្រើនមហិមា សមយុទ្ធពេលនេះក៏មានការចូលរួមពីកម្លាំងទាហានចិនដែរ។
មហាសមយុទ្ធរុស្ស៊ី ចិនពេលនេះបានធ្វើឡើង ក្នុងពេលដែលភាពតានតឹងកំពុងបន្តមានរវាងរុស្ស៊ី និងក្រុមប្រទេសលោកខាងលិចក្នុងបញ្ហាអ៊ុយក្រែន វិបត្តិស៊ីរី រឿងរ៉ាវជាច្រើនទៀត។ ចំណែកអង្គការអូតង់បានបរិហារលើសមយុទ្ធនេះដោយចាត់ទុកជាឆ្កឹះឡើងវិញនូវជម្លោះក្រោមទ្រង់ទ្រាយធំ។
តាំងពីក្រោយការដួលរលំសហភាពសូវៀត នេះជាលើកទី១ ដែលរុស្ស៊ីបានរៀបចំមហាសមយុទ្ធមួយដោយមានទាហានចូលរួមចំនួន ៣០០ ០០០នាក់ យន្តហោះចម្បាំង ឧទ្ធម្ភាគចក្រ យន្ដហោះដ្រូនសរុបចំនួន ១ ០០០គ្រឿង នាវាចម្បាំងចំនួន ៨០គ្រឿង រថក្រោះ រថពាសដែក ឡានដឹកទ័ព រួមទាំងរថយន្តចម្បាំងចំនួន ៣៦ ០០០គ្រឿង។ ក្រៅពីវត្តមានកម្លាំងទ័ព និងគ្រឿងសព្វាវុធរុស្ស៊ីដ៏ច្រើនសម្បើម មហាសមយុទ្ធពេលនេះក៏មានការចូលរួមពីកងទ័ពចិន និងម៉ុងហ្គោលីដែរ តែគេមិនបានដឹងពីចំនួនពិតប្រាកដឡើយ។ មហាសមយុទ្ធពេលនេះចូលរួមដោយលោកប្រធានាធិបតីរុស្ស៊ីពូទីន រួមទាំងថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលជាច្រើនរូបទៀត ពិសេសរដ្ឋមន្រ្តីក្រសួងការពារជាតិ។
ថ្លែងនៅចំពោះហ្វូងអ្នកកាសែតដែលបានទៅយកព័ត៌មានជុំវិញសមយុទ្ធ លោករដ្ឋមន្រ្តីការពារជាតិរុស្ស៊ីបានរៀបរាប់ត្រួសៗពីកម្មវីធីសមយុទ្ធ។ ថ្ងៃអង្គារ ទី១១ កញ្ញាដែលជាថ្ងៃចាប់ផ្តើមដំបូង ជាការពង្រាយ និងចល័តទ័ព ថ្ងៃពុធ ទី១២ កញ្ញា ជាលំហាត់សឹកប្រឆាំងយន្តហោះ ហើយលំហាត់សំខាន់ជាងគេនឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៣ កញ្ញា។ តែលោករដ្ឋមន្រ្តីមិនបានបញ្ជាក់ថា តើអ្វីទៅជាលំហាត់សំខាន់ជាងគេនោះ។ អ្វីជាការកត់សម្គាល់ មហាសមយុទ្ធពេលនេះជាឳកាសដែលបានអនុញ្ញាតឲ្យរុស្ស៊ីសំដែងប្រាប់ពិភពលោកពីគ្រឿងសព្វាវុធទំនើបៗគ្រប់ប្រភេទ រួមមាន គ្រាប់មីស៊ីល Iskander ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរ រថក្រោះធុន T-៨០ T-៩០ យន្ដហោះចម្បាំងធុន Sukhoi-៣៤ ឬ Sukhoi-៣៥។
នៅលើផ្ទៃទឹកសមុទ្រ មានពង្រាយនាវាចម្បាំងជាច្រើនគ្រឿងដែលបំពាក់ដោយកាំជ្រួចបណ្តែតហៅថា Cruise ធុន Kalibr ដែលរុស្ស៊ីបានប្រើនៅក្នុងសង្រ្គាមស៊ីរី។ គួររម្លឹកថា នៅក្នុងសមយុទ្ធកាលពី ៤ឆ្នាំមុន « បូព៌ា-២០១៤ » ក្នុងកន្លែងដដែលមានទ័ពចូលរួមចំនួន ១៥៥.០០០ នាក់ តែសម្រាប់សមយុទ្ធ « បស្ចិម-២០១៧ » ដែលបានរៀបចំឡើងនៅមាត់ទ្វារសហភាពអឺរ៉ុបមានទ័ពចូលរួមតែ ១២.៧០០ នាក់ប៉ុណ្ណោះ។ តែអ៊ុយក្រែន និងបណ្តាប្រទេសបាល់ទិកយល់ថា ចំនួនយោធារុស្ស៊ីចូលរួមកាលណោះមានច្រើនជាងតួលេខនេះឆ្ងាយណាស់។ យ៉ាងណាក៏ដោយ មហាសមយុទ្ធពេលនេះត្រូវបានអង្គការអូតង់បរិហារដោយចាត់ទុកជាឆ្កឹះឡើងវិញនូវជម្លោះក្រោមទ្រង់ទ្រាយធំ។
