ប្រទេសម៉ាល់ឌីវ៖ នៅក្នុងប្រទេសម៉ាល់ឌីវ លទ្ធផលបោះឆ្នោតប្រធានាធិបតីនាថ្ងៃអាទិត្យ ទី២៣ កញ្ញាបានផ្តល់ជោគជ័យគួរឲ្យភ្ញាក់ផ្អើលដល់គណបក្សប្រឆាំង។ ប្រធានាធិបតីផុតអាណត្តិ និងចាញ់ឆ្នោតលោកអាប់ឌូឡា យ៉ាមីនបានប្រកាសទទួលស្គាល់ជ័យជម្នះរបស់លោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីមកពីគណបក្សប្រឆាំង និងសុខចិត្តប្រគល់អំណាចទៅឲ្យលោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីដោយសន្តិវិធី។
កាយវិការរបៀបនេះរបស់លោកអាប់ឌូឡា យ៉ាមីនបានធ្វើឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិភ្ញាក់ផ្អើលជាពន់ពេក។ តើនេះមកពីមូលហេតុអ្វី?
ជាកូនកោះតូចមួយនៅអាស៊ីខាងត្បូង និងទទួលបានឯករាជ្យពីប្រទេសអង់គ្លេសក្នុងឆ្នាំ ១៩៦៥ ប្រទេសម៉ាល់ឌីវមានទំហំផ្ទៃក្រឡាដីតែចំនួន ២៩៨គីឡូម៉ែត្រក្រឡា និងមានពលរដ្ឋរស់នៅតែជាង ៣៤០ ០០០នាក់ប៉ុណ្ណោះ។ នៅក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃអាទិត្យ ទី២៣ កញ្ញា អ្នកចុះឈ្មោះបោះឆ្នោតមានចំនួន ២៦២ ០០០នាក់ ហើយអត្រាអ្នកចូលរួមបោះឆ្នោតមានដល់ទៅជាង ៨៩%។ មានបេក្ខជនពីររូបដែលបានប្រជែងគ្នាដណ្តើមកៅអីប្រធានាធិបតី គឺប្រធានាធិបតីផុតអាណត្តិលោកអាប់ឌូឡា យ៉ាមីន និងលោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីមកពីគណបក្សប្រឆាំង។ តែខុសពីការប្រមើលមើល និងការរង់ចាំរបស់មជ្ឈដ្ឋានជាតិ រួមទាំងអន្តរជាតិ ជោគជ័យបែរជាបានធ្លាក់ក្នុងដៃលោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីដ៏គួរឲ្យភ្ញាក់ផ្អើលទៅវិញ។
មានអាយុ ៥៤ឆ្នាំ និងពលរដ្ឋម៉ាល់ឌីវទូទៅមិនសូវស្គាល់ លោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលីមកពីគណបក្សប្រជាធិបតេយ្យម៉ាល់ឌីវទទួលបានសម្លេងគាំទ្រដល់ទៅ ៥៨,៣%។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលលើសពីជោគជ័យដែលគ្រប់គ្នាមិនបានរង់ចាំរបស់លោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី គឺការប្រកាសទទួលស្គាល់បរាជ័យរបស់លោកអាប់ឌូឡា យ៉ាមីន។ នៅក្នុងសង្កថាតាមកញ្ចក់ទូរស្សន៍នៅថ្ងៃចន្ទ ទី២៤ កញ្ញា បុរសខ្លាំងរូបនេះបានបញ្ជាក់ពីការទទួលស្គាល់បរាជ័យរបស់ខ្លួនដោយផ្អែកលើឆន្ទៈ និងការចង់បានរបស់ពលរដ្ឋតាមរយៈការបោះឆ្នោត។ បន្ទាប់មក លោកអាប់ឌូឡា យ៉ាមីនក៏បានជួប និងសាទរលោកអ៊ីប្រាហ៊ីម ម៉ូហាម៉េដ សូលី និងធានាពីការផ្ទេរអំណាចដោយសន្តិវិធី។
បើគ្មានអ្វីប្រែប្រួលទេ ពិធីផ្ទេរអំណាចនឹងធ្វើឡើងនៅថ្ងៃទី១៧ វិច្ឆិកាដែលជាថ្ងៃផុតអាណត្តិផ្លូវការរបស់លោកអាប់ឌូឡា យ៉ាមីន។ សំណួរ ហេតុអ្វីបានជាព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីនៅម៉ាល់ឌីវលើកនេះបានធ្វើមជ្ឈដ្ឋានជាតិ និងអន្តរជាតិភ្ញាក់ផ្អើលខ្លាំងម្ល៉េះ?។ តាមពិតទៅ ការដែលគ្រប់គ្នាបានភ្ញាក់ផ្អើលខ្លាំង មិនមែនការរៀបចំបោះឆ្នោតប្រធានាធិបតីដែលត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តងទេ តែគឺកាយវិការរបស់លោកអាប់ឌូឡា យ៉ាមីនដែលយល់ព្រមទទួលស្គាល់ជ័យជម្នះរបស់គូប្រជែងមកពីគណបក្សប្រឆាំង និងសុខចិត្តចុះចេញពីអំណាចដោយសន្តិវិធី។ សូមជម្រាបជូនថាមានអាយុ ៥៩ឆ្នាំ លោកអាប់ឌូឡា យ៉ាមីនទើបឡើងកាន់តំណែងប្រធានាធិបតីម៉ាល់ឌីវក្នុងឆ្នាំ ២០១៣។
