ភ្នំពេញ៖ មន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី ២៥ កញ្ញា នេះ បានព្រមានចាត់វិធានការច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ក្នុងករណីលក់ដីឡូតិ៍ខ្យល់ ឬ លក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។ ការព្រមាននេះ គឺចំពេលដែលវិស័យនេះ កំពុងមានសន្ទុះខ្លាំងនៅក្នុងប្រទេសកម្ពុជា។
ការព្រមាននេះ បានធ្វើឡើងនៅក្នុងពេលក្រសួងនេះ បានផ្សព្វផ្សាយពី ប្រកាសស្តីពី ការអភិវឌ្ឍដី នៅឯក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី ២៥ កញ្ញា នេះ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងអភិបាលខេត្តក្រុងនានានៃប្រទេសកម្ពុជា។
លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអគ្គលេខាធិការគណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មថ្នាក់ជាតិ តំណាងឲ្យលោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានអះអាងថា មន្រ្តីជំនាញក្រសួងរៀបចំដែនដី នឹងចាត់វិធានការតាមផ្លូវច្បាប់ លើអ្នកលក់ដីឡូតិ៍ទាំងឡាយ ចំពោះករណីលក់ដីឡូតិ៍ខ្យល់ ឬលក់ដីឡូតិ៍ដែលមិនបានចុះបញ្ជីត្រឹមត្រូវ។
គួរជំរាបជូនថា ការព្រមាននេះ គឺធ្វើឡើងចំពេលដែលវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន កំពុងមានសន្ទុះខ្លាំងឡើង និយាយជារួម និងនិយាយដោយឡែក គឺវិស័យដីធ្លីដែលពុះដីឡូតិ៍នេះតែម្តង។ បើតាមលោក ប៉ែន សុផល បច្ចុប្បន្ននេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទើបបានអនុម័តលើប្រកាសមួយ ស្តីពីការអភិវឌ្ឍដី។
បន្ទាប់ពីប្រកាសនេះត្រូវបានឲ្យអនុវត្ត នោះការអភិវឌ្ឍដីទាំងអស់រួមទាំងការពុះដីឡូតិ៍ ដែលជាគម្រោងមួយនៅក្នុងការអភិវឌ្ឍដីនោះ ក៏ត្រូវតែសុំច្បាប់អនុញ្ញាតពីក្រសួងរៀបចំដែនដី ឬក៏ពីសាលារាជធានី-ខេត្ត ឬក៏ពីសាលាក្រុង-ស្រុក-ខណ្ឌ ទៅតាមទំហំសមត្ថកិច្ចផងដែរ។
ក្រៅពីការព្រមានដាក់ទណ្ឌកម្ម ដល់អ្នកលក់ដីឡូតិ៍បោកប្រាស់ហើយនោះ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានអំពាវនាវឲ្យអ្នកទិញដីទាំងអស់ ត្រូវតែពិនិត្យឲ្យបានច្បាស់លាស់ថា តើដីដែលខ្លួនត្រូវទិញនោះ ជាដីដែលមានការចុះបញ្ជីត្រឹមត្រូវ និងច្បាស់លាស់ ដែរឬទេ?
សូមបញ្ជាក់ថា ដោយសារតម្លៃទីផ្សារដីធ្លីនៅក្នុងប្រទេសកម្ពុជាកំពុងមានសន្ទុះកើនឡើង បញ្ហាការតវ៉ាដោយសារដីធ្លី ក៏កំពុងក្លាយជាក្តីព្រួយបារម្ភរបស់អាជ្ញាធរផងដែរ៕