មូលហេតុដែលញ៉ាំងឲ្យរុស្ស៊ីធ្វើសមយុទ្ធលើកនេះនិង លើកមុនៗ
តាំងពីឆ្នាំ ២០១៤ មក ទំនាក់ទំនងរវាងមូស្គូ និងបស្ចិមលោកធ្លាក់ចុះអាក្រក់ខ្លាំងណាស់។ ម៉្លោះហើយបានជារុស្ស៊ីធ្វើហើយធ្វើទៀតនូវលំហាត់សឹកដែលទ្រង់ទ្រាយរបស់វាចេះតែរីកធំឡើងៗ។ រុស្ស៊ីធ្វើនេះ គឺនៅតំបន់ភ្នំកូកាស នៅតំបន់សមុទ្របាល់ទិកលុះរហូតដល់តំបន់សមុទ្រទឹកកកនៅប៉ែកឧត្តរនៃផែនដីដើម្បីបរិហារអង្គការអូតង់ដែលចេះតែវាតទី រំកិលទៅជិតដល់ព្រដែនរុស្ស៊ី និងទង្វើនេះជាការគំរាមដល់សន្តិសុខជាតិរុស្ស៊ី។ មុននឹងឈានដល់មហាសមយុទ្ធពេលនេះ រុស្ស៊ីធា្លប់បានធ្វើសមយុទ្ធក្នុងសមុទ្រមេឌីទែររ៉ាណេពីថ្ងៃ ទី១ ដល់ថ្ងៃទី៨ កញ្ញា ដោយមានការចូលរួមពីនាវាចម្បាំងធុនប្លែកៗចំនួន ២៥ គ្រឿង និងយន្តហោះចម្បាំងចំនួន ៣៦ គ្រឿង។
សមយុទ្ធកាលណោះបានធ្វើឡើងនៅក្នុងបរិបទនៃការពង្រឹងវត្តមានរុស្ស៊ីក្នុងលំហសមុទ្រ ក្បែរឆ្នេរប្រទេសស៊ីរីដែលរុស្ស៊ីបានអន្តរាគមន៍ផ្លូវយោធាតាំងពីខែកញ្ញាឆ្នាំ ២០១៥ មក។ អ្នកជំនាញយោធារុស្ស៊ីដ៏ល្បីលោក Pavel Felguengauer បានពន្យល់ថា សមយុទ្ធលើកនេះជាការត្រៀមខ្លួនសម្រាប់អនាគតសង្គ្រាមក្នុងលោក។ អគ្គសេនាធិការកងទ័ពរុស្ស៊ីប្រមាណថា សង្គ្រាមនេះនឹងផ្ទុះឡើងក្រោយឆ្នាំ ២០២០។ វាអាចជាសង្គ្រាមពិភពលោក ឬជាសង្គ្រាមជាប់រដឹកនៅតាមតំបន់។ ចំណែកខ្មាំង គឺអាមេរិក និងពួកប្រទេសសម្ព័ន្ធមិត្តអាមេរិក។ តាមយោបល់អ្នកជំនាញយោធារុស្ស៊ីដដែល ការចូលរួមរបស់ទាហានចិនចំនួនតែ ៣ ២០០នាក់ជាកត្តាគន្លឹះដើម្បីត្រៀមខ្លួនសម្រាប់សង្គ្រាមខ្នាតធំមែនពិត។
មតិនេះចែករំលែកដោយអូតង់ដែលចាត់ទុកថា សមយុទ្ធ "បូព៌ា-២០១៨” ជាការបង្ហាញឲ្យឃើញថា រុស្ស៊ីក្នុងស្មារតីទៅលើការសមជើងសម្រាប់ជម្លោះធំធេងក្រៃ។ តាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova សមយុទ្ធ" បូព៌ា-២០១៨” ប្រព្រឹត្តទៅឆ្ងាយពីតំបន់ក្រោមការទទួលខុសត្រូវរបស់អូតង់ ហើយមិននាំឲ្យប្រែប្រួលអ្វីដល់បណ្តាប្រទេសសមាជិកបក្សសម្ព័ន្ធនេះទេ បានន័យថា គ្មានអ្វីនាំឲ្យពួកគេព្រួយបារម្ភឡើយ។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក Dmitri Peskov កាលពីចុងខែសីហាបានក្រើនរំលឹកថា គឺជាការសមហេតុសមផលជាសារវន្ត និងគ្មានជម្រើសណាផ្សេងដែលរុស្ស៊ីបង្ហាញសមត្ថភាពដើម្បីការពារខ្លួនក្នុងស្ថានការណ៍អន្តរជាតិបច្ចុប្បន្នដែលជាញឹកញយឈ្លានពាន និងអមិត្តតែម្តងចំពោះប្រទេសរុស្ស៊ី៕