តែគេមិនត្រូវភ្លេចនិយាយទេថា ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៣ បានបង្កប់ទៅដោយភាពចម្រូងចម្រះ និងការប្រទាញប្រទង់យ៉ាងខ្លាំងរវាងបេក្ខជនអាប់ឌូឡា យ៉ាមីន និងបេក្ខជនម៉ូហាម៉េដ ណាឈីដែលជាប្រធានាធិបតីផុតអាណ្តតិកាលណោះ។ ចម្រូងចម្រះ និងប្រទាញប្រទង់ក៏ដោយសារនៅក្នុងការបោះឆ្នោតជុំទី១ ដែលលោកម៉ូហាម៉េដ ណាឈីទទួលបានសម្លេងច្រើនជាង តែលោកអាប់ឌូឡា យ៉ាមីនមិនសុខចិត្ត។ ទីបំផុត តុលាការកំពូលបានចូលខ្លួនអន្តរាគមន៍ដោយលុបចោលលទ្ធផលបោះឆ្នោតនោះ រួចបានលើកពេលបោះឆ្នោតឡើងវិញដល់ទៅ ២ដង។ គឺការពន្យាពេលបោះឆ្នោតចំនួន ២ដងនេះហើយដែលបានអនុញ្ញាតឲ្យលោកអាប់ឌូឡា យ៉ាមីនពង្រឹងសម្ព័ន្ធមិត្តរហូតយកបានកៅអីប្រធានាធិបតីដូចក្តីប្រាថ្នា។
តែបញ្ហានៅត្រង់ថាក្នុងពេលកាន់អំណាច ប្រធានាធិបតីរូបនេះមិនញញើតនឹងបញ្ចេញកណ្តាប់ដៃដែកដើម្បីពង្រឹងអំណាចរបស់ខ្លួនឡើយ។ ក្នុងរយៈពេល ៥ឆ្នាំ នៃការកាន់តំណែង លោកអាប់ឌូឡា យ៉ាមីនបានបង្រ្កាបចាស់ដៃលើពួកប្រឆាំងដោយមានអ្នកខ្លះត្រូវចាប់ញាត់ក្នុងគុក និងខ្លះទៀតបានបង្ខំចិត្តរត់ភៀសខ្លួនចេញពីប្រទេសដូចករណីអតីតប្រធានាធិបតីលោកម៉ូហាម៉េដ ណាឈីដែលសព្វថ្ងៃកំពុងរស់នៅរវាងប្រទេសអង់គ្លេស និងប្រទេសស្រីលង្កា។ នៅដើមឆ្នាំ ២០១៨ ថ្មីៗនេះ លោកអាប់ឌូឡា យ៉ាមីនបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៤៥ថ្ងៃដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបសើតុលាការកំពូលដែលលប់ចោលការកាត់ទោសលើសកម្មជនប្រឆាំង។ បន្ទាប់មក និងក្រោយពីមានការចាប់ខ្លួនចៅក្រមតុលាការកំពូល ២នាក់មក តុលាការកំពូលដ៏បានដកលុបសេចក្តីសម្រេចរបស់ខ្លួនវិញ។
រូបភាពទាំងនេះបានធ្វើឲ្យលោកអាប់ឌូឡា យ៉ាមីនទទួលការផ្តន្ទាទោសយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ពិសេសពីប្រទេសឥណ្ឌា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។ តែបុរសខ្លាំងរូបនេះមិនឈឺក្បាល និងបានបែរខ្លួនទៅរកចិននាប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅក្នុងសម័យឃោសនាបោះឆ្នោត ក៏ដូចមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃអាទិត្យ ទី២៣ កញ្ញា គណបក្សប្រឆាំង និងក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានសម្តែងក្តីបារម្ភរួចជាស្រេចពីការលួចសន្លឹកឆ្នោត និងការប្រើកម្លាំងបាយដើម្បីបន្តតោងអំណាចរបស់លោកអាប់ឌូឡា យ៉ាមីន។ រីឯសហគមន៍អន្តរជាតិ ពិសេសសហភាពអឺរ៉ុប និងអាមេរិកបានអំពាវនាវមិនដាច់មាត់ឲ្យមានការបោះឆ្នោតសេរី យុត្តិធម៌ និងតម្លាភាព។
ទីបំផុត លោកអាប់ឌូឡា យ៉ាមីនបានចាញ់ឆ្នោត សាទរអ្នកឈ្នះ និងសុខចិត្តដើរចេញពីអំណាចដោយគ្មានហិង្សាស្រក់ឈាមមួយដំណក់ឡើយ។ តើដោយសារតែគំនាបរបស់សហភាពអឺរ៉ុប និងអាមេរិក ឬ ដែលលោកអាប់ឌូឡា យ៉ាមីនសុខចិត្តធ្វើដូចនេះ?។ មិនមែនទេ វាជាឆន្ទៈ និងការចង់បានឲ្យមានការផ្លាស់ប្តូររបស់ប្រជាជន នេះជាចម្លើយរបស់លោកអាប់ឌូឡា យ៉ាមីន៕
