អ៊ីស្រាអែល៖ ប្រព័ន្ធមីស៊ីលការពារដែនអាកាស ធុន S-300 នៅក្នុងអំឡុងសមយុទ្ធនៅរុស្ស៊ីកាលពីឆ្នាំ២០១៦ថ្ងៃចន្ទ ២៤ កញ្ញា រុស្ស៊ី បានប្រកាសជាផ្លូវការថា នឹង ពង្រឹង ប្រព័ន្ធការពារដែនអាកាស ប្រទេសស៊ីរី ជាសម្ព័ន្ធមិត្តខ្លួន គឺ ក្រោយពីយន្ដហោះរុស្ស៊ី បាញ់កំទេចទាំងភាន់ច្រឡំដោយ មីស៊ីលស៊ីរី។ មូលហេតុភាន់ច្រឡំនេះ តាមវិមានក្រេមឡាំង គឺ បណ្តាលមកពីទង្វើ” គិតទុកជាមុន “ ដោយអ៊ីស្រាអែល។ ដើម្បីពង្រឹងសមត្ថភាពការពារដែនអាកាសស៊ីរី ស្របនឹងការសម្រេចចិត្តលោកពូទីន ម៉ូស្គូនឹងបញ្ជូន ទៅស៊ីរី ក្នុងពីរសប្តាហ៍ខាងមុខ គឺ ប្រព័ន្ធមីស៊ីលធុន S-300 ទាំងប្រថុយលង់ខ្លួន ក្នុងវិបត្តិជាមួយ អ៊ីស្រាអែល។
មួយសប្តាហ៍ក្រោយពីយន្ដហោះយោធាធុន IL-20 របស់រុស្ស៊ី ត្រូវបានបំផ្លាញ នៅ ពីលើសមុទ្រមេឌីទែរ៉ាណេ ដោយមីស៊ីលការពារដែនអាកាសស៊ីរី បណ្តាលឲ្យស្លាប់នាយទាហានរុស្ស៊ី អស់ ១៥ នាក់ វិមានក្រេមឡាំង ដែលពីដើមទីហាក់បង្ហាញជំហរចង់សម្រុះសម្រួលជាមួយអ៊ីស្រាអែល បានបន្តឹងវោហារខ្លួនលើអ៊ីស្រាអែល ដែលបានទម្លាក់គ្រាប់បែកនៅតំបន់ប្រតិបត្តិការនៃ យន្ដហោះរុស្ស៊ីនោះ និងដែលមិនបានខិតខំ ពន្យល់បំភ្លឺ ឲ្យម៉ូស្គូជឿតាមឡើយ។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Serguei Shoigou ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍ បានលំអិតអំពី វិធានការ ចាត់ដោយម៉ូស្គូ ដើម្បីពង្រឹងយ៉ាងច្បាស់លាស់មែន សមត្ថភាពការពារដែនអាកាស នៃរបប លោក Bachar al- Assad ។ គាត់ព្រមានជាអាទិ៍ថា វិធានការទាំងនេះ នឹងបញ្ចៀសកុំឲ្យមានទៀត នូវទង្វើខ្វះការពិចារណា ដែលពាំនាំជាគ្រោះថ្នាក់ដល់ពួកទាហានរុស្ស៊ី។ ក្នុងករណី ផ្ទុយពីនេះ រុស្ស៊ីនឹងប្រតិកម្ម ទៅតាមស្ថានការណ៍ជាក់ស្តែង”។
លោករដ្ឋមន្រ្តីការពារជាតិរុស្ស៊ីក៏បានឲ្យដឹងផងដែរថា នៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ កងទ័ពស៊ីរី នឹងទទួលបានប្រព័ន្ធមីស៊ីលការពារដែនអាកាសទំនើបធុន S-300 ដែលក្នុងឆ្នាំ ២០១៣ ត្រូវបានរុស្ស៊ីផ្អាកមិនបញ្ជូនទៅឲ្យស៊ីរី ដោយថែមទាំងបង្វែរប្រាក់កក់ ៤០០ លាន ដុល្លារ ទៅឲ្យស៊ីរីវិញទៅផង ដោយសារតែពេលនោះមានការជំទាស់ពីខាងអ៊ីស្រាអែល ដែលធ្លាប់តែមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។
លោក Serguei Shoigou សង្កត់ធ្ងន់ថា ប្រព័ន្ធ S-300 អាចស្កាត់ចាប់អ្វីៗដែលហោះក្នុងអាកាស នៅចម្ងាយដល់ជាង ២៥០ គម និង អាចកំទេចក្នុងពេលជាមួយគ្នា ទីដៅជាច្រើន ក្នុងអាកាស។
បច្ចុប្បន្ន រុស្ស៊ី បានដាក់ប្រព័ន្ធ S-300 ឲ្យប្រចាំការនៅក្បែរមូលដ្ឋានកងនាវាខ្លួន ត្រង់តំបន់ផែស៊ីរី Tartous មាត់សមុទ្រ មេឌីទែរ៉ាណេ និងប្រព័ន្ធ S-400 ដែលទំនើបជាង គឺ នៅតំបន់មូលដ្ឋានកងអាកាសរុស្ស៊ី Hmeinim ប៉ែកខាងលិចប្រទេសស៊ីរី។
លោក វ៉្លាឌីមៀរ ពូទីន បានជូនដំណឹង ស្តីអំពីវិធានការខាងលើរបស់រុស្ស៊ី ដល់ លោក Bachar al- Assad គឺ នៅពេលសន្ទនាតាមទូរសព្ទ ជាលើកទី១ រវាងប្រធានាធិបតីទាំងពីរ ក្រោយពីយន្ដហោះរុស្ស៊ីត្រូវបាន កំទេច មួយសប្តាហ៍មុន។ អ្នកនាំពាក្យវិមានក្រេមឡាំង លោក ឌ្មីទ្រី ពេស្កូវ គូសបញ្ជាក់ថា ការផ្តល់ទៅឲ្យស៊ីរី ប្រព័ន្ធ S-300 ឥត តម្រង់ប្រឆាំងប្រទេសទីបីណាឡើយ ប៉ុន្តែ ទុកសម្រាប់តែ ការពារពួកយោធារុស្ស៊ី នៅទីនោះប៉ុណ្ណោះ។
ពីខាងអ៊ីស្រាអែលវិញ លោកនាយករដ្ឋន្រ្តីបេនយ៉ាមីន នេតាន់យ៉ាហ៊ី បានប្រាប់លោកពូទីនតាមទូរស័ព្ទ កាលពីយប់ថ្ងៃចន្ទថា ការបញ្ជូនប្រព័ន្ធមីស៊ីលទំនើបទៅឲ្យរបបដឹកនាំ “ដែលខ្វះការទទួលខុសត្រូវ” ដូចជាស៊ីរីនេះ អាចនឹងធ្វើឲ្យស្ថានការណ៍នៅក្នុងតំបន់កាន់តែធ្លាក់ក្នុងគ្រោះថ្នាក់ថែមទៀត៕